ប៉ូលិស​ថៃ​២​នាក់​ត្រូវបាន​ចាប់​ពង្រត់​និង​បាញ់​សម្លាប់​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​

560
ចែករម្លែក
  • 220
    Shares

​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២៧​ខែ​កុម្ភៈ​ថា ប៉ូលិស​ថៃ​២​នាក់​ត្រូវបាន​សម្លាប់​បន្ទាប់ពី​ត្រូវបាន​ចាប់ពង្រត់​ចេញពី​ហាង​តែ​មួយ​នៅក្នុង​តំបន់​ព្រំដែន​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ ខណៈពេល​ដែល​ការ​បង្ហូរឈាម​កើត​ឡើង​ជា​ថ្មី​នៅក្នុង​ការបះបោរ​ប្រឆាំង​អស់​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​ឧទ្ទាម​ជនជាតិភាគតិច​មូស្លីម​ម៉ាឡេ និង​កងកម្លាំង​មក​ពី​រដ្ឋ​ថៃ​ដែល​ភាគច្រើន​កាន់​សាសនាព្រះពុទ្ធ​នេះ ដែល​បាន​កើតឡើង​នៅ​តំបន់​នេះ​មួយ​សតវត្សរ៍​​កន្លងទៅនេះ បាន​សម្លាប់​មនុស្ស​ជិត​៧.០០០​នាក់​ចាប់​តាំងពី​ឆ្នាំ ២០០៤​មក​ដោយ​ភាគច្រើន​ជា​ជន​ស៊ីវិល​។​

​ចំនួន​អ្នក​ស្លាប់​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​កាលពី​ឆ្នាំមុន ដោយសារ​របប​យោធា​ថៃ​បាន​ពង្រឹង​សន្តិសុខ​ហើយ​ការវាយប្រហារ​ទៅលើ​ជន​ស៊ីវិល​កាន់តែ​តិច​ទៅ​។​

​ប៉ុន្តែ​អំពើហិង្សា​ដែល​កើនឡើង​កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​បាន​សម្លាប់​មេដឹកនាំ​សាសនា​អ៊ីស្លាម​និង​ព្រះសង្ឃ​ពុទ្ធសាសនា​ច្រើន​នាក់​និង​វាយប្រហារ​កងកម្លាំង​សន្តិសុខ​ដែល​ការពារ​សាលារៀន​។​

​លោក Sarayuth Khotchawong​មន្ត្រី​យោធា​ថៃ បាន​ប្រាប់ សារព័ត៌មាន​AFP ថា​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កុម្ភៈ​មនុស្ស​ដែល​ត្រូវ​បាន​សង្ស័យ​ជា​ជន​សកម្មប្រយុទ្ធ​៨​នាក់​បាន​សម្រុក​​ចូល​ហាង​តែ​នៅ​ខេត្ត​ណារ៉ាត​ធី​វ៉ាត ជិត​ព្រំដែន​ម៉ាឡេស៊ី​។ ” ពួក​អ្នក​ចាប់ពង្រត់​ចាប់ពង្រត់​ប៉ូលិស​២​នាក់ ដក​យក​កាំភ្លើង​របស់​ពួកគេ​ហើយ​បង្ខំ​ពួកគេ​ឱ្យ​ឡើង​រថយន្ត​pick-up មួយ​។​

​លោក​បាន​បន្តថា ” ក្រោយមក សាកសព​ទាំងនោះ ត្រូវបាន​រកឃើញ​នៅ​ចម្ងាយ​ប្រហែល​ពីរ​បី​រយ​ម៉ែត្រ​ពី​កន្លែង​ចាប់ពង្រត់​នោះ​។ ម្នាក់​នៃ​អ្នករងគ្រោះ​ទាំងនេះ គឺ​អ្នក​កាន់​​សាសនាព្រះពុទ្ធ ខណៈ​ដែល​ម្នាក់​ទៀត ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​”៕ដោយ៖សុខា/sn

សាកសព​នៃ​ប៉ូលិស​ថៃ​២​នាក់ ត្រូវបាន​រកឃើញ​នៅ​ជិត​ហាង​តែ​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ជា​ទី​ដែល​ពួកគេ​ត្រូវបាន​ចាប់ពង្រត់​

រថយន្ត​pick-up​ដែល​ត្រូវបាន​លួច​និង​ប្រើ​ក្នុងការ​ចាប់ពង្រត់​និង​សម្លាប់​ប៉ូលិស​នៅ​ស្រុកចូ អាយ​រ៉ុង​ក្រោយមក​ត្រូវបាន​រកឃើញ​ដុត​ខ្ទេច​នៅ​ស្រុក​មួយ​ជិត​នោះ​