ប៉ូលិស​ថៃៈ ថៃ​មិន​ផ្តល់​ទិដ្ឋាការដល់​សម រង្ស៊ី ទេ​បើ​…

5214
ចែករម្លែក

​នាយ​ប៉ូលិស​ជាន់ខ្ពស់​ថៃ​ម្នាក់​បាន​និយាយថា សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ត្រូវ​ផ្តល់ជូន​ទិដ្ឋាការឲ្យ​ចូល​ថៃ​ទេ បើ​គាត់​មានបំណង​បង្កចលាចល​នៅ​​ថៃ​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ដឺ​ណេ​សិន​របស់​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​តុលា​។​

​គេហទំព័រ​MGR Online​របស់​ថៃ កាលពី​ថ្ងៃ​អង្គារ បាន​ស្រង់​សម្តី​ឧត្តមសេនីយ៍ឯក ស៊ូ​វ៉ាត ឆែង​យុ​តស៊ុក ជំនួយការ​មេ​ប៉ូលិស​ជាតិ​ថៃ ដែល​បាន​និយាយថា ទណ្ឌិត សម រង្ស៊ី នឹង​​ជួបជុំ​អ្នកគាំទ្រ​នៅ​ថៃ មុន​ជំនួប​កំពូល​របស់​មេដឹកនាំ​អាស៊ាន​មួយ​នៅក្នុង​បាងកក​នៅ​ដើម​ខែ​ក្រោយ​នេះ​។​

​សូមបញ្ជាក់​ថា ទណ្ឌិត សម រង្ស៊ី បាន​ប្រកាស​ថា​នឹង​វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​៩​វិច្ឆិកា ដើម្បី​ចាប់​នាយករដ្ឋមន្ត្រី​កម្ពុជា​ដោយ​ប្រើ​«​អំណាច​ប្រជាជន​»​តែ​តាម​ពិត​ជា​គម្រោង​ធ្វើ​រដ្ឋ​ប្រ​​ហារ​សុទ្ធសាធ ។​

​លោក​ស៊ូ​វ៉ាត បាន​និយាយថា ខណៈ​ដែល​គេ​នៅ​មិនទាន់​ដឹង​ផែនការ​របស់​ជន​នេះ​ឲ្យ​ប្រាកដ ប៉ូលិស​ថៃ​បានទទួល​ព័ត៌មាន​ថា សម រង្ស៊ី មានបំណង​«​ធ្វើ​សកម្មភាព​»​ក្នុងអំឡុង​​ជំនួប​កំពូល​អាស៊ាន​លើ​ក​ទី​៣៥​នៅ​បាងកក​ចាប់ពី​ថ្ងៃ​៤​ទៅ​៥​វិច្ឆិកា។ ដូច្នេះ​ប៉ូលិស​បាន​ត្រៀមកម្លាំង​១០.០០០​នាក់​ជា​ស្រេច​។​

​លោក​បាន​បញ្ជាក់ថា «​យើង​ទទួល​ព័ត៌មាន​ថា អាច​មាន​ក្រុម​មួយ​មាន​គម្រោង​ធ្វើ​បាតុកម្ម តែ​ប៉ូលិស​ត្រៀម​វិធានការ​ជាស្រេច​។​បើ​គាត់​(​សម រង្ស៊ី​)​មានបំណង​ធ្វើឲ្យ​ប៉ះពាល់​​សន្តិសុខ​ជាតិ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ថៃ​ទេ​»​។​

​ការលើកឡើង​របស់​នា​យ​ប៉ូលិស​ថៃ​នេះ​ បាន​កើតឡើង​បន្ទាប់​ពី​ទណ្ឌិត សម រង្ស៊ី បាន​ប្រកាសថា​ខ្លួន​មានបំណង​វិល​មក​កម្ពុជា​តាម​ព្រំដែន​ថៃ ក្រោម​ការ​អមដំណើរ​ពី​ពលកម្ម​ខ្មែរ​​ធ្វើការ​នៅ​ថៃ​។​

​ក្នុងជំនួប​មួយ​នៅ​ក្រុង​បែ​ល​ក្រា​ត ប្រទេស​ស៊ែ​ប៊ី កាលពី​ថ្ងៃ​ចន្ទ ទណ្ឌិត សម រង្ស៊ី បាន​បញ្ជាក់​ប្រាប់​ក្រុមមនុស្ស​ថា​«​ខ្ញុំ​មាន​បំណង​វិល​ទៅ​កម្ពុជា​តាម​ថៃ​។​ពលករ​ខ្មែរ​២​លាន​នាក់​កំ​​ពុង​រស់នៅ​ទីនោះ​…​ពួកគេ​ជាច្រើន​ចង់​ចូលរួម​ជាមួយ​ខ្ញុំ​ដើរ​កាត់​ព្រំដែន​ចូល​កម្ពុជា​»​។​

​ឆ្លើយតប​នឹង​ព័ត៌មាន​ខាងលើ​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ីផា​ន បាន​និយាយថា រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​និង​ថៃ ។​«​ការប្រកាស​របស់​ថៃ​នេះ​បង្ហាញថា ថៃ​ប្រកាន់​គោលការណ៍​មិន​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តែ​យើង​មិនដឹង​ថា​ព័ត៌មាន​នេះ​ពិត​ឬ​មិន​ពិត​ទេ​»​។​

​សូម​រម្លឹកថា ក្នុងពេល​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បាន​បញ្ជូន​ដីកាចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក ទៅកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន រួចរាល់​ហើយ​៕​ប្រែ​សម្រួល​ដោយ​៖​វាសនា/Ha