ប៉ូលិស​នឹង​បញ្ជូន​ខ្លួន​លោក​ញឹក ប៊ុនឆៃ ទៅ​តុលាការ​ថ្ងៃនេះ​

1039
ចែករម្លែក

(​ភ្នំពេញ​)៖​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​រស្មី​​កម្ពុជា មុននេះ​បន្តិច​ថា សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​លោក​ញឹក ប៊ុនឆៃ ទៅ​តុលាការ​នៅ​ថ្ងៃទី​០៥ ខែសីហា ប៉ុន្តែ​មិនទាន់​ដឹងថា​ត្រូវបញ្ជូន​​ទៅ​នៅ​ម៉ោង​ប៉ុន្មាន​ទេ​។​

​លោក​បាន​បញ្ជាក់ថា ខាង​សមត្ថកិច្ច​កំពុងតែ​ខិតខំ​បំពេញ​អ្វីដែល​តុលាការ​បានផ្តល់​មកអោយ​បំពេញ​ក្នុង​កិច្ចការងារ​ស្រាវជ្រាវ​ហើយ​​ឥឡូវ​ខិតខំ​បំពេញ​ឯកសារ​ទាំងអស់​ដែល​ព្រះរាជអាជ្ញា​បង្គាប់​អោយ​ស្រាវជ្រាវ​។ ហើយ​ថ្ងៃនេះ​បូកសរុប​របាយការណ៍​បញ្ជូន​អោយ​តុលាការ ដោយ​ឯកសារ​បាន​ស្រាវជ្រាវ​រួចរាល់​។​

​ទាក់ទង​ការចុះ​ឆេ​ក​ឆេរ​ផ្ទះ​លោក​ញឹក ប៊ុនឆៃ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​វា​កំពុង​ស្ថិតនៅ​ចំ​​ណាត់​ការ​របស់​ព្រះរាជអាជ្ញា​។​

ញឹក ប៊ុនឆៃ ត្រូវបានបញ្ជូនទៅកាន់ស្នងការរាជធានីភ្នំពេញ

​លោក​ញឹក ប៊ុនឆៃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​កែច្នៃ​គ្រឿងញៀន និង​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ ការចាប់ខ្លួន​លោក​ញឹក ប៊ុនឆៃ​បានធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃត្រង់ កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​។​

​សូមជម្រាបថា ពាក់ព័ន្ធ​ករណីនេះ គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០០៧ នឹង​បន្ត​រហូតមកដល់​ឆ្នាំ​២០១២​ដោយ​សមត្ថ​​កិច្ច​បាន​ចាប់ខ្លួន​លោក ជា ជុង ទីប្រឹក្សា​របស់លោក​ញឹក ប៊ុនឆៃ និង​មានការ​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​ជាច្រើន​នាក់​ទៀត​រួមទាំង​ជនជាតិ​​ចិន​មួយចំនួន​ផងដែរ​។ ជន​ចាប់​ចោទ ជា ជុង បាន​ជួល​ដី​ទំហំ ៥​ហិកតា នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បី​រក្សាទុក​សារធាតុ​ទាំងនោះ​។​

​កាលពី​ខែមករា ឆ្នាំ​២០០៨ តុលាការក្រុង​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ហួង ជាប់គុក​មួយជីវិត និង​ផាកពិន័យ​ចំនួន ១០០​លាន​រៀល​។ តុលាការ​បាន​កាត់ទោស​ឈ្មោះ ជា ជុង ឲ្យ​ជាប់ពន្ធនាគារ​២៥​ឆ្នាំ និង​ផាកពិន័យ​ចំនួន ១​លាន​រៀល ស្មើនឹង​២៥០​ដុល្លារ​​អាមេរិក ក្រោម​បទ​ផលិត​គ្រឿងញៀន និង​ជួញដូរ​គ្រឿងញៀន ក្រោយពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ស្រាវជ្រាវ​រកឃើញថា មាន​សារធាតុ​ផ្សំ​គ្រឿងញៀន​ចំនួន​សរុប​៦​តោន រក្សាទុក​នៅក្នុង​កសិដ្ឋាន​មួយ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​ខែមេសា ឆ្នាំ​២០០៧​។​

​ក្រៅពីនេះ តុលាការក្រុង​ភ្នំពេញ បាន​កាត់ទោស​ជនជាតិ​ចិន ចំនួន ៥​នាក់​ទៀត​ឲ្យ​ជាប់គុក​រវាង ២០​ឆ្នាំ ទៅ ២៥​ឆ្នាំ​។​ដោយឡែក​ជន​ជាប់​​ចោទ​ឈ្មោះ អ៊ុំ ឆាយ បានធ្វើ​អត្តឃាត​នៅពេល​កំពុង ឃុំខ្លួន​នៅ​ក្រសួងមហាផ្ទៃ នៅ​ឆ្នាំ​២០០៧ កន្លងទៅ​៕​ដោយៈ មុនី​រ័ត្ន​/sn​