ប៉ូលិស​នៅ​ខេត្ត​ប៉ាពួ​របស់​ឥណ្ឌូនេស៊ី ហាម​ដើរ​តវ៉ា​អនាធិបតេយ្យ បន្ទាប់ពី​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​

272
ចែករម្លែក

​ប៉ូលិស​នៅ​ខេត្ត​ប៉ាពួ ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ពី​ថ្ងៃ​ចន្ទ​ទី​០២​ខែកញ្ញា​នេះ​បាន​ហាមឃាត់​ការ​ធ្វើ​បាតុកម្ម​ដែល​អាច​នាំឱ្យ​មាន​សកម្ម​ភាពអនាធិបតេយ្យ​បន្ទាប់ពី​មាន​ការតវ៉ា​ទ្រង់​​ទ្រាយ​ធំ​អស់​ជិត​២​សប្តាហ៍​នៅ​ទឹកដី​ភាគ​ខាងកើត​នៃ​ប្រទេស​ជា​ប្រជុំ​កោះ​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​បទបញ្ជា​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​ប៉ូលិស​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​មនុស្ស​រាប់​សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កុបកម្ម​នៅ​ទីក្រុង​នៃ​ខេត្ត​នេះ​។​

​បទបញ្ជា​ដែល​មាន​៦​ចំណុច​នេះ​បាន​និយាយថា “​មនុស្ស​គ្រប់គ្នា​ត្រូវ​បាន​ហាមឃាត់​មិនឱ្យ​ធ្វើ​បាតុកម្ម​និង​បញ្ចេញ​មតិ​ជា​សាធារណៈ​ដែល​អាច​បង្ក​ឱ្យ​មាន​សកម្មភាព​អនាធិ​​បតេ​យ្យ បង្ក​ការខូចខាត​ការដុត​បំផ្លាញ​កន្លែង​សាធារណៈ និង​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​នានា​។​

​ខេត្ត​ប៉ាពួ​ដែល​ជា​តំបន់​ក្រីក្រ​នេះ បាន​ក្លាយជា​កន្លែង​បះបោរ​កម្រិត​ទាប​ប្រឆាំង​ការគ្រប់គ្រង​របស់​ឥណ្ឌូនេស៊ី​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ​។​

​កាលពី​ពេលមុន​នេះ ឥណ្ឌូនេស៊ី​បាន​និយាយថា​ខ្លួន​នឹង​បញ្ជូន​ប៉ូលិស​និង​កងទ័ព​ប្រមាណ​២.៥០០ នាក់​បន្ថែម​ទៀត​ទៅ​កាន់​ខេត្ត​ប៉ាពួ ដែល​ជា​ការបន្ថែម​ទៅលើ​កម្លាំង​សន្តិសុខ​​ប្រមាណ​១.២០០ នាក់​ដែល​ខ្លួន​បាន​បញ្ជូន​រួច​ហើយ​កាលពី​ពេលមុន បន្ទាប់​ពី​ភាពចលាចល​បាន​ផ្ទុះឡើង​ដោយ​កំហឹង​ចំពោះ​ការរើសអើង​ជាតិ​សាសន៍​និង​ទាមទារ​ឯករាជ្យភាព​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​បាតុករ​ជាង​មួយ​ពាន់​នាក់​បាន​គប់​ដុំ​ថ្ម​និង​បាន​ដុត​ហាង​ជាច្រើន​និង​អគារ​ប្រជុំ​មួយ​នៅ​ទីក្រុង​Jayapura នៃ​ខេត្ត​នេះ ។​

​រឿង​នោះ​បាន​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ការប៉ះទង្គិច​ដ៏​ខ្លាំង​នៅ​ផ្នែក​មួយ​ផ្សេង​ទៀត​នៃ​ខេត្ត​នេះ ដែល​មាន​ព្រំដែន​ជាមួយ​ប្រទេស​ប៉ាពួ​អាស៊ី​នូវែល​ហ្គី​ណេ​។​

​លោក Rudolf Rodja មេបញ្ជាការ​ប៉ូលិស​ប្រចាំ​តំបន់​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ដាច់ដោយឡែក​មួយ​នៅ​លើ​បណ្តាញ​សង្គម​Twitter នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ” ខ្ញុំ​នឹង​​មិន​ផ្តល់​ការអនុញ្ញាត​ឱ្យ​មាន​ការ​ប្រមូលផ្តុំ​គ្នា​ទៀត​ទេ ហើយ​ប្រសិនបើ​នរណា​ម្នាក់​ហ៊ាន​ព្យាយាម​ធ្វើ​ការប្រមូលផ្ដុំ​ម្តងទៀត​នោះ ពួកគេ​នឹង​ប្រឈម​នឹង​ចំណាត់ការ​ដ៏​ខ្លាំង​”៕ដោយ៖សុខា/sn

ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់ កាលពី​ថ្ងៃអាទិត្យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កុបកម្ម​នៅ​ទីក្រុង​Jayapura នៃ​ខេត្ត​ប៉ាពួ​