ប៉ូលិស​បញ្ជូន​សំណុំរឿង ថ្នាំពុល​កសិកម្ម ប្រមាណ​ជា ១០ តោន នាំចូល​មកពីវៀតណាម ទៅ​តុលាការ​

1385
ចែករម្លែក
  • 26
    Shares

​ដោយៈ​មុនី​រ័ត្ន​ /
​ភ្នំពេញៈ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​សំណុំរឿង បង្ក្រាប​ទំនិញ ចំនួន ១៣ មុខ ដែលជា​ប្រភេទ​ថ្នាំពុល​កសិកម្ម ដែលមាន​សារធាតុ​គីមី ប្រមាណ​ជា ១០ តោន នាំចូល​មកពី ប្រទេស​វៀតណាម ទៅកាន់​សាលាដំបូង ខេត្តកណ្តាល ដើម្បី​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់​។ ចំណែក​មនុស្ស​ចំនួន បី នាក់ ជា​ម្ចាស់​ទំនិញ ត្រូវបាន​ដោះលែង ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។

​កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយសមត្ថកិច្ច​ពាក់ព័ន្ធ បាន​បង្ក្រាប​ទំនិញ ចំនួន ១៣ មុខ ដែលជា​ប្រភេទ ថ្នាំពុល​កសិកម្ម ដែលមាន​សារធាតុ​គីមី ប្រមាណ​ជា ១០ តោន នាំចូល​មកពី​ប្រទេស​វៀតណាម កាលពី​ម៉ោង​ប្រហែល ១២ ថ្ងៃត្រង់ ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោយ​វត្ត​ពោធិ៍​យួន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។ ទំនិញ​ទាំងនេះ ឈ្មួញ​បាន​ដឹក​តាម​ទូក​ធំៗ ចំនួន​ពីរ​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាល​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា ករណីនេះ សមត្ថកិច្ច បាន​បញ្ជូន​សំណុំរឿង ទៅ​តុលាការ​ហើយ ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ចំពោះ​ទំនិញ ដែល​ហាមឃាត់ គឺ​ចាប់​ហើយ ត្រូវតែ​រឹបអូស​។ ថ្នាំ​សម្រាប់​កសិកម្ម​នេះ គឺ​បានប្រគល់ ទៅ​ឲ្យ​ខាង​មន្ទីរ​កិ​សកម្ម​គ្រប់គ្រង​។ រីឯ​ការសម្រេច​យ៉ាងណា​នោះ លើ​តុលាការ​។ ចំណែក​មនុស្ស បីនាក់ ដែល​បានហៅ​មក​សាកសួរ គឺ​បានអនុញ្ញាត ឲ្យ​ត្រឡប់​ទៅវិញ​ហើយ​។​

​លោក​បាន​បញ្ជាក់ថា ថ្នាំ​ដែល​បង្ក្រាប​មាន ១៣ មុខ ទម្ងន់​ប្រមាណ​ជា ១០ តោន​។ ហើយ​ថ្នាំ​ដែល​បង្ក្រាប គឺ​អត់​មានច្បាប់ និង​ខុសច្បាប់ ស្តីពី​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ នៅក្នុង​ច្បាប់ ដែល​ខុស​នោះ គឺ​ត្រង់​មាត្រា ៦៥ គាត់​អត់​បាន​ប្រើប្រាស់ ជា​ភាសា​ខ្មែរ ពីព្រោះ​ច្បាប់ អត់​ឲ្យ​ប្រើ​ជា​ភាសាបរទេស​ទេ​។ អត់​មានច្បាប់​ហើយ អត់​មាន​បញ្ជី​ការ​ទៀត​។​

​ចំណែក​លោក ឡេង ស្រេង អនុប្រធាននាយកដ្ឋាន​នីតិកម្ម និង​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងប្រាប់ រស្មី​កម្ពុជា​ថា ពាក់ព័ន្ធ​ករណីនេះ នីតិវិធី វា​ស្ថិតនៅក្នុង​ដៃ ព្រះរាជអាជ្ញា​ហើយ ហេតុនេះ ត្រូវ​សួរ​ទៅ​ព្រះរាជអាជ្ញា ទៅ ពីព្រោះ​ខាង​ប៉ូលិស បាន​បញ្ជូន​សំណុំ​រឿងនេះ ទៅ​ព្រះរាជអាជ្ញា​ហើយ​។ ចំពោះ​ម្ចាស់​ថ្នាំ ទាំងបី​នាក់ បានអនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ មិនមាន​ការឃាត់ខ្លួន​ទេ​។​

​លោក​បាន​បញ្ជាក់ថា “​ថ្នាំ​ដែល​ចាប់​នោះ ពាក់ព័ន្ធ​កសិកម្ម​ទាំងអស់ ប្រភេទ​ថ្នាំ​នឹង​វា​ពុល​ហើយ ពីព្រោះ​វា​សម្លាប់​សត្វល្អិត ថ្នាំ​កសិកម្ម វា​មាន​ប្រភេទ ទម្រង់​បំពុល ប្រភេទ​អស់​នឹង អត់​មាន​យកមក​ផឹក​អី​បានទេ​”​។ ហើយ​ថ្នាំ​ទាំងនោះ គឺ​មិនមែនជា​ប្រភេទ​ថ្នាំ ដែល​ហាមឃាត់​ទេ គឺជា​ថ្នាំ​នាំចូល​ខុសច្បាប់ និង​មិនមាន​ការចុះបញ្ជី​ការ ពី​ក្រសួង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រឹមត្រូវ​។

​ប្រភព​បាន​បញ្ជាក់ថា ថ្នាំពុល​ទាំងនេះ ដឹក​មកពី​វៀតណាម តាម​កាណូត ឆ្លងកាត់​តាម​ច្រករបៀង ព្រំដែន​ជ្រៃ​ធំ​។ បន្ទាប់ពី​បង្ក្រាប និង​ដកហូត​ថ្នាំ​គីមី​ពុល ទាំងនោះ សមត្ថកិច្ច​បាន​នាំយកមក ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល​។ ទំនិញ​ទាំងនេះ ពុំមាន​ច្បាប់​អនុញ្ញាត​នោះទេ​។ ចំណែក​ម្ចាស់​ចំនួន​បីនាក់ ត្រូវបាន​នាំខ្លួន មក​សាកសួរ នៅ​ស្នងការ​នគរបាល ខេត្តកណ្តាល​។ ប្រភព​បាន​ប្រាប់ថា ទំនិញ​ដែល​រកឃើញ ជា​ប្រភេទ​ថ្នាំពុល​គីមី បាញ់​លើ​ដំណាំ​កសិកម្ម​។​

​សេចក្តីរាយការណ៍ បាន​បង្ហើប​ឲ្យ​ដឹងថា ករណីនេះ ក្រុម​ឈ្មួញ បាន​រកស៊ី​មុខរបរ​នេះ ជា​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ដោយមាន​ការឃុបឃិត ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ទើប​មិនមាន​ការបង្ក្រាប​។ ឈ្មួញ​ធំ​ឈ្មោះ ហៀ ប៉ាក់​ឆេង មាន​ទីលំនៅ នៅ​ភូមិ​លេខ​៦ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​៕v

ប្រភេទ​ថ្នាំពុល​កសិកម្ម ដែលមាន​សារធាតុ​គីមី ប្រមាណ​ជា ១០ តោន នាំចូល​មកពី​វៀតណាម​