ប៉ូលិស​បាញ់​សម្លាប់​ជន​ចាប់រំលោភ​សាហាវ​៤​នាក់​នៅ​ឥណ្ឌា​

403
ចែករម្លែក

​បុរស​៤​នាក់​ដែល​ជាប់​សង្ស័យ​ថា​ចាប់រំលោភ​និង​សម្លាប់​ស្ត្រី​ជា​បសុពេទ្យ​ម្នាក់​នៅ​ទីក្រុង​ហាយដេ​រ៉ា​បាត​កាលពី​សប្តាហ៍​មុន ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​សុក្រ​ទី​៦​ធ្នូ ដោយសារតែ​​ពួកគេ​ព្យាយាម​ដណ្តើម​កាំភ្លើង​ពី​ប៉ូលិស​និង​គេចខ្លួន ក្នុងពេល​ប៉ូលិស​នាំ​ពួកគេ​ទៅកាន់​កន្លែង​ប្រព្រឹត្ត​បទល្មើស​ដើម្បី​ត្រាប់​សកម្មភាព​ប្រាប់​ប៉ូលិស​។​

​សូមបញ្ជាក់​ថា សាកសព​ឆេះ​រោល​នៃ​វេជ្ជបណ្ឌិត​ជា​ពេទ្យសត្វ​វ័យ​២៧​ឆ្នាំ​ត្រូវបាន​ប្រទះឃើញ​កាលពី​សប្តាហ៍​មុន​នៅ​ក្រោម​ស្ពាន​អាកាស​ដាច់ស្រយាល​មួយ​ក្នុង​ក្រុង​ហាយដេ​រ៉ា​បាត​​បន្ទាប់​ពី​បាត់​ខ្លួន​នាង​អស់​មួយ​យប់​។​

​ក្រោយ​ឧបទ្ទវហេតុ​រកឃើញ​សាកសព​ដែល​ត្រូវ​គេ​ដុត​នេះ បុរស​៤​នាក់​ត្រូវបាន​ចាប់ខ្លួន ហើយ​ពួកគេ​បាន​សារភាព​ថា​ចាប់រំលោភ​នាង​មែន​។​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក ជន​​រងគ្រោះ​បាន​ខូច​ទោចក្រយានយន្ត​ដែល​នាង​ជិះ​និង​បាន​ជួប​បុរស​មួយ​ក្រុម​ខាងលើ​ដែល​សន្យា​នាំ​នាង​ទៅកាន់​កន្លែង​ជួសជុល​ទោចក្រយានយន្ត​តែ​ពួកគេ​នាំគ្នា​ចាប់រំលោភ​នាង​​ពេល​ទៅដល់​កន្លែង​ស្ងាត់​។​

​ករណី​ចាប់​រំលោភ​សម្លាប់​ចុងក្រោយ​នេះ​បាន​បង្ក​ការតវ៉ា​ប្រឆាំង​នៅ​ជាច្រើន​កន្លែង​នៅ​ឥណ្ឌា ដើម្បី​អោយ​មាន​វិធានការ​តឹងរឹង​ឡើងលើ​ពួក​ចាប់រំលោភ​ដោយសារ​តែ​របាយការណ៍​​អំពី​ការរំលោភ​ផ្លូវភេទ​នៅ​ឥណ្ឌា​ហាក់​មិន​ស្រក​ចុះ​សោះ​ទោះ​ជា​រដ្ឋាភិបាល​បាន​ចេញ​ច្បាប់​ដាក់ទោស​អ្នកប្រព្រឹត្ត​តឹងរឹង​ជាង​មុន​ក្តី​។​

​មន្ត្រីប៉ូលិស​ម្នាក់​បាន​និយាយថា ជនសង្ស័យ​ទាំង​៤ ត្រូវ​ប៉ូលិស​បាញ់សម្លាប់​ដោយ​សារ​ព្យាយាម​ដណ្តើម​កាំភ្លើង​និង​រត់គេច​ពី​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃ​សុក្រ តែ​ប៉ូលិស​២​នាក់​ក៏​បាន​រង​​របួស​៕​ដោយ​៖​វាសនា​