ប៉ូលិស​បាញ់​សម្លាប់​បាតុករ​ឥណ្ឌា ដែល​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​

316
ចែករម្លែក

​ប៉ូលិស​នៅ​ឥណ្ឌា​ភាគ​ឦសាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ធ្នូ​ បាន​បាញ់​លើ​ហ្វូង​មនុស្ស​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ពង្រាង​ច្បាប់​សញ្ជាតិ​ថ្មី​មួយ ដោយ​បាន​សម្លាប់​មនុស្ស​២​នាក់ និង​របួស​ជាច្រើន​នាក់​។​

​ប៉ូលិស​មូលដ្ឋាន​ ​រួម​ជាមួយ​ទាហាន​ បាន​ប៉ះទង្គិច​ជាមួយ​បាតុករ ដែល​បំពាន​បម្រាម​គោចរ​នៅ​ក្រុង ហ្គូ​វ៉ា​ហា​ទី ក្នុង​រដ្ឋ​អា​សាម ​ដោយ​បាន​បាញ់​លើ​ហ្វូងមនុស្ស នៅពេល​អាជ្ញាធរ​​សហព័ន្ធ​បាន​ដាក់ពង្រាយ​ទាហាន​រាប់ពាន់នាក់ និង​បាន​បិទ​សេវា​អ៊ិន​ធឺ​ណិ​ត​នៅក្នុង​តំបន់​ដើម្បី​ទប់ទល់​នឹង​ពួក​អ្នក​ប្រឆាំង​តវ៉ា​។​

​ពង្រាង​ច្បាប់​វិសោធនកម្ម​សញ្ជាតិ​ដែល​សភា​អនុម័ត​កាលពី​ថ្ងៃ​ពុធ​និង​រង់ចាំ​តែ​ប្រធានាធិបតី​ចុះហត្ថលេខា​ដើម្បី​ក្លាយជា​ច្បាប់អនុញ្ញាតឲ្យ​មាន​ការចុះ​ឈ្មោះ​សុំ​សញ្ជាតិ​​ពី​សមាជិក​ក្រុម​ជនជាតិភាគតិច​នៃ​សាសនា​ផ្សេងៗ​មកពី​បណ្តា​ប្រទេសជិតខាង លើកលែងតែ​អ្នក​កាន់​សាសនា​អ៊ីស្លាម​។​

ទាហាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ក្នុងអំឡុង​ការតវ៉ា​ប្រឆាំង​នៅ​ក្រុង ហ្គូ​វ៉ា​ហា​ទី កន្លែង​ដែល​មនុស្ស​២​នាក់​ត្រូវបាន​បាញ់សម្លាប់​

កំហឹង​អំពី​ពង្រាង​ច្បាប់​សញ្ជាតិ បង្ក​អោយមាន​ការតវ៉ា​ប្រឆាំង​អស់​ពេល​ជាច្រើន​ថ្ងៃ​មក​ហើយ​នៅ​ឥណ្ឌា​ភាគ​ឦសាន​

​រ៉ា​ស​មិន តា​លូ​កដា វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​មួយ​បាន​និយាយថា​«​មនុស្ស​មួយចំនួន​ត្រូវបាន​នាំ​ចូល​ដោយ​ត្រូវរបួស​ពី​ការបាញ់​។​២​នាក់​ក្នុងចំណោម​អ្នករបួស​២១​នាក់​បាន​ស្លាប់​»​។​

​សម្រាប់​ក្រុម​កាន់សាសនា​អ៊ីស្លាម ក្រុម​ប្រឆាំង ក្រុម​សិទ្ធិ​មនុស្ស​និង​អ្នក​ផ្សេង​ទៀត​នៅ​ឥណ្ឌា​យល់ឃើញថា​ ច្បាប់​ថ្មី​នេះ​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​របស់​នាយ​ក​រដ្ឋមន្ត្រី​ជាតិនិយម​​ហិណ្ឌូ​ លោក ណា​រេ​នដ្រា ម៉ូ​ឌី ដើម្បី​ផាត់​ចោល​ជន​អ៊ីស្លាម​២០០​លាន​នាក់​នៅ​ឥណ្ឌា​។ ទោះជា​យ៉ាងណា លោក​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​ចំណែក​ប្រជាជន​នៅ​ភាគ​ឦសាន​ប្រទេស ភ័យខ្លាច​ច្បាប់​នេះ​នឹង​ផ្តល់​សញ្ជាតិ​ដល់​ជនអន្តោប្រវេសន៍​ហិណ្ឌូ​មក​ពី​បង់​ក្លា​ដែស​។​

​ទាហាន​៥​ពាន់​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ក្រុង ហ្គូ​វ៉ា​ហា​ទី ដោយ​ផ្លូវថ្នល់​និង​ផ្លូវ​ហាយវ៉េ ជាច្រើន​បាន​បិទ​ដើម្បី​រារាំង​កុំឲ្យការតវ៉ា​ប្រឆាំង​រាលដាល​។​ពួក​មន្ត្រី​បាន​និយាយថា​​ មនុស្ស​២០​ទៅ​៣០​នាក់​បាន​រងរបួស​នៅក្នុង​បាតុកម្ម​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​រថយន្ត​ជាច្រើន​ត្រូវ​បាន​ដុត​បំផ្លាញ​និង​ប៉ូលិស​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ដេញ​វាយ​បាតុករ​៕ដោយ៖វាសនា/Ha