ប៉ូលិស​បារាំង ដែល​ដោះដូរ​ខ្លួន​គាត់​ធ្វើជា​ចំណាប់ខ្មាំង​ជំនួស​ជនរងគ្រោះ​នោះ បាន​ស្លាប់​ហើយ​

1281
ចែករម្លែក

​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ទី​២៤​មីនា​ថា មន្ត្រីប៉ូលិស​បារាំង​ម្នាក់​ដែល​ប្រគល់​ខ្លួន​គាត់​ឱ្យទៅ​ជនប្រដាប់អាវុធ​ជ្រុលនិយម​ដើម្បី​ដោះដូរ​គ្នា​ជាមួយ​ចំណាប់ខ្មាំង​ម្នាក់​នោះ បាន​ស្លាប់​ដោយសារ​របួស​។​

​លោក​វរសេនីយ៍ឯក អានូដ ប៊ែ​ល​ត្រា​មេ (Arnaud Beltrame) គឺ​ស្ថិត​ក្នុងចំណោម​មន្ត្រី​ដំបូង​គេ​ដែល​ធ្វើការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​មកលើ​ផ្សារ​ទំនើប​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សុក្រ​។ ការស្លាប់​របស់គាត់ ដែល​ប្រកាស​ដោយ​លោក ជើ​រ៉ាត់ ខូ​ឡំ (Gerard Collomb) រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង បាន​នាំឱ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់ ៤ នាក់​។ ខ្មាន់កាំភ្លើង​ក៏ត្រូវ​បានសម្លាប់​ផងដែរ ហើយ​មនុស្ស ១៥ នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​នេះ​។​

​ខ្មាន់កាំភ្លើង​រូបនោះ​ដំបូង​បាន​ប្លន់​រថយន្ត​មួយ​ហើយ​បើក​ការបាញ់ប្រហារ​ទៅលើ​ប៉ូលិស បន្ទាប់មក​បាន​ចាប់​ចំណាប់ខ្មាំង​នៅក្នុង​ផ្សារ​ទំនើប​មួយ​។ លោក​ប៉ូលិស​ប៊ែ​ល​ត្រា​មេបា​ន​ស្ម័គ្រចិត្ត​ចូល​ជំនួស​កន្លែង​របស់​ចំណាប់ខ្មាំង​ជា​ស្ត្រី​ម្នាក់ ហើយ​បាន​បើក​ទូរស័ព្ទ​គាត់​ចោល​ដោយ​ស្ងៀមស្ងាត់ ដូច្នេះ​ប៉ូលិស​នៅ​ខាងក្រៅ​អាច​ស្តាប់ឮ​រាល់​អ្វីដែល​កំពុង​កើតឡើង​នៅ​ខាងក្នុង​ផ្សារ​ទំនើប​។​

​ក្រុមមន្ត្រី​និយាយថា ការសម្រេចចិត្ត​ត្រូវបាន​ធ្វើឡើង​ដើម្បី​សម្រុកចូល​អគារ​ផ្សារ​ទំនើប នៅពេល​ពួកគេ​ឮ​សំឡេង​បាញ់កាំភ្លើង​។​

​ប្រធានាធិបតី អេ​ម​ម៉ា​នូ​អែល ម៉ា​ក្រុង និយាយថា ក្រុម​អ្នកស៊ើប​អង្កេត​នឹង​ផ្តោតទៅលើ​វិធី​ដែល​ខ្មាន់កាំភ្លើង ឈ្មោះ រ៉េ​ឌូ​អា​ណេ ឡាក់​ឌី​ម (Redouane Lakdim) កើត​នៅ​ម៉ា​រ៉ុ​ក ទទួលបាន​អាវុធ និង ហេតុដូចម្តេច​បានជា​គាត់​ក្លាយជា​ជន​ជ្រុលនិយម​៕ ដោយ៖ កញ្ញាដាលីស

លោក​វរសេនីយ៍ឯក អានូដ ប៊ែ​ល​ត្រា​មេ