ប៉ូលិស​ប៉ះទង្គិច​ជាមួយ​ក្រុម​អ្នក​តវ៉ា​​ដល់ថ្ងៃទី២នៅ​ហុងកុង

350
ចែករម្លែក

​ប៉ូលិស​និង​ក្រុមអ្នកតវ៉ា​បាន​វាយ​គ្នា​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ក្រុង​ហុងកុង កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៤​កក្កដា​ខណៈដែល​ភាពចលាចល​បង្កឡើង​ដោយ​ផែនការ​អនុម័ត​ច្បាប់​​បត្យាប័ន មិន​មាន​សញ្ញា​បង្ហាញ​ភាព​ធូរស្រាល​ឡើយ​។​

​ប៉ូលិស​បាន​បាញ់​ម្សៅ​ម្ទេស​និង​ប្រើ​ដំបង​វាយ​ប្រឆាំង​ក្រុមអ្នកតវ៉ា​ដែល​បាន​ឆ្លើយតប​វិញ​ដោយ​ចោល​សំបក​ដប​និង​វត្ថុ​ផ្សេងៗ​ទៀត​ទៅលើ​ពួក​ប៉ូលិស​វិញ​នៅ​អំឡុង​ពេល​មាន​​អំពើ​ហិង្សា​ជា​ថ្មីៗ​នៅ​ទីក្រុង​នេះ​។​

​ការប៉ះទង្គិច​កាលពី​ថ្ងៃ​អាទិត្យ​បាន​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​ការប្រមូលផ្តុំ​តវ៉ា​ដ៏​ធំ​មួយ​ទៀត​នៅ​សង្កាត់​Sha Tin ដែល​ស្ថិត​នៅ​រវាង​កំពង់ផែ​ក្រុង​នេះ និង​ព្រំដែន​ចិន​។​អំពើ​​ហិង្សា​បាន​ផ្ទុះ​ឡើង​មួយ​រយៈពេល​ខ្លី​នៅ​ពេល​រសៀល បន្ទាប់ពី​មាន​ការប្រមូលផ្តុំ​តវ៉ា​ហើយ​ក្រុមអ្នកតវ៉ា​បាន​កាន់កាប់​កន្លែង​ផ្លូវ​ប្រសព្វ​មួ​យ​និង​ដាក់​របាំង​ការពារ​ដែល​បណ្តាល​​ឱ្យ​ការប្រឈមមុខ​ដាក់​ជាមួយ​ប៉ូលិស អស់​ពេល​ជាច្រើន​ម៉ោង​។​

​ការ​ប៉ះទង្គិច​គ្នា​ដ៏​អាក្រក់​បំផុត​នេះ បាន​កើត​ឡើង​នៅ​ពេល​ល្ងាច​នៅ​ខាងក្នុង​មណ្ឌល​ផ្សារ​ទំនើប​ជា​ទី​ដែល​ក្រុមអ្នកតវ៉ា​រាប់រយ​នាក់​បាន​រត់​ចេញ បន្ទាប់ពី​ប៉ូលិស​បាន​ទម្លាយ​​របាំង​ផ្លូវ​ទាំងនោះ​ហើយ​បាន​សម្រុកចូល​ទៅក្នុង​បរិវេណ​ផ្សារ​ទំនើប​នោះ​។ ភាពច្របូលច្របល់​បាន​កើត​ឡើង​នៅ​ខាងក្នុង​ផ្សារ​ទំនើប​នោះ នៅ​ពេល​ពួក​ប៉ូលិស​ទទួលរង​ការ​​ចោល​របស់របរ​មក​មក​ពី​ខាងលើ​ទៅលើ​ពួក​គេ​។ មន្ត្រី​ម្នាក់ ត្រូវបាន​គេ​ឃើញ​វាយ​សន្លប់​និង​មាន​ឈាម​នៅលើ​ដី​នៅ​ទីនោះ​។​

​ប៉ូលិស​ដែល​ប្រដាប់​ដោយ​ខែល​និង​ដំបង​បាន​សម្រុក​ទៅ​ជាន់​ខាងលើ​នៃ​អគារ​ផ្សារ​ទំនើប​នេះ​និង​បាន​ធ្វើ​ការចាប់ខ្លួន​ច្រើន​នាក់​។​

​កាលពី​ថ្ងៃ​សៅរ៍ ការប៉ះទង្គិច​បាន​ផ្ទុះឡើង​នៅ​ទីប្រជុំជន​មួយ​ជិត​ព្រំដែន​របស់​ខ្លួន​ជាមួយ​ក្រុង​សេន​ជិន ដោយ​អ្នកប្រឆាំង​តវ៉ា​ស្លៀកពាក់​ខ្មៅ បាន​ដើរ​ដង្ហែ​នៅ​ទីប្រជុំជន​​សឿង ស៊ូ​យ នៅ​តំបន់​ទឹកដី​ថ្មី ដើម្បី​បង្ហាញ​ការមិនសប្បាយចិត្ត​របស់​គេ​ចំពោះ​ពួក​អ្នក​នាំ​ទំនិញ​ចូល​ខុសច្បាប់​មក​ពី​ចិន​។​

​ទោះជា​ការដើរ​ដង្ហែ​នេះ​បានចាប់ផ្តើម​និង​បញ្ចប់​ដោយ​អហិង្សា ក៏​ភាព​តានតឹង​បាន​កើតឡើង​នៅ​ពេល​អ្នក​ប្រឆាំង​តវ៉ា​នៅ​មិន​ព្រម​បំបែកហ្វូង ហើយ​ប៉ូលិស​បាន​ប្រើ​ម្សៅ​ម្ទេស​​ដើម្បី​បំបែក​ពួកគេ​។​

​ពួក​អ្នក​រៀបចំ​បាន​និយាយថា មនុស្ស​ប្រមាណ​៣​ម៉ឺន​នាក់​បាន​ចេញ​មក​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍ តែ​ប៉ូលិស​ថា​មាន​ចំនួន​តែ​៤​ពាន់​នាក់​ប៉ុណ្ណោះ​។​

​បាតុករ​ដែល​ពី​ដំបូង​ប្រឆាំងនឹង​ពង្រាង​ច្បាប់​បត្យាប័ន ឥឡូវ​ទំនងជា​បែរ​មក​ផ្តោតលើ​បញ្ហា​មូលដ្ឋាន​ខ្លាំង​ឡើង ដោយ​អ្នកនាំពាក្យ​ក្រុម​បាតុកម្ម​បាន​រិះគន់​រដ្ឋាភិបាល​និង​ក្រុម​​ប្រឹក្សា​សង្កាត់​មូលដ្ឋាន​ថា ធ្វើ​មិនដឹង​មិនឃើញ ការ​នាំចូល​ទំនិញ​គេច​ពន្ធ​ដ៏​រាលដាល​។​

​ពួក​អ្នក​រិះគន់​និយាយថា សកម្មភាព​របស់​ឈ្មួញ​នាំ​ចូល​ខុសច្បាប់ ធ្វើអោយប៉ះពាល់​ការលក់​រាយ​ក្នុង​ក្រុង​ហុងកុង បង្កើន​ថ្លៃឈ្នួល និង​ធ្វើអោយ​ស្ថានភាព​អនាម័យ​កាន់តែ​អាក្រក់​​ឡើង​ដោយសារតែ​ការហូរចូល​ទេសចរ​និង​ឈ្មួញ​មកពី​ចិន​ដីគោក​៕​ប្រែ​សម្រួលៈ​សុខា​/​វាសនា​

ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​ក្រុមអ្នកតវ៉ា​នៅ​ផ្សារ​ទំនើប​មួយ​នៅ​សង្កាត់ Sha Tin នៃ​ក្រុង​ហុងកុង ក្នុងពេល​តវ៉ា​ប្រឆាំង​ច្បាប់​បត្យាប័ន កាលពី​យប់​ថ្ងៃអាទិត្យ​