ប៉ូលិស​ប៉ះទង្គិច​ជាមួយ​ពួក​អាវកាក់​ពណ៌​លឿង​ក្រោយ​ពិធី​ព្យុហយាត្រា​នៅ​ប៉ារីស​

586
ចែករម្លែក

​ប៉ូលិស​នៅ​ក្រុង​ប៉ារីស​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ដាក់​អ្នកប្រឆាំង​តវ៉ា នៅ​ជិត​មហាវិថី សំ​ហ្ស៊ី​លីហ្សេ បន្ទាប់​ពី​ការបញ្ចប់​ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​យោធា​ប្រចាំឆ្នាំ​Bastille Day​របស់​បារាំង​ភ្លាម​។​

​មុន​នោះ​បន្តិច ពួក​អាវកាក់​ពណ៌​លឿង​បាន​ស្រែក​ចំអក​និង​ខ្លះ​បែរខ្នង​ដាក់​ប្រធានាធិបតី​បារាំង លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង នៅ​ពេល​លោក​ជិះ​ក្នុង​រថយន្ត​យ៉ាង​អំនួត​​កាត់​តាម​មហា​វិធី​នេះ​។​

​សូមបញ្ជាក់​ថា ប៉ូលិស​បាន​និយាយថា ខ្លួន​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ជាង​១៥០​នាក់ រួម​មាន​មេដឹកនាំ​ក្រុម​អាវកាក់​ពណ៌​លឿង ចំពោះ​ការ​ធ្វើ​បាតុកម្ម​គ្មាន​ការអនុញ្ញាត​។​

​នៅ​ចំពោះ​មុន​អ្នក​ទេសចរណ៍​និង​ភ្ញៀវ ពួក​អ្នក​ប្រឆាំង​តវ៉ា បាន​អូស​របាំង​ផ្លូវ​ទៅ​កាន់​កណ្តាល​វិថី​សំ​ហ្ស៊ី​លីហ្សេ​និង​ដុត​ធុងសម្រាម​អោយ​ឆេះ​ថ្គោល​ឡើង​។​

​មុន​ការ​ដង្ហែរ​ក្បួន​លោក​ម៉ា​ក្រុង​បាន​បញ្ជូន​សារ​មួយ​ទៅ​កាន់​ប្រជាជន​បារាំង​និង​បាន​និយាយថា​លោក​ចង់​រំលេច​អំពី​ការប្តេជ្ញា​ចិត​របស់​បារាំង​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​បារាំង​​និង​អឺរ៉ុប​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​«​ចាប់តាំងពី​ចប់​សង្គ្រាមលោកលើកទី​២​មក អឺរ៉ុប​មិនដែល​ស្ថិតក្នុង​ភាព​ចាំ​ចាប់​ដូច​ពេលនេះ​ទេ​។​ការស្ថាបនា​យោធា​អឺរ៉ុប​មួយ ដោយ​មាន​ទំនាក់ទំនង​​ជាមួយ​សម្ពន្ធភាព​អា​ត្លង់​ទិក​(​ណា​តូ​)…​ជា​អាទិភាព​មួយ​សំរាប់​បារាំង​។​វា​ជា​ប្រធានបទ​នៃ​ព្យុហយាត្រា​នេះ​។​ធ្វើ​រួមគ្នា​និង​ពង្រឹង​លទ្ធភាព​ធ្វើការ​រួមគ្នា​របស់​យើង​ក្នុងការ​ប្រឈម​មួយ​​ក្នុងការ​ប្រឈម​នានា​ដែល​អឺរ៉ុប​ចង់​ដោះស្រាយ​»​។​

​ទិវា​បុណ្យជាតិ​បារាំង​Bastille Day​ត្រូវបាន​ប្រារព្វ​នៅ​ថ្ងៃ​១៤​កក្កដា​រាល់​ឆ្នាំ ដើម្បី​រំលឹក​ខួប​នៃ​ការ​វាយ​ចូល​គុក​Bastille កាលពី​ថ្ងៃ​១៤ កក្កដា ឆ្នាំ​១៧៨៩ ដែល​ជា​ចំណុច​របត់​មួយ​នៃ​​បដិវត្តន៍​បារាំង និង​ជា​ការកត់សំគាល់​ឯកភាព​របស់​ប្រជាជន​បារាំង​នៅ​ថ្ងៃ​១៤ កក្កដា ឆ្នាំ​១៧៩០​។​

​ក្នុង​ពិធី​កាលពី​ថ្ងៃអាទិត្យ ទាហាន​ប្រមាណ​៤.៣០០​នាក់ រថយន្តយោធា​ប្រមាណ​២០០​និង​យន្តហោះ​ជាង​១០០ ដោយ​ខ្លះ​មក​ពី​ប្រទេស​អឺរ៉ុប បាន​ចូលរួម​ក្នុង​ព្យុហយាត្រា​ដែល​ចាប់​​ផ្តើម​ដោយ​ទាហាន​អេ​ស្ប៉ា​ញ​៕​ដោយ​៖​វាសនា​