ប៉ូលិស​ប្តឹង​លោក​សមរង្ស៊ី ពីបទ​ក្បត់ជាតិ ឃុបឃិត​កាត់​ទឹកដី​ឲ្យ​ជនបរទេស​

1794
ចែករម្លែក

(​ភ្នំពេញ​)៖ ប៉ូលិស​ក្រសួងមហាផ្ទៃ តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋ​កិច្ច​ឆ្លងដែន បានដាក់​ពាក្យបណ្តឹង​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក​សមរង្ស៊ី ពីបទ​ក្បត់ជាតិ ឃុបឃិត​កាត់​ទឹកដី​ឲ្យ​ជនបរទេស​។

​ពាក្យបណ្តឹង​នេះ បានធ្វើ​ឡើង ក្រោយពី​ប៉ូលិស​ក្រសួងមហាផ្ទៃ បើក​ការស៊ើបអង្កេត​និង​សិក្សា សន្និដ្ឋាន វាយតម្លៃ​លើ​វិ​ដេ​អូ និង​កិច្ចព្រមព្រៀង​រវាង​លោក​សមរង្ស៊ី និង​ឈ្មោះ កុក ស មេដឹកនាំ​ចលនា​វៀតណាម ជនជាតិភាគតិច Degar ( ម៉ុង​តា​ញ៉ា​) ដែល​គេ​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ប៉ុន្មាន​ថ្ងៃនេះ​។​

​ក្នុង​លិខិត ដែល​ចូលដល់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី បាន​លើកឡើងថា “​កិច្ចព្រមព្រៀង​រវាង ទណ្ឌិត សមរង្ស៊ី និង​ឈ្មោះ កុក ស មេដឹកនាំ​វៀតណាម​ជនជាតិភាគតិច Degar ( ម៉ុង​តា​ញ៉ា ) កាល​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ប្រទេស​ហ្វីលីពីន បានបញ្ជាក់​យ៉ាងច្បាស់​ថា ត្រង់​មាត្រា​៣ គឺ​ជនជាតិដើម​ភាគតិច Degar ( ម៉ុង​តា​ញ៉ា​) មាន​សិទ្ធិ​ស្វ័យភាព គឺមាន​សិទ្ធិ​ធ្វើ និង​អនុវត្ត​សេចក្តីសម្រេច​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទៃក្នុង និង​តំបន់​របស់​ពួកគេ​រស់នៅ​ក្នុងប្រទេស​កម្ពុជា និង​មាត្រា​៥ ជនជាតិដើម​ភាគតិច​វៀតណាម​ម៉ុង​តា​ញ៉ា នឹងមាន​សិទ្ធិ​ពេញលេញ ប្រសិនបើ​ពួកគេ​ចូលរួម​ក្នុង​ជីវិត​នយោបាយ គឺ​ក្នុងន័យ​ថា បើ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ម្យ៉ាងវិញទៀត ក្នុង​វិ​ដេ​អូ​របស់​ទណ្ឌិត សម រង្ស៊ី បានបញ្ជាក់​យ៉ាងច្បាស់​ថា នៅពេលដែល​បក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ខ្លួន​នឹង​កាត់​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តក្រចេះ ឲ្យ​ជនជាតិ​វៀតណាម​ភាគតិច ម៉ុង​តា​ញ៉ា គ្រប់គ្រង​ដោយ​ស្វ័យភាព​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី បញ្ជាក់ថា “​វីដេអូ​សកម្មភាព និង​ទង្វើ​ដែល​ចុះហត្ថលេខា​ប្រគល់​ឲ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ដែនដី​របស់​ទណ្ឌិត​សមរង្ស៊ី គឺជា​អំពើ​ក្បត់ជាតិ ពិតប្រាកដ​មែន​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី បាន​ស្នើសុំ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្ន​ម​ពេញ ទទួល​សំណុំរឿង​០១​ករណី ស្តីពី អំពើ​ក្បត់ជាតិ ឃុបឃិត​កាត់​ទឹកដី​ឲ្យ​ជនបរទេស រវាង​ឈ្មោះ សមរង្ស៊ី និង​បរទេស ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

​ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ក៏បាន​ភ្ជាប់​នូវ​ដីកាអម ជូន​តុលាការ​នូវ​ភស្តុតាង ១០ ដែល​បង្ហាញ​ពី​ករណី​អំពើ​ក្បត់ជាតិ ឃុបឃិត​កាត់​ទឺ​កដី​ឲ្យ​ជនបរទេស រវាង​ឈ្មោះ សមរង្ស៊ី និង​បរទេស ប៉ះពាល់​ដល់​អធិបតេយ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖ ម៉េង​ឆៃ​