ប៉ូលិស​ប្រើ​គ្រាប់បែក​ផ្សែង​និង​ទឹក​ទប់​បាតុកម្ម​នៅ​ប៉ារីស តែ​ការប្រឆាំង​តវ៉ា​តូច​ជាង​មុន​

878
ចែករម្លែក

ឧស្ម័នហៀរទឹកភ្នែកត្រូវប្រើនៅវិថីសំហ្ស៊ីលីហ្សេកាលពីថ្ងៃសៅរិ៍ទី១៥ធ្នូ ក្រោយពីបាតុកម្មដោយសន្តិវិធីអស់កន្លះថ្ងៃនៅក្រុងប៉ារីសនិងទឹកក៏ត្រូវបានប្រើលើហ្វូងមនុស្សនៅក្នុងការតវ៉ាប្រឆាំងដល់ចុងសប្តាហ៍ទី៥របស់ចលនាអាវកាក់ពណ៌លឿង។

បាតុកម្មប្រឆាំងនឹងថ្លៃចំណាយលើការរស់នៅខ្ពស់នៅបារាំងកាលពីថ្ងៃសៅរិ៍ មានរូបភាពតូចជាងការតវ៉ាមុនៗដែលបានបង្កជាកុបកម្មដុតនិងវាយបំផ្លាញ ព្រមទាំងលួចទំនិញ។

ប៉ូលិសបាននិយាយថា មនុស្ស១១៥នាក់ត្រូវបានចាប់ខ្លួនក្នុងការតវ៉ាកាលពីថ្ងៃសៅរិ៍នៅប៉ារីស ដែលបណ្តាលអោយមនុស្ស៧នាក់រងរបួសស្រាលផងដែរ។

មនុស្សប្រមាណ៣ពាន់នាក់ប៉ុណ្ណោះដែលបានដើរតាមវិថីមានហាងលក់ដូរដ៏ល្បីនៃក្រុងប៉ារីស ដោយពីដំបូងការជួបជុំបានប្រព្រឹត្តទៅដោយសន្តិវិធីតែពេលរសៀលប្រែជាហិង្សា ទោះជាយ៉ាងណាត្រឹមពេលល្ងាច ប៉ូលិសបានបណ្តេញបាតុករចេញអស់និងចរាចរណ៍បើកដំណើរការឡើងវិញ។

សារព័ត៌មានបារាំងបានស្រង់សម្តីអាជ្ញាធរដែលបាននិយាយថា អ្នកតវ៉ាប្រឆាំងប្រមាណ៣៣.៥០០នាក់បានចេញមកតវ៉ាទាមទារកាលពីថ្ងៃសៅរិ៍នៅទូទាំងប្រទេសក្នុងនោះនៅក្រុងប៉ារីសមានប្រមាណ៣.០០០នាក់ ដែលតិចជាងចុងសប្តាហ៍មុន(១០.០០០នាក់)។

ពួកអ្នកតវ៉ាបញ្ជាក់ថាពួកគេចង់បន្តដាក់សម្ពាធ ទោះជាការជួបជុំនេះតូចជាងមុន។អ្នកចូលរួមបាតុកម្មម្នាក់ បាននិយាយថា ចលនានេះមិនត្រឹមតែទាមទារអោយឈប់ដំឡើងពន្ធប្រេង តែឥឡូវផ្តោតលើយុត្តិធម៌សេដ្ឋកិច្ច៕ដោយ៖វាសនា