ប៉ូលិស​ប្រេ​ស៊ី​ល​ចាប់ “​សេក​ចេះ​និយាយ​” ពីបទ​ជួយ​ដល់​ពួក​ជួញដូរ​គ្រឿងញៀន​

482
ចែករម្លែក

“​សត្វ​ចិញ្ចឹម​ទាំងអស់​គឺជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​របស់​មនុស្ស​” យើងទាំងអស់គ្នា​សុទ្ធតែ​បានឮ​ពាក្យស្លោក​ដ៏​ល្បី​នេះ​។ ប៉ុន្ដែ​ចុះបើ​ជួយ​មិ​ត្ដ​ភក្ដិ ហើយ​នាំឱ្យ​អ្នក​ជួប​បញ្ហា​ធំ​វិញ​នុះ​? ការប៉ុនប៉ង​ដើម្បី​សង្គ្រោះ​ម្ចាស់​ជួញដូរ​គ្រឿងញៀន​របស់​វា ដោយ​ការស្រែក​ប្រកូក​ប្រកាស​ដល់​ម្ចាស់​របស់​វា​អំពី​ការ​ឆ្មក់​បង្ក្រាប​ដោយ​ប៉ូលិស បានធ្វើឱ្យ​សេក​ដែល​គេ​បង្វឹក​បាន​យ៉ាង​ល្អ​មួយ​ក្បាល​ត្រូវ​ជាប់គុក​នៅ​ប្រេ​ស៊ី​ល​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​វេ​ប​សាយ CGTN កាលពី​ថ្ងៃទី​១​ឧសភា​។​

​សេក ដែលមាន​ឈ្មោះថា “Papagaio Do Trafico” ឬ “​សេក​ជួញដូរ​គ្រឿងញៀន​” ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជា​អ្នក​ដាក់ឱ្យ ត្រូវបាន​ប៉ូលិស​ចាប់​ឃុំឃាំង​ពី​ផ្ទះ​របស់​ជនសង្ស័យ​ជួញដូរ​ថ្នាំ​កូកាអ៊ីន​នៅ​រដ្ឋ ពី​អា​វី ភាគ​ខាងជើង​ប្រទេស​ប្រេ​ស៊ី​ល​។​

​ប៉ូលិស​បាន​និយាយថា សេក​ចេះ​និយាយ​នេះ​ត្រូវបាន​ចាប់ខ្លួន​ពេល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង ខណៈដែល​វា​ប៊ិះ​តែ​ទទួលបាន​ជោគជ័យ​ក្នុងការ​ស្រែកប្រាប់​ទៅ​ចៅហ្វាយ​របស់​វា​ដដែលៗ​ថា “​ប៉ូលិស​មកហើយ​! ប៉ូលិស​មកហើយ​!” ខណៈដែល​ក្រុមមន្ត្រី​កំពុង​ដេញតាម​ជនសង្ស័យ​។​

​កាសែត Guardian បាន​រាយការណ៍​ថា មន្ត្រីប៉ូលិស​ម្នាក់​ដែល​បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​នេះ​បាន​និយាយថា “​នៅពេល​ប៉ូលិស​ខិតចូល​ទៅជិត វា​ក៏​ចាប់ផ្តើម​ស្រែក​។ វា​ច្បាស់​ជា​ទទួល​ការហ្វឹកហាត់​សម្រាប់​រឿងនេះ​” ដោយ​អះអាងថា សេក​នេះ​ដឹង​ច្បាស់​ថា​វា​ត្រូវធ្វើ​អ្វី​។

​ទូរទស្សន៍​ក្នុងស្រុក Meio Norte បាន​រាយការណ៍​ថា ម្ចាស់​ជាក់ស្តែង​របស់​សេក​នេះ​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។ នៅក្នុង​វីដេអូ​ដែល​បាន​ចាក់ផ្សាយ​ពេញ​ទូរទស្សន៍​ក្នុងស្រុក​របស់​ប្រេ​ស៊ី​ល គេ​ឃើញ​សេក​នេះ​កំពុង​ត្រូវបាន​យក​ចេញពីផ្ទះ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ខណៈ​វា​ឈរ​នៅលើ​ដៃ​របស់​ប៉ូលិស​ម្នាក់​។​

​យោងតាម​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា ប៉ូលិស​បាន​អះអាងថា សេក​នេះ​ក្បាលរឹង​ខ្លាំងណាស់ មិន​ព្រម​និយាយ​អ្វី​ទាំងអស់ ចាប់តាំងពី​ពេល​ចាប់ខ្លួន​វា ហើយ​ថា “​វា​មិន​សហការ​ក្នុងការ​ស៊ើបអង្កេត​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

“​សេក​ជួញដូរ​គ្រឿងញៀន​” ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ចេញពីផ្ទះ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នៅ​រដ្ឋ ពី​អា​វី នៅ​ភាគ​ខាងជើង​ប្រេ​ស៊ី​ល