ប៉ូលិស​មី​យ៉ាន់​ម៉ា បាញ់​អោយរ​បួស​៤​នាក់​ក្នុងការ​ឆ្មក់​ចូល​ជំរំ​រ៉ូ​ហ៊ីង​យ៉ា​

598
ចែករម្លែក

ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់អោយរបួសជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា៤នាក់កាលពីថ្ងៃអាទិត្យទី១៨វិច្ឆិកា ក្រោយពីចាប់ខ្លួនបុរស២នាក់ ដែលត្រូវបានចោទប្រកាន់ថារត់ពន្ធមនុស្សចេញពីជំរំមួយសំរាប់ជនផ្លាស់ទីជម្រកនៅក្នុងរដ្ឋរ៉ាឃីន។

សាក្សីនិងប៉ូលិសបាននិយាយថា ប៉ូលិសមីយ៉ាន់ម៉ាប្រមាណ២០នាក់បានចូលក្នុងជំរំAh Nauk Yeនៅចម្ងាយ១៥គីឡូម៉ែត្រខាងកើតទីក្រុងស៊ីតវ៉េ កាលពីព្រឹកថ្ងៃអាទិត្យក្រោយការចាប់បុរសម្ចាស់ទូក២នាក់ពីបទរត់ពន្ធជនរ៉ូហ៊ីយ៉ា១០៦នាក់ចេញប្រទេសកាលពីថ្ងៃសុក្រ។

ទូកឈើមិនមាំទាំនោះ ដែលដឹកក្មេង២៥នាក់ក្នុងចំណោមអ្នកដំណើររបស់វា បានសំដៅទៅកាន់ប្រទេសម៉ាឡេស៊ី នៅពេលអាជ្ញាធរស្ទាក់ឃាត់ទូកនេះនិងមនុស្សនៅខាងត្បូងក្រុងយ៉ានហ្គោន។ឧបទ្ទវហេតុនេះ ស្រដៀងគ្នានឹងការចាប់ទូកនិងអ្នកដំណើរដែលប្រុងចាកចេញដំណើរកាលពីពេលថ្មីៗ ជាហេតុនាំអោយមានការព្រួយបារម្ភអំពីរលកនៃការធ្វើដំណើរផ្សងគ្រោះថ្នាក់ថ្មី ក្រោយពីមានការបង្រ្កាបកាលពីឆ្នាំ២០១៥លើពួករត់ពន្ធមនុស្ស។

ក្មេងមើលចេញពីរថយន្តប៉ូលិសនៅទីប្រជុំជនមួយនៅខាងត្បូងក្រុងយ៉ានហ្គោន កាលពីថ្ងៃសុក្រ។គេជឿថាមនុស្សជាង១០០នាក់ រួមមានកូនក្មេង បានភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន និងត្រូវចាប់បាននៅឆ្នេរនៃទីប្រជុំជន KyaykTan កាលពីថ្ងៃសុក្រ។ជនដែលត្រូវបាប់ខ្លួនត្រូវបានដាក់ក្នុងនាវាកងទ័ពជើងទឹកដឹកមកច្រាំង និងដាក់រថយន្តបន្តទៅជំរំវិញ

ប៉ូលិសបាននិយាយថា ពួករ៉ូហ៊ីងយ៉ាបានឡោមព័ទ្ធខ្លួន ដោយមួយចំនួនកាន់ដាវនិងបានចោលដុំថ្មដាក់ពួកគេ បណ្តាលអោយប៉ូលិសខ្លះរងរបួស ជាហេតុនាំអោយប៉ូលិសបាញ់ការពារខ្លួន។

មេប៉ូលិសបាននិយាយថា« ខ្ញុំឮពួកបឹងហ្កាលីក្នុងជំរំព្យាយាមទាញចាប់មនុស្សពីប៉ូលិស និងប៉ូលិសបានបាញ់ព្រមាន។ខ្ញុំឮពួកបឹងហ្កាលីខ្លះរងរបួស តែមិនដឹងលម្អិតទេ»។

តែសាក្សីម្នាក់បានអះអាងថា ពួករ៉ូហ៊ីងយ៉ាមិនបានវាយប្រហារប៉ូលិសឬព្យាយាមចាប់ទាញមនុស្សពីប៉ូលិសទេ។ប៉ូលិសបានបាញ់ដាក់អ្នកស្រុក មិនមែនបាញ់ព្រមានឡើងលើទេ។

ប្រជាជននៅមីយ៉ាន់ម៉ាជាច្រើនហៅជនអ៊ីស្លាមរ៉ូហ៊ីងយ៉ាថាជា«ពួកបឹងហ្កាលី» សំដៅលើជនជ្រៀតចូលមកពីបង់ក្លាដែស។

សូមបញ្ជាក់ថា ជនរ៉ូហ៊ីយ៉ា រាប់ពាន់នាក់ត្រូវបានបង្ខាំងទុកក្នុងជំរំនៅក្រៅក្រុងស៊ីតវ៉េ ចាប់តាំងពីអំពើហិង្សាផ្ទុះឡើងនៅរដ្ឋរ៉ាឃីននៅឆ្នាំ២០១២។ពួកគេត្រូវបានបដិសេធការធ្វើដំណើរដោយសេរី ការទៅព្យាបាលសុខភាពនិងការសិក្សាអប់រំ។

រាប់ឆ្នាំមកហើយ ពួករ៉ូហ៊ីងយ៉ាបានធ្វើដំណើរដោយលួចលាក់តាមទូកដែលរៀបចំឡើងដោយពួករត់ពន្ធមនុស្សនៅបណ្តាខែប្រាំង រវាងខែវិច្ឆិកានិងមីនា នៅពេលសមុទ្រស្ងប់រលក។ដំណើរទៅកាន់ថៃឬម៉ាឡេស៊ីនេះ ច្រើនធ្វើឡើងតាមទូកឈើមិនមាំទាំនិងដាក់មនុស្សណែនក្តន់៕ដោយ៖វាសនា

ជនរ៉ូហ៊ីងយ៉ា១០៦នាក់ត្រូវបានចាប់ខ្លួននៅឯនាយក្រុងយ៉ាងហ្គោនកាលពីថ្ងៃសុក្រ