ប៉ូលិស​ម៉ាឡេស៊ី​ចាប់​បាន​ថ្នាំញៀន​កូកាអ៊ីន​១២​តោន តម្លៃ​៥៧៥​លាន​ដុល្លារ​

398
ចែករម្លែក

​ប៉ូលិស​ម៉ាឡេស៊ី​បាន​រឹបអូស​បាន​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​១២ តោន​ដែល​មាន​តម្លៃ​សរុប​៥៧៥ លាន​ដុល្លារ​ដែល​ជា​ការ​ចាប់បាន​ថ្នាំញៀន​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​​ប្រទេស​នេះ​។​

​ថ្នាំញៀន ដែល​ត្រូវបាន​រកឃើញ​នៅ​កំពង់ផែ​ក្រុង​Butterworth កាលពី​ថ្ងៃទី​១០​ខែកញ្ញា​នេះ​ត្រូវបាន​ដាក់​ក្នុង​បាវ​ចំនួន​៦០​បាវ នៅក្នុង​កុងតឺន័រ​៣​។

​សារព័ត៌មាន​New Straits Times បាន​និយាយថា គ្រឿងញៀន​ទាំងនេះ ត្រូវបាន​រកឃើញ​ក្នុង​អំឡុងពេល​ធ្វើ​ប្រតិបត្តិការ​មួយ​នៅ​ទីក្រុង​Bayan Baru ទីក្រុង​Padang Serai ​និង រដ្ឋ​Kedah ហើយ​វា ត្រូវបាន​គេ​ជឿ​ថា​ជា​របស់​ក្រុម​ជួញដូរ​គ្រឿងញៀន​អន្តរជាតិ​។

​លោក Abdul Hamid Bador ឧត្តមសេនីយ៍​ប៉ូលិស បាន​និយាយថា ថ្នាំញៀន​ដែល​ដឹក​មក​ពី​អាម៉េរិក​ខាងត្បូង​នេះ ត្រូវបាន​ដាក់​លាយឡំ​ជាមួយ​ធ្យូង​ចំនួន​៦០​តោន ។​

​កុងតឺន័រ​ដែល​ត្រូវបាន​ប្រកាស​ថា​ផ្ទុក​ធ្យូង​មកពី​អាម៉េរិក​ខាងត្បូង​នេះ បាន​មក​ដល់​កំពង់ផែ​នេះ ចាប់តាំងពី​ថ្ងៃទី​១៦​ខែ​សីហា​។

​ប៉ូលិស បាន​ចាប់ខ្លួន​បុរស​ម៉ាឡេស៊ី​ម្នាក់ ដែលជា​អ្នក​ទទួលខុសត្រូវ​សម្រាប់​កុងតឺន័រ​ទាំងនេះ​៕​ដោយ​៖​សុខា​/sn

​ប៉ូលិស​ម៉ាឡេស៊ី​ដាក់​បង្ហាញ គ្រឿងញៀន​កូកាអ៊ីន​១២​តោន ដែល​ត្រូវបាន​រកឃើញ​ដាក់​លាយឡំ​ជាមួយ​ធ្យូង​ចំនួន​៦០​តោន