ជនសង្ស័យរត់ពន្ធគ្រឿងញៀនម្នាក់ដែលបានលាក់ថ្នាំញៀនមេតំហ្វេតាមីនរហូតដល់ទៅជាង១.០០០គ្រាប់ក្នុងកមាន់ជល់២ក្បាលត្រូវបានប៉ូលិសស្ទាក់ចាប់ខ្លួនខណៈពេលជននេះកំពុងព្យាយាមចាកចេញពីសង្កាត់ហ្វាង (Fang) ក្រុងឈាងមៃប្រទេសថៃ។
លោក អារុន សាក់បួ ប្រាសឺតស៊ីង ដែលជាមេប៉ូលិសសង្កាត់ហ្វាងនិយាយបន្ទាប់ពីបុរសខាងលើ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ប៉ូលិសបានសង្កេតឃើញករបស់មាន់ទាំងនោះ ហើមយ៉ាងចម្លែកហើយក៏ឃាត់ដើម្បីសួរនាំ។
អំឡុងពេលសាកសួរនិងត្រួតពិនិត្យប៉ូលិសបានរកឃើញថ្នាំញៀនសរុបចំនួន៧កញ្ចប់ក្នុងនោះ៤កញ្ចប់លាក់ក្នុងកមាន់មួយក្បាលហើយ៣កញ្ចប់លាក់ក្នុងកមាន់មួយក្បាលទៀត។
ជនសង្ស័យឈ្មោះ ចាន់វុធ តឹកសុងក្រាមអាយុ២៩ឆ្នាំបានសារភាពប្រាប់ប៉ូលិសថាខ្លួនបានច្រកថ្នាំ ញៀនចំនួន១.៣៨៣គ្រាប់ចូលស្រោមអនាម័យមុនពេលញាត់វាចូលកមាន់ដើម្បីយកទៅឱ្យម៉ូយប៉ុន្តែសំណាងមិនល្អក៏ត្រូវប៉ូលិសចាប់បាន៕ ប្រែសម្រួលៈ ខុម