ប៉ូលិស​ល្បាត​ព្រំដែន​អាមេរិក​ចាប់​ជនអន្តោប្រវេសន៍​៣៧៦​នាក់ ជីករណ្តៅ​ក្រោម​របង​ដែកថែប​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​

463
ចែករម្លែក
  • 1
    Share

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មករា​ថា ក្រុម​ជនជាតិ​អាមេរិក​កណ្តាល ៣៧៦ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ភាគ​និរតី​រដ្ឋ​អា​រី​ហ្សូ​ណា ដែល​ភាគច្រើន​នៃ​ពួកគេ​គឺជា​ក្រុមគ្រួសារ​ដែល​ជីករណ្តៅ​រាក់ៗ​នៅក្រោម​រនាំង​ដែក​ដើម្បី​ឆ្លងកាត់​ព្រំដែន​។​

​ក្រុម​ប្រជាជន​ទាំងនេះ​បាន​ជីក​នៅក្រោម​រនាំង​ដែកថែប​ចំនួន ៧ កន្លែង​ដែលមាន​ប្រវែង​ប្រហែល ១៦ គីឡូម៉ែត្រ នៅ​ភាគ​ខាងកើត​នៃ​ព្រំដែន​ឆ្លងកាត់​ទីក្រុង​សាន់​ល្វី​ស​និង​មិនបាន​ប្រឹង​គេច​ពី​ភ្នាក់ងារ​អន្តោប្រវេសន៍​អាមេរិក​សូម្បីតែ​បន្តិច​។ ក្រុម​ជនអន្តោប្រវេសន៍​នេះ​ក៏មាន​កុមារ ១៧៦ នាក់​ផងដែរ​។​

​ក្រុម​អន្តោ​ប្រវេ​ស​ដ៏​ធំ​មិនធម្មតា​នេះ​ស្ទើរតែ​ទាំងអស់​គឺ​មកពី​ប្រទេស​ក្វា​តេ​ម៉ា​ឡា​។ ពួកគេ​ត្រូវបាន​នាំទៅ​កាន់​តំបន់​យូ​ម៉ា បន្ទាប់ពី​ចូលក្នុង​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​មករា​។​

​អ្នកនាំពាក្យ​ព្រំដែន​លោក​ចូ​សេ ហ្គា​ព្រី​បេ បាន​និយាយថា តំបន់​នេះ​បាន​ក្លាយជា​ច្រករបៀង​ដ៏​សំខាន់​មួយ​សម្រាប់​ការឆ្លង​ដែន​ខុសច្បាប់​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ២០០០ ដែល​ជំ​រុញឱ្យ​រដ្ឋាភិបាល​សហ​ព័ន្ធ​ផ្សា​ដែកថែប​ភ្ជាប់​ទៅលើ​រនាំង​ដែល​គេ​សង់​ឡើង​ដើម្បី​បញ្ឈប់​មនុស្ស​ជិះ​តាម​ឡាន មិនមែន​តាមរយៈ​ថ្មើរ​ជើងទេ​។ នៅតាម​ចំណុច​ទាំងនោះ​ពុំមាន​បេតុង​រឹងមាំ​ដើម្បី​បង្ការ​ការជីក​ក្រោម​ដី​នោះទេ​។​

​លោក​ហ្គា​រី​បេ​បាន​និយាយថា ក្រុម​នេះ​បាន​ប្រើ​រណ្តៅ​ច្រើន​កន្លែង​ក្នុងការ​ប្រឹងប្រែង​ដើម្បីឱ្យ​មនុស្ស​គ្រប់គ្នា​បាន​ឆ្លងកាត់​ព្រំដែន​បាន​ឆាប់រហ័ស​។​

​ក្រសួង​គយ​និង​ការពារ​ព្រំដែន​បាន​បញ្ចេញ​រូបភាព​និង​វីដេអូ​នៃ​ជនអន្តោប្រវេសន៍​ឈរ​តម្រង់​ជួរ​យ៉ាង​វែង​ដោយ​អត់ធ្មត់​នៅ​តំបន់​វាល​ខ្សាច់ បន្ទាប់ពី​ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ជនអន្តោប្រវេសន៍​៣៧៦​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​រដ្ឋ​អា​រី​ហ្សូ​ណា​កាលពី​ថ្ងៃ​សុក្រ