ប៉ូលិស​វៀតណាម​ចាប់បាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ជាង​៣០០​គីឡូក្រាម

2824
ចែករម្លែក
  • 40
    Shares

ក្រុមអាជ្ញាធរវៀតណាមបាននិយាយកាលពីថ្ងៃអង្គារទី១៦តុលាថាប៉ូលិសវៀតណាមបានរកឃើញគ្រឿងញៀនមេតំហ្វេតាមីនចំនួន៣០៩គីឡូគ្រាម ដែលមានតម្លៃ៣លានដុល្លារ បន្ទាប់ពីប៉ូលិសបានឃាត់ចាប់រថយន្តធំមួយ។

បុរស២នាក់បានរត់គេចខ្លួនពីកន្លែងឃាត់រថយន្តនោះ ប៉ុន្តែ​ម្នាក់ក្នុងចំណោមពួកគេដែលត្រូវបានចាប់ខ្លួនក្រោយមកនោះ គឺជនជាតិឡាវ ដែលបាននិយាយប្រាប់ប៉ូលិសថា គាត់ត្រូវបានគេសន្យាឱ្យលុយចំនួន១០.០០០ដុល្លារដើម្បីដឹកគ្រឿងញៀនទាំងនេះទៅទីក្រុងដាណាំង នៅតំបន់ឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាម។

មន្ត្រីម្នាក់បាននិយាយប្រាប់សារព័ត៌មានAFPកាលពីថ្ងៃអង្គារថា ប៉ូលិសបានកំពុងតាមរកចាប់ខ្លួនជនសង្ស័យទី២ ដែលជាជនជាតិវៀតណាម។

មន្ត្រីនេះបាននិយាយថា ” យើងបានរកឃើញថង់ពណ៌បៃតងចំនួន១២ដែលផ្ទុកកញ្ចប់សារធាតុពណ៌សជាច្រើនកញ្ចប់ ដោយមានទម្ងន់សរុបចំនួន៣០៩គីឡូក្រាម”។

ទោះបី ជាវៀតណាមមានច្បាប់ដ៏តឹងរឹងបំផុតនៅលើពិភពលោក ប្រឆាំងគ្រឿងញៀនក៏ដោយក៏ប្រទេសនេះ ជាចំណតដោះដូរនិងជាទិសដៅទីផ្សារសម្រាប់គ្រឿងញៀនខុសច្បាប់ដែលត្រូវបានលួចនាំចូលពីតំបន់ត្រីកោណមាសដែលជាតំបន់ព្រំដែនគ្មានច្បាប់ទម្លាប់នៃប្រទេសឡាវ មីយ៉ាន់ម៉ា​ និង ថៃ៕ដោយ:សុខា/sn

គ្រឿងញៀនមេតំហ្វេតាមីន ដែលនាំចេញពីតំបន់ត្រីកោណមាសនេះ ត្រូវបានលួចនាំចូលតំបន់អាស៊ីអាគ្នេយ៍និងទៅហួសពីតំបន់នេះ