ប៉ូលិស​វៀតណាម​ចាប់​ខ្លួន​ម្នាក់​ទៀត​ជុំវិញ​ករណី​ស្លាប់​មនុស្ស​៣៩​នាក់​នៅក្នុង​កន្ទុយ​រថ​យន្ត​ធំ​

249
ចែករម្លែក

​មនុស្ស​ម្នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​ទី​៥​វិច្ឆិកា​បន្ទាប់ពី​មនុស្ស​៣៩ នាក់​ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​រថយន្ត​ធំ​មួយ នៅ​តំបន់​Essex ប្រទេស​អង់គ្លេស ។​

​ការចាប់ខ្លួន​នៅ​ខេត្ត ង៉េ​អាន ប្រទេស​វៀតណាម​នេះ គឺជា​ការចាប់ខ្លួន​ជនសង្ស័យ​ទី​១១ នៅក្នុង​ប្រទេស​នេះ​ដែល​ទាក់ទង​នឹង​ការស្លាប់​បុរស​៣១ នាក់​និង​ស្ត្រី​៨ នាក់​ដែល​អ្នក​​ទាំងអស់នេះ ត្រូវ​គេ​ជឿ​ថា​ជា​ជនជាតិ​វៀតណាម​។​

​ប្រធាន​ប៉ូលិស​ខេត្ត​ង៉េ​អាន​បាន​និយាយថា ជនសង្ស័យ​៩​នាក់ នៅពេលនេះ កំពុង​ត្រូវបាន​ឃុំ​ខ្លួន​ទាក់ទង​នឹង​ការរត់ពន្ធ​ឬ​ជួញដូរ​មនុស្ស​ខុសច្បាប់ បន្ទាប់ពី​មនុស្ស​៨​នាក់​ត្រូវ​​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ។

​កាលពី​សប្តាហ៍​មុន ២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ត​ហា​ទិញ ប្រទេស​វៀតណាម​។​

​ក្រុមការងារ​ជនជាតិ​វៀត​ណា​មួយ​ក្រុម បាន​មក​ដល់​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ធ្វើការ​ជាមួយ​ប៉ូលិស​អង់គ្លេស​នៅក្នុង​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំងនោះ​។​

​ជងរ​គ្រោះ​ទាំងនេះ ត្រូវបាន​រកឃើញ​នៅក្នុង​កន្ទុយ​រថយន្ត​សណ្តោង​ធំ​មួយ​នៅ​តំបន់​ឧស្សាហកម្ម​នៅ​ទីក្រុង​ហ្គ្រេ​យ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​២៣​ខែតុលា​។​ការ​ពិនិត្យ​មើល​​សាកសព​ទាំងនោះ កំពុង​ត្រូវបាន​ធ្វើ​ដើម្បី​រក​មូលហេតុ​នៃ​ការស្លាប់​របស់​ពួកគេ​។​

​អ្នកបើករថយន្ត​ធំ​នេះ មកពី​ប្រទេស​អៀរ​ឡង់ បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាលពី​សប្តាហ៍​មុន តាម​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​បទល្មើស​ច្រើន​ករណី ដោយ​រួមទាំង​៣៩​ករណី​​អំពី​មនុស្សឃាត​។​

​ដំណើរការ​នៃ​ការធ្វើ​បត្យាប័ន​បានចាប់ផ្តើម​ផងដែរ​ប្រឆាំង​នឹង​ជន​ស្ស័​យ​ម្នាក់ទៀត​។​ប៉ូលិស​ក៏​កំពុង​ស្វែរក​ចាប់ខ្លួនបុរស​២​នាក់​ផ្សេង​ទៀត​ដែល​មកពី​ប្រទេស​អៀរ​ឡង់​ផងដែរ​ ដោយ​សង្ស័យ​ពី​បទ​មនុស្សឃាត​និង​ជួញដូរ​មនុស្ស ៕​ដោយ​៖​សុខា​/sn

សាកសព​ទាំងនេះ ត្រូវបាន​រកឃើញ​នៅ​កុងតឺន័រ​រថយន្ត​សណ្តោង​ធំ​មួយ​នៅ​ទីក្រុង​ហ្គ្រេ​យ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​២៣​ខែតុលា​