ប៉ូលិស​វៀតណាម​បញ្ឈប់​ការតវ៉ា​ប្រឆាំងនឹង​តំបន់​សេដ្ឋកិច្ច​ថ្មី​

1567
ចែករម្លែក

​ប៉ូលិស​នៅ​វៀតណាម​បាន​ចាប់ខ្លួន​មនុស្ស​ជាង​ដប់​នាក់​នៅក្នុង​រដ្ឋធានី​ហាណូយ​កាលពី​ថ្ងៃអាទិត្យ​ទី​១០​មិថុនា និង​បាន​បញ្ឈប់​បាតុកម្ម​នៅក្នុង​ទីក្រុង​ផ្សេៗ​ទៀត​ប្រឆាំងនឹង​​ផែនការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ដែល​ពួក​អ្នកប្រឆាំង​តវ៉ា​ខ្លាចក្រែង​ពួក​អ្នកវិនិយោគ​ចិន​ចូលមក​ត្រួតត្រា​។​

​វៀតណាម​បាន​និយាយ​កាលពី​ខែឧសភា​ឆ្នាំមុន​ថា​ខ្លួន​មាន​ផែនការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​៣​ដែល​ផ្តល់អោយ​វិនិយោគិន​នូវ​ការលើក​ទឹក​ចិន​ច្រើនឡើង​និង​ការ​រឹត​​ត្បិត​តិចជាង​ច្បាប់​ដែលមាន​នៅ​វៀតណាម​បច្ចុប្បន្ន​។​

​ពង្រាងច្បាប់​មិន​និយាយអោយចំ​ថា​វិនិយោគិន​បរទេស​ណា​អាច​ជួល​ដី​ដល់​ទៅ​៩០​ឆ្នាំ​នៅ​តំបន់​ទាំងនេះ​ទេ តែ​ពួក​អ្នកប្រឆាំង​តវ៉ា​ខ្លាចក្រែង​វា​នឹងត្រូវ​ត្រួតត្រា​ដោយ​ប្រទេស​ជិតខាង​ចិន​។​

​បាតុករ​បាន​កាន់​បដា​ប្រឆាំង​ចិន រួមមាន​បដា​មួយ​សរសេរថា​”​កុំ​ជួល​ដី​អោយ​ចិន ទោះជា​មួយថ្ងៃ​” នៅលើ​ផ្លូវ​ដ៏​មមាញឹក​មួយ​ក្នុង​ទីក្រុង​ហាណូយ​។​

​ប៉ូលិស​ក្រោយមក​បាន​ចាប់​មនុស្ស​បួនដប់​នាក់​រុញ​ចូលក្នុង​រថយន្ត​និង​បើក​ចេញទៅ​។​បាតុកម្ម​ស្រដៀង​គ្នា​ក៏បាន​កើតមាន​កាលពី​ថ្ងៃ​អាទិត្យ​នៅក្នុង​ទីក្រុង​ផ្សេងៗ​ពាស​​ពេញ​ប្រទេស រួមមាន​ទីក្រុង​ពាណិជ្ជកម្ម​ហូ​ជី​មី​ញ តែ​ត្រូវ​ប៉ូលិស​បំបែក​។​

​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បានស្នើ​អោយ​សភា​ពន្យារ​កា​របោះ​ឆ្នោត​លើ​ពង្រាងច្បាប់​នេះ​ដើម្បី​ទុកពេល​សិក្សា​ច្បាប់​នេះ​បន្ថែម​។​

​ពង្រាង​ច្បាប់ដើម​និយាយថា ដី​ក្នុង​តំបន់​នេះ​អាច​ត្រូវគេ​ជួល​រយៈពេល​៩៩​ឆ្នាំ តែ​នាយករដ្ឋមន្ត្រី ង្វៀន សួន ហ្វ៊ុ​កបាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​សប្តាហ៍​មុន​ថា រយៈពេល​ជួល​នេះ​ត្រូវបាន​កាត់បន្ថយ​ហើយ ទោះជា​យ៉ាងណា​គេ​មិនដឹងថា​បន្ថយ​មក​នៅ​ប៉ុន្មាន​ឆ្នាំ​ទេ​៕​ដោយ​៖​វាសនា​

​បាតុករ​ប្រឆាំងនឹង​ច្បាប់​ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នាំគ្នា​ចេញមក​តវ៉ា​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃអាទិត្យ​

តវ៉ាប្រឆាំងនៅក្រុងហូជីមីញ កាលពីថ្ងៃអាទិត្យ តែត្រូវប៉ូលិសបំបែក

#