ប៉ូលិស​សាកសួរ​តារា​អ៊ី​ន​ធឺ​ណិ​ត​ថៃ ​ជុំវិញ​វីដេអូ​សិច​ស៊ី​

1231
ចែករម្លែក

តារា​សម្រស់​លើ​អ៊ី​ន​ធឺ​ណិ​ត​ដែល​តែង​បង្ហាញ​ផលិតផល​ផ្សេងៗ​ដ៏​ល្បីល្បាញ​ឈ្មោះ ជី​រ៉ា​រ៉ាត់ ចា​ណា់​ថូ បាន​ជួប​ប៉ូលិស​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កក្កដា ដើម្បី​ឆ្លើយ​សំណួរ​ជុំវិញ​បន្ទប់​ជជែក (Chat Room) VIP “​សម្ងាត់​” តាម​អន​ឡាញ​របស់​នាង កន្លែង​ដែល​សមាជិក​ម្នាក់ៗ​ត្រូវ​បង់ប្រាក់​ពី ៣០០-៥០០ បាត​ក្នុង​មួយខែ​ដើម្បី​មើល​ឃ្លី​ប​វីដេអូ​សិច​ស៊ី​របស់​នាង​។​

​នាង​បាន​ឆ្លើយតប​ទៅនឹង​ការកោះហៅ​របស់​ប៉ូលិស​ចំពេល​មានការ​លើកឡើងថា នាង​អាច​នឹង​រំលោភ​លើ​ច្បាប់​កុំព្យូទ័រ​។​

​នាង​ជី​រ៉ា​រ៉ាត់​និង​មេធាវី​របស់​នាង ឈ្មោះ អា​នូ​ចា ពុទ្ធា​វីរៈ​គុល បាន​ជួប​ជាមួយ​លោក​វរសេនីយ៍ឯក សិរី​វ៉ា​ត់ ឌី​ប៉ូ អ្នកនាំពាក្យ​និង​ជា​មេបញ្ជាការរង​នៃ​នាយកដ្ឋាន​បង្ក្រាប​ឧក្រិដ្ឋកម្ម​បច្ចេកវិជ្ជា​របស់​ប៉ូលិស​ភូមិន្ទ​ថៃ និង មេបញ្ជាការ​អង្គភាព​របស់ខ្លួន គឺ​លោក​វរសេនីយ៍ឯក ក្វាន់​ចៃ ប៉ាត់​តា​ណារ៉ាក់​។​

​បន្ទាប់ពី​ការជួប​សាកសួរ​មួយ​ម៉ោង​របស់​ពួកគេ លោក​សិរី​វ៉ា​ត់ បាន​និយាយថា ប៉ូលិស​មិនទាន់បាន​ដាក់ពាក្យ​បណ្តឹង​ប្រឆាំងនឹង​នាង​ជី​រ៉ា​រ៉ាត់​នៅឡើយ​ទេ ដោយសារតែ​ពួកគេ​ទាមទារ​ឱ្យ​នាង​ផ្តល់​ភស្តុតាង​ជាមុនសិន​។​

​ក្រោយមក នាង​ជី​រ៉ា​រ៉ាត់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា Chat Room នេះ​មិនបាន​បើកចំហ​ជា​សាធារណៈ​ទេ ហើយ​ថា​សមាជិក​របស់ខ្លួន​ពី ២០០ ទៅ ៣០០ នាក់​ត្រូវបាន​ពិនិត្យ​តាម​អេក្រង់​ជាក់ស្តែង​ទាំងអស់ រួមទាំង​ការបញ្ជា​ក់ថា​តើ​ពួកគេ​មាន​អាយុ​ស្របច្បាប់​ឬ​អត់ និងថា​តើ​ពួកគេ​បាន​បង់ថ្លៃ​ឈ្នួល​សមរម្យ​ហើយ​ឬ​អត់​ទៀតផង​។​

​នាង​បាន​និយាយថា​ នាង​បាន​ផ្អាក Chat Room នេះហើយ​នាពេល​បច្ចុប្បន្ន ដោយ​រង់ចាំ​ការត្រួតពិនិត្យ​ផ្នែក​ច្បាប់​និង​ការកែសម្រួល​មាតិកា​របស់​វា​ដើម្បី​ធានាថា​វា​ស្របច្បាប់​។​

​នាង​បាន​និយាយថា ​នាង​បានរៀបចំ Chat Room នេះ​ឡើង​ដើម្បី​អាចធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នកគាំទ្រ​របស់​នាង តែ​នាង​ក៏​អះអាង​ដែរ​ថា នាង​បាន​ស្លៀកពាក់​សិច​ស៊ី​សម្រាប់​គោលបំណង “​ផ្សាយ​ផលិតផល​”​។​

​នាង​ជី​រ៉ា​រ៉ាត់​បាន​សារភាពថា​ នាង​មានការ​ព្រួយបារម្ភ​ព្រោះ​ការចោទប្រកាន់​មួយ​ដែល​នាង​អាច​នឹង​ប្រឈម​គឺមាន​ទម្ងន់ទោស​ធ្ងន់ធ្ងរ​ណាស់​។ ទោះជា​យ៉ាងណាក៏ដោយ​នាង​បាន​ទទូចថា​នាង​សប្បាយចិត្ត​ក្នុងការ​បញ្ជូន​ភស្តុតាង​ទាំងអស់​ទៅ​ប៉ូលិស ​ដូច្នេះ​ពួកគេ​នឹង​ដឹងថា Chat Room នោះ​ទោះបី​មិន​សមរម្យ តែ​មិនមែន​សម្រាប់​ការប្រើប្រាស់​ជា​សាធារណៈ​នោះទេ​។​

​មេធាវី​របស់​នាង​បាន​និយាយថា ជី​រ៉ា​រ៉ាត់​បានធ្វើ​នូវ​អ្វីដែល​នាង​ជឿថា​ជា “​សិល្បៈ​” និង​មិន​បានដឹង​ពី​ច្បាប់​ពាក់ព័ន្ធ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង ជី​រ៉ា​រ៉ាត់ ចា​ណា់​ថូ ត្រូវ​ប៉ូលិស​សាកសួរ​មួយ​ម៉ោង​កាលពី​ថ្ងៃ​អង្គារ ជុំវិញ​វីដេអូ​សិច​ស៊ី​នៅក្នុង Chat Room សម្ងាត់