ប៉ូលិស​សេដ្ឋកិច្ច រកឃើញ​បារី​ជិត ១៦០០ ប៊ិច ដែល​វេច​ខ្ចប់ ពុំ​ត្រឹមត្រូវ តាមច្បាប់​កំណត់​

818
ចែករម្លែក

ដោយ​៖ គ​ន្ធា​ /
​ត្បូងឃ្មុំ​៖ នគរបាល​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ រកឃើញ​បារី​ជិត ១៦០០ ប៊ិច ដែល​បាន​វេច​ខ្ចប់ ពុំមាន​សារ​ព្រមាន​សុខភាព និង​រូបភាព ត្រឹមត្រូវ តាមច្បាប់​កំណត់ ក្នុង​រោងចក្រ CTK ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

​មន្ត្រី​នគ​បាល​សេដ្ឋកិច្ច នៃ​ក្រសួងមហាផ្ទៃ បានឱ្យដឹង​នៅ​ថ្ងៃទី​៥ មេសា​នេះ​ថា ក្រោម​ការបញ្ជា​ផ្ទាល់ របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​មន្ត្រី នៃ​មជ្ឈមណ្ឌល​ជាតិ លើក​កំពស់​សុខភាព ក្រសួងសុខាភិបាល និង​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល នីតិវិធី​ពី លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារង ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​៣ ខែមេសា ឆ្នាំ​២០១៨ បាន​ចុះ​ត្រួតពិនិត្យ រោងចក្រ​បារី CTK ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​សមត្ថកិច្ច​សង្ស័យ​ថា មានការ​វេច​ខ្ចប់ ផលិតផល​ថ្នាំជក់ ពុំមាន​បោះ​ពុ​ម្ភ​សារ ព្រមាន​សុខភាព និង​រូបភាព​លើ​កញ្ចប់ ត្រឹមត្រូវ តាមច្បាប់​កំណត់ ។

​ក្រោយ​ការត្រួតពិនិត្យ​ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ បាន​រកឃើញ បារី ៤ ម៉ាក សរុប​ចំនួន ១.៥៩១ ប៊ិច បាន​ផលិត និង​វេច​ខ្ចប់ រួចរាល់ ដោយ​ពុំមាន​សារ​ព្រមាន សុខភាព ជា​ភាសា​ខ្មែរ និង​រូបភាព​អនុលោម ទៅតាម​ច្បាប់​កំណត់ ព្រមជាមួយ​សំបក​វេច​ខ្ចប់ ចំនួន ៤៤ កេស ទៀត ។ ដូចនេះ លោក​ព្រះរាជអាជ្ញារង ទៀវ ពណ្ណរាយ បានសម្រេច ឱ្យ​ប្រមូលយក​បារី និង​សំបក​វេច​ខ្ចប់ ទាំងអស់ ខាងលើ ទៅ​រក្សាទុក ក្នុង​បន្ទប់ នៃ​ទីតាំង​ផ្នែក​ខាងមុខ រោងចក្រ រួច​ធ្វើ​ការបិទ​ប្លុម​បេ បន្ទប់​នោះ ជា​បណ្តោះអាសន្ន រហូតដល់​មានការ​សម្រេច​ថ្មី ពី​តុលាការ ។

​ជាក់ស្តែង នេះ​គឺជា​ប្រតិបត្តិការ លើក​ទី​ពីរ​ហើយ របស់​សមត្ថកិច្ច នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដែល​សហការ​ជាមួយ មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ លើក​កំពស់​សុខភាព ក្រសួងសុខាភិបាល ក្នុង​ការចុះពង្រឹង​ការអនុវត្ត​ច្បាប់ លើ​ការបោះពុម្ព សារ​ព្រមាន​សុខភាព និង​រូបភាព ឱ្យបាន​ត្រឹមត្រូវ តាមច្បាប់​កំណត់​៕V