ប៉ូលិស​ស្រុក​ឯក​ភ្នំ​អប់រំ​បុរស​ម្នាក់​ដែល​លាក់ទុក​កាំភ្លើង​កែច្នៃ​បាញ់​សត្វ​

2113
ចែករម្លែក
  • 1
    Share

(​បាត់ដំបង​): នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​យកមក​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​ប្រើប្រាស់​អាវុធ​កែច្នៃ (​កាំភ្លើង​ស្នប់​បាញ់​សត្វ​) តទៅទៀត ព្រោះ​កា​ភ្លើង​នេះ​អាច​បាញ់សម្លាប់​មនុស្ស​ស្លាប់ ហើយ​ដកហូត​កាំភ្លើង​នេះ​ទុក នៅ​អធិការដ្ឋាន​ស្រុក រួច​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​លោក ខែម សុភ​ក្ត្រា មន្ត្រី​ព្រហ្មទណ្ឌ​ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា បុរស​ដែល​ប្រគល់​កាំភ្លើង​កែច្នៃ​សម្រាប់​បាញ់​សត្វ​មានឈ្មោះ ប៉ុល បូរាណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។​

​លោក​សុភ​ក្ត្រា​បាន​បន្តថា ជននេះ​តែងតែ​ធ្វើ​សកម្មភាព​ដើរ​បាញ់​សត្វ​នៅពេល​យប់ និង​បាន​ដកហូតយក​អាវុធ​កែច្នៃ​នោះ យកមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ​។ ក្រោយ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​រួចមក សមត្ថកិច្ច​ក៏​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ដោយឡែក​លោក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក ដែល​រក្សាទុក​កាំភ្លើង​កែច្នៃ​សម្រាប់​បាញ់​សត្វ​នៅក្នុង​ផ្ទះ​ត្រូវ​ប្រញាប់​រូតរះ យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​យកទៅ​បំផ្លាញចោល ប៉ុន្តែ​បើ​បងប្អូន​មិន​ព្រម​ប្រគល់ជូន ពេល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​រកឃើញ​នឹង​មានទោស​ព្រហ្មទណ្ឌ​ជាមិនខាន​៕ ដោយៈ គ្រញូង​