ប៉ូលិស​ហុងកុង​ចាប់ខ្លួន​២៩​នាក់ នៅពេល​ការតវ៉ា​ប្រឆាំង​បន្ថែមទៀត​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​

242
ចែករម្លែក

ប៉ូលិស​ហុងកុង​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា ខ្លួន​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​២៩​នាក់​ក្រោយ​ការ​ប៉ះ​ទង្កិច​កាល​ពី​រំលង​អាធ្រាត​ដោយ​មាន​ការបាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ផង​​ដើម្បី​បំបែក​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល នៅពេល​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​នេះ​ប្រឈម​ការតវ៉ា​ប្រឆាំង​ជា​ថ្មី​នៅ​ថ្ងៃអាទិត្យ​នេះ​។​

​ពួក​សកម្មជន​កាលពី​ថ្ងៃ​សៅរ៍ បាន​ចោល​គ្រាប់បែក​សាំង​និង​ដុំ​ថ្ម​ដាក់​ប៉ូលិស​នៅ​តំបន់​គ្វុន តុង ។​ស្ថានីយ រថភ្លើង​ក្រោម​ដី​ចំនួន​៤​ក៏​បាន​បិទ​ដោយសារ​តែ​ការប្រឆាំង​តវ៉ា​។​

​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​បន្ទាប់​ពី​ពួក​បាតុករ​ចោល​គ្រាប់បែក​សាំង​និង​ដុំឥដ្ឋ​និង​ខ្លះ​ទៀត​បង្ហោះគោម​បំពាក់​កាម៉េរ៉ា​ស៊ើប​ការណ៍ នៅ​ពេល​មួយ​ចំនួន​ទៀត​បង្កើត​​របាំង​ផ្លូវ ដោយ​ប្រើ​រន្ទា​ឬ​ស្សី​។​

​វា​ជា​ការប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​លើកដំបូង​នៅក្នុង​រយៈពេល​ជាង​១​សប្តាហ៍​មក​នេះ ក្រោយ​ការ​ធ្វើ​បាតុកម្ម​បន្តបន្ទាប់​ដោយ​ភាគច្រើន​អហិង្សា​នៅក្នុង​អតីត​ទឹកដី​អាណានិគម​​អង់គ្លេស​នេះ​។​តែ​ទោះជា​យ៉ាងណា គមនាគមន៍​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង​ដំណើរការ​ធម្មតា​កាលពី​ថ្ងៃអាទិត្យ ទោះ​ជា​អ្នកប្រឆាំង​តវ៉ា​មាន​ផែនការ​ធ្វើ​បា​តុ​​កម្ម​ពេញ​មួយ​ថ្ងៃ​អាទិត្យ​នេះ​ក្តី​។​

​ប៉ូលិស​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​សូម​ថ្កោលទោស​ជា​ខ្លាំង​ដល់​ពួក​ប្រឆាំង​តវ៉ា​ដែល​រំខាន​ភាពស្ងប់ស្ងាត់​សាធារណៈ​កាលពី​ថ្ងៃ​សៅរ៍​និង​ថា​​បុរស​១៩​នាក់​និង​ស្ត្រី​១០​នាក់​ត្រូវបាន​ចាប់ខ្លួន​។​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន រួមមាន​អ្នក​រៀបចំ​ការដើរ​ដង្ហែ​កាលពី​ថ្ងៃ​សៅរ៍​ម្នាក់​ផង​ដែរ​។​

​ការប្រឆាំង​តវ៉ា ដែល​ចាប់ផ្តើម​ឡើង​ដោយសារ​ការប្រឆាំង​នឹង​ច្បាប់​បត្យាប័ន ឥឡូវ​វិវត្ត​ទៅ​ជា​ការទាមទា​រលទ្ធិ​ប្រជាធិបតេយ្យ​ធំ​ឡើង ដោយ​បាន​ធ្វើអោយ​កក្រើក​និង​ជាប់គាំង​​ហុងកុង​អស់​៣​ខែ​មក​ហើយ​។​ការទាមទារ​របស់​បាតុករ​រួមមាន ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​លើ​អ្វី​ដែល​ពួកគេ​ពណ៌នា​ថា​ជា​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស ការដកចេញ​ច្បាប់​ប​ត្យា​​ប័ន​ទាំងស្រុង​និង​សិទ្ធិ​បោះឆ្នោត​សកល​៕​ដោយ​៖​វាសនា​

#