ប៉ូលិស​ហុងកុង ​ចាប់ខ្លួន​បាតុករ​ហិង្សា​១៨​នាក់​

429
ចែករម្លែក

​ប៉ូលិស​ហុងកុង​និយាយថា ខ្លួន​បាន​ចាប់​មនុស្ស​១៨​នាក់ រួមមាន​១២​នាក់​ចំពោះ​ការតវ៉ា​ប្រឆាំង​កាលពី​ថ្ងៃ​០១​កក្កដា ​ដែល​មាន​ការ​សម្រុកចូល​កាន់កាប់​និង​បំផ្លាញ​នៅក្នុង​អគារ​​សភា​នៃ​ទីក្រុង​នេះ​។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣​កក្កដា​ថា បុរស​១១​នាក់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​នាំ​ទៅកាន់​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស​ចំពោះ​«​ឧបទ្ទវហេតុ​ហិង្សា​» នៅ​ជិត​អគារ​សភា​និង​ទាក់​​ទង​នឹង​ការ​វាយ​និង​រារាំង​ប៉ូលិស​។​បទល្មើស​រួមមាន ការ​មាន​សព្វាវុធ​វាយប្រហារ ការជួបជុំ​ខុសច្បាប់​និង​ការមិន​កាន់​អត្តសញ្ញាណ​ប័ណ្ណ​។​

​ប៉ូលិស​បាន​ឲ្យដឹងទៀតថា មនុស្ស​៦​នាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​ការរារាំង​រំខាន​ជំនួប​សាធារណៈ​មួយ​កាលពី​ថ្ងៃ​៣០​មិថុនា​។​

ប៉ូលិស​ដើរ​ល្បាត​នៅក្រៅ​អគារ​សភា​ហុងកុង និង​ពួក​បាតុករ​បំផ្លាញ​ជញ្ជាំង​កញ្ចក់​នៃ​អគារ​សភា​កាល​ពិ​ថ្ងៃ​១​កក្កដា​

​សូមបញ្ជាក់​ថា ទឹកដី​ពាក់កណ្តាល​ស្វ័យភាព​នេះ បាន​ជួប​បាត​កុម្ម​រាប់​សប្តាហ៍ តាំងពី​ដើម​ខែ​មុន​មក​ដោយសារតែ​ពង្រាង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ​។​

​កាលពី​ថ្ងៃ​ពុធ​ ពួកកម្មករ​បានចាប់ផ្តើម​ការងារ​បោសសម្អាត​និង​ជួសជុល ខណៈ​ប៉ូលិស​ប្រមូល​ភស្តុ​ង​តាង​និង​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ចំពោះ​ការខូចខាត​បង្កឡើង​ដោយ​ពួក​​បាតុករ​ហិង្សា​នៅ​អគារ​សភា​ហុងកុង​។​រដ្ឋាភិបាល​ក៏​បាន​នាំ​អ្នកកាសែត​ទៅ​មើល​ជាន់​ទី​១​និង​ទី​២​នៃ​អគារ​ដើម្បី​បង្ហាញ​ទំហំ​នៃ​ការខូចខាត​។​

​កាលពី​ថ្ងៃ​ចន្ទ អ្នក​ក្រុង​ហុងកុង​និង​ពិភពលោក​មាន​ការភ្ញាក់ផ្អើល​នៅ​ពេល​ពួក​បាតុករ​បាន​បញ្ចេញ​កំហឹង​និង​ការ​អស់​ជំនឿ​ចិត្ត​លើ​សភា​របស់​ខ្លួន ។​ពួកគេ​បាន​វាយ​ទម្លុះ​ជញ្ជាំង​​កញ្ចក់​ ហើយ​នៅក្នុង​សាល​សភា ពួកគេ​បាន​ឡើង​ឈរ​លើ​តុ បាញ់ថ្នាំ​គូរ​ជា​ពាក្យស្លោក​ប្រឆាំង​ចិន​និង​លើ​រូប​ផ្កា​តំណាង​ហុងកុង​៕​ដោយ​៖​វាសនា​/Ha