ប៉ូលិស​ហុងកុង​ត្រូវ​បាតុក​របាញ់​ព្រួញ​ចំ​ជើង​

239
ចែករម្លែក

​ប៉ូលិស​ហុងកុង​ម្នាក់​បាន​ត្រូវ​មួយ​គ្រាប់​ព្រួញ​ធ្លុះ​ជើង នៅ​ពេល​ពួក​អ្នក​ប្រឆាំង​តវ៉ា​ដុត​ស្ពាន​អាកាស​នៅ​ខាងលើ​អោយ​ឆេះ ក្នុងពេល​ប្រយុទ្ធ​ជាមួយ​កម្លាំង​ប៉ូលិស ដែល​បាន​​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ការបាញ់ទឹក​ក្នុងពេល​រុលចូល​ទីតាំង​បាតុកម្ម​មួយ​នៅក្នុង​សកល​វិទ្យាល័យ​។​

​ប៉ូលិស​បាន​និយាយថា ផ្លែ​ព្រួញ​បាន​ហោះ​មក​ចំ​កំភួនជើង​នាយប៉ូលិស​នៃ​ការិយាល័យ​សារព័ត៌មាន​ម្នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​វិច្ឆិកា និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

រូបភាព​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​របស់​ប៉ូលិស បង្ហាញ​ផ្លែ​ព្រួញ​ជាប់​កំភួនជើង​ប៉ូលិស​

​កាលពី​ថ្ងៃអាទិត្យ ប៉ូលិស​បាន​រុលចូល​ពី​គ្រប់​ទិស​នៅ​ពេល​អ្នក​ប្រឆាំង​តវ៉ា​ខ្លះ​បាន​ដកថយ​ពី​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ហុងកុង និង​ខ្លះទៀត​នៅ​តស៊ូ​និង​ដុត​ភ្លើង​បង្ក​អគ្គិភ័យ​​នៅលើ​ស្ពាន​ឆ្ពោះ​មក​កាន់​សកល​វិទ្យាល័យ​។​

អគ្គិភ័យ​នៅលើ​ផ្លូវ​ដើរ​នៅ​ស្ពាន​អាកាស​ដែល​ភ្ជាប់​ទៅ​ស្ថានីយ​រថភ្លើង​និង​សកល​វិទ្យាល័យ​ដែល​អ្នក​ប្រឆាំង​តវ៉ា​កាន់កាប់​

​ការប្រើ​ស្នា​និង​ព្រួញ ជាមួយ​គ្រាប់បែក​សាំង និង​ដង្ហក់​(​ចំ​ពាម​ខ្នាត​ធំ​)​ធ្វើអោយ​ការប្រឈមមុខគ្នា​កាលពី​ថ្ងៃអាទិត្យ​កាន់តែ​ហិង្សា​នៅ​ក្នុង​ចលនា​ប្រឆាំង​រដ្ឋាភិបាល​អស់​ពេល​ជាង​៥​ខែ​មកនេះ​។​ពួក​អ្នក​ប្រឆាំង​តវ៉ា​បន្ត​គាបសង្កត់​ក្រុម​មេដឹកនាំ​ហុងកុង ដែល​បាន​បដិសេធ​ការទាមទារ​របស់​គេ​។​

​សូម​រំលឹក​ថា បាតុកម្ម​អូសបន្លាយ​ពេល​នេះ​បង្កឡើង​ដោយ​ពង្រាង​ច្បាប់​បត្យាប័ន ដែល​អនុញ្ញាត​អោយ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​ចិនដីគោក​។​​ពួក​អ្នក​ប្រឆាំង​តវ៉ា​មើលឃើញ​វា​ថា​ជាការ​សឹក​រិល​នៃ​ស្វ័យភាព​របស់​ហុងកុង នៅក្រោម​រូបមន្ត​« ប្រទេស​១ ប្រព័ន្ធ​២» ដែល​ត្រូវបាន​អនុវត្ត​ចាប់តាំងពី​អង់គ្លេស​ប្រគល់​ម​ជ្ឈ​​មណ្ឌល​ហិរញ្ញវត្ថុ​នេះ​មក​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧​។​តែ​ទាំង​រដ្ឋាភិបាល​ហុងកុង​និង​ចិន​យល់ថា​វា​ជាការ​ញុះញង់​ពី​កម្លាំង​បរទេស​ដើម្បី​បង្អាក់​ដំណើរ​​រីកចំរើន​របស់​ចិន​៕​ដោយ​៖​វាសនា​