ប៉ូលិស​ហុងកុង​និយាយ​ការពារ​ការប្រើប្រាស់​ក្រុមមន្ត្រី “​បន្លំ​ខ្លួន​” ជា​បាតុករ​ប្រឆាំង​រដ្ឋាភិបាល

387
ចែករម្លែក

​ប៉ូលិស​ហុងកុង​បាន​សារភាពថា​បានដាក់​ពង្រាយ​មន្ត្រី​ក្លែងខ្លួន​ជា​ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋាភិបាល ក្នុងពេល​មាន​ចលាចល​ដ៏​ធំ ដែល​ធ្វើឱ្យរញ្ជួយ​ទីក្រុង​នេះ​កាលពី​ថ្ងៃអាទិត្យ​ទី​១១​សីហា​។​

​អ្នកនាំពាក្យ​ម្នាក់​និយាយថា មន្ត្រី​ខ្លះ​បាន​ក្លែងខ្លួន​ជា “​តួអង្គ​ផ្សេងៗ​គ្នា​” ដោយ​បន្ថែមថា “​ប្រតិបត្តិ​ការបោក​បញ្ឆោត​នេះ​” គឺ​តម្រង់​គោលដៅ​ទៅលើ “​ក្រុម​កុបករ​ហិង្សា​ខ្លាំង​តែប៉ុណ្ណោះ​”​។​

​ការលើកឡើង​នេះ​បាន​កើតឡើង​បន្ទាប់ពី​វីដេអូ​មួយ​បង្ហាញ​ក្រុមមន្ត្រី​ក្លែងខ្លួន​កំពុង​ចាប់​ពួក​បាតុករ​ក្នុងពេល​មានការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃអាទិត្យ​។​

​ក្រុមអ្នកតវ៉ា​បាន​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​លើ​សកម្មភាព​របស់​ប៉ូលិស​។​

​មហា​បាតុកម្ម​និង​ភាពវឹកវរ​នៅ​ទីក្រុង​ហុងកុង​មិនបាន​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​នោះទេ គឺ​ជាង​ពីរ​ខែ​ហើយ​បន្ទាប់ពី​បាតុកម្ម​ត្រូវបាន​បង្កឡើង​ដោយ​សេចក្តីព្រាងច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស ដែល​ឥឡូវ​ត្រូវបាន​ផ្អាក​។​

​កាលពី​ថ្ងៃ​ចន្ទ​ក្រុមអ្នកតវ៉ា​បាន​កាន់កាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ហុងកុង​ដោយ​បង្ខំ​ឱ្យ​លុបចោល​ជើងហោះហើរ​ទាំងអស់​។ អាជ្ញាធរ​និយាយថា ប្រតិបត្តិការ​ឥឡូវ​បាន​បន្ត​វិញ​ហើយ​នៅ​អាកាសយានដ្ឋាន​ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​លុបចោល​ជើងហោះហើរ​រាប់រយ​ទៀត​នៅ​ថ្ងៃ​អង្គារ​ទី​១៣​សីហា​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​សន្និសីទកាសែត​មួយ ស្នងការរង​ប៉ូលិស​លោក តាំង ពីង​គឿង បាន​និយាយ​ការពារ​ការប្រើប្រាស់ “​មន្ត្រី​បន្លំ​ខ្លួន​”​។​

​លោក​និយាយថា “​ខ្ញុំ​អាច​និយាយបានថា​ក្នុងអំឡុង​ពេលដែល​មន្ត្រី​ប៉ូលិស​របស់​យើង​បាន​បន្លំ​ខ្លួន​… ពួកគេ [​មិនបាន​] បង្កឱ្យមាន​អ្វី​កើតឡើង​នោះទេ​។ យើង​នឹងមិន​ស្នើឱ្យ​ពួកគេ​បង្កបញ្ហា​នោះឡើយ​”​។​

​លោក​បាន​បន្ថែមថា “​ប្រតិបត្តិការ​របស់​យើង​…​គឺ​សំដៅ​ទៅលើ​ក្រុម​កុបករ​ហិង្សា​ជ្រុលនិយម​បំផុត​”​។ លោក​តាំង​និយាយថា ប៉ូលិស​ឆ្លើយតប​ទៅនឹង​ក្រុមអ្នកតវ៉ា ដែល​បាន​ប្រើ​ចម្ពាម​និង​គប់​ដប​សាំង​៕ ដោយ៖ កញ្ញាដាលីស

ក្រុមប៉ូលិស​បន្លំ​ខ្លួន​ចាប់​បាតុករ​ហិង្សា​កាលពី​ថ្ងៃអាទិត្យ