ប៉ូលិស​ហុងកុង​បាញ់​លើ​អ្នក​ប្រឆាំង​តវ៉ា​បន្ទាប់ពី​បាតុករអុកឡុក​ពេញ​មួយ​យប់​ (វីដេអូ)

1233
ចែករម្លែក

​ប៉ូលិស​ហុងកុង​ម្នាក់​បាន​បាញ់​លើ​អ្នក​ប្រឆាំង​តវ៉ា​យ៉ាង​តិច​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​វិច្ឆិកា ក្នុងអំឡុងពេល​មាន​ការប៉ះទង្គិច​ដែល​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​បណ្តាញ​​សង្គម​ហ្វេ​សប៊ុក​។​

​រូបភាព​បង្ហាញ​នាយ​ប៉ូលិស​ដក​កាំភ្លើង​នៅ​សង្កាត់​សាយ វ៉ាន់​ហូ និង​បន្ទាប់មក​ព្យាយាម​ចាប់​បុរស​ពាក់​ម៉ាស​មុខ​ម្នាក់​។​បុរស​ម្នាក់​ទៀត​បាន​ដើរ​សំដៅ​ប៉ូលិស​និង​ទំនងជា​ត្រូវ​បាញ់​​ចំ​ទ្រូង ហើយ​បាន​ដួល​ទៅ​នឹង​ដី​ភ្លាម​។​

​នៅ​ប៉ុន្មាន​វិនាទី​ក្រ​យ​មក ការបាញ់​គ្រាប់​ពិត​ក៏​ត្រូវបាន​គេ​ឮ​ក្នុងពេល​មាន​ការ​ប្រវាយប្រតប់​គ្នា​និង​បុរស​ពាក់​ម៉ាស​មុខ​ម្នាក់​ទៀត​បាន​ដួល​ទៅ​នឹង​ដី​តែ​មិនដឹងថា​តើ​ជននេះ​ត្រូវ​​គ្រាប់​ឬ​យ៉ាងណា​។​

​កាលពី​យប់​ថ្ងៃអាទិត្យ ភាពវឹកវរ​បានកើត​មាន​នៅ​ទី​ទាំង​ទីក្រុង​ហុងកុង ដោយ​ប៉ូលិស​បាន​បាញ់​គ្រាប់​បែកផ្សែង​ហើយ​ពួក​អ្នក​ប្រឆាំង​តវ៉ា បាន​បិទផ្លូវ​និង​វាយបំផ្លាញ​ហាង​ទំនិញ​​ចំ​ពេល​ពួក​បាតុករ​បញ្ចេញ​កំហឹង​ចំពោះ​ការស្លាប់​របស់​សកម្មជន​និស្សិត​ម្នាក់​និង​ការចាប់ខ្លួន​ពួក​សមាជិក​សភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​សូមបញ្ជាក់​ថា ហុងកុង​កំពុង​ស្ថិត​ក្នុង​ភាពវឹកវរ​បណ្តាលមកពី​ការតវ៉ា​ប្រឆាំង​អស់​ពេល​៦​ខែ ក្រោយ​ពី​វា​បាន​ចាប់ផ្តើម​នៅ​ខែមិថុនា ដោយ​ដំបូង​តវ៉ា​អំពី​ច្បាប់​បត្យាប័ន​តែ​ពួក​​បាតុករ​បង្កើន​ការទាមទារ​និង​តវ៉ា​តវ៉ា​ប្រឆាំង​របស់​គេ​ទោះ​ជា​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ត្រូវបាន​លុប​ចោល​ហើយ​ក្តី​។​

​កាលពី​ថ្ងៃ​សៅរ៍ ប៉ូលិស​បាន​ប្រកាស​អំពី​ការចាប់ខ្លួន​សមាជិកសភា​៦​នាក់​ចំពោះ​ការរារាំង​ការជួបជុំ​មួយ​កាលពី​ខែ​ឧសភា តែ​ពួកគេ​បាន​បង់ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​។​កាលពី​​ថ្ងៃ​សុក្រ ពួក​អ្នក​តវ៉ា​ប្រឆាំង​បាន​នាំគ្នា​កាន់ទុក្ខ​សព​និស្សិត​ម្នាក់​ដែល​បាន​ស្លាប់​ដោយ​របួស​ពី​ការធ្លាក់​ពី​យានដ្ឋាន​មួយ​ក្នុងពេល​រត់គេច​ពី​ការបង្ក្រាប​របស់​ប៉ូលិស​។​

​មនុស្ស​ជាង​៣.៣០០​នាក់​ត្រូវបាន​ចាប់​ខ្លួន​ចាប់តាំងពី​ការចាប់ផ្តើម​ចលនា​ប្រឆាំង​តវ៉ា​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ​មក​៕​ដោយ​៖​វាសនា​

ប៉ូលិស​បាញ់​គ្រាប់​ពិតនិងគ្រាប់បែកផ្សែង​ដាក់​អ្នក​ប្រឆាំង​តវ៉ា​ដែល​បង្ហាញ​ការមិន​ខ្លាច​