ប៉ូលិស​ហុងកុង​ប្រើ​ធម៌​ក្តៅ​នាំ​អោយ​អាម៉េរិក​ថ្កោលទោស នៅពេល​កាសែត​ចិន​សុំ​អោយ​ប្រើ​គ្រាប់​ពិត​

1222
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​វិច្ឆិកា​បាន​ថ្កោលទោស​«​ការប្រើ​កម្លាំង​មិន​ត្រឹមត្រូវ​»​នៅ​ហុងកុង និង​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គាំពារ​សេរីភាព​ហុងកុង​​នៅ​ពេល​ពួក​អ្នក​ប្រឆាំង​តវ៉ា​តស៊ូ​ជាមួយ​ប៉ូលិស​ដែល​បាននិងកំពុង​ឡោម​ព័ទ្ធ​ពួកគេ​នៅក្នុង​សកល​វិទ្យាល័យ​មួ​យ​និង​ការបិទផ្លូវ​នៅ​សង្កាត់​នានា​ក្នុង​ក្រុង​ហុងកុង​។​

​មន្ត្រី​អាម៉េរិក​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា​« យើង​សូម​ថ្កោលទោស​ការប្រើ​កម្លាំង​មិន​ត្រឹមត្រូវ ហើយ​អំពាវនាវ​អោយ​ភាគី​ទាំងអស់​អត់ធ្មត់​កុំ​ប្រើ​អំពើហិង្សា និង​ចូលរួម​ក្នុង​​ការចរចា​បែប​ស្ថាបនា​»​។​

​ប្រតិកម្ម​របស់​អាម៉េរិក​កើតឡើង​ចំពេល​និពន្ធ​នាយក​កាសែត​Global Times របស់​ចិន​និយាយថា ប៉ូលិស​ហុងកុង​គួរប្រើ​អ្នកបាញ់​ស៊ី​ប​ដើម្បី​បាញ់​គ្រាប់​ពិត​លើ​អ្នក​តវ៉ា​ប្រឆាំង​​ហិង្សា​។​

​លោក​ហ៊ូ ស៊ី​ជីន បានលើកឡើង​ដូច្នេះ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ក្នុងអំឡុងពេល​មាន​ការប្រឈមមុខ​ហិង្សា​រវាង​កងកម្លាំង​ប៉ូលិស​និង​ពួក​បាតុករ​ដែល​នៅ​ក្រាញ​ក្នុង​សកល​វិទ្យាល័យ​​បច្ចេកវិទ្យា​ហុងកុង​។​

​នៅ​ពេល​ប៉ូលិស​ឡោមព័ទ្ធ​សកល​វិទ្យាល័យ​ខាងលើ ពួក​បាតុករ​បាន​ប្រព្រឹត្ត​ដូច​កម្រោលចូល​នៅ​ពេញ​សង្កាត់​ទេសចរណ៍​មួយ​ក្រោយ​ការប្រឈមមុខ​អស់​ពេល​២​ថ្ងៃ​ជាប់​គ្នា ដែល​បង្ក​​អោយ​មាន​ការបារម្ភ​អំពី​ការបង្ក្រាប​ដ៏​បង្ហូរឈាម​។​

​នៅ​ថ្ងៃ​ចន្ទ​ទី​១៨​វិច្ឆិកា មាន​ការប៉ះទង្គិច​ថ្មី​នៅ​ពេល​ប៉ូលិស​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​បង្ខំ​អោយ​អ្នក​ប្រឆាំង​តវ៉ា​ដកថយ ។​ពួក​អ្នក​បុគ្គលិក​ការិយាល័យ​​ក៏​នាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​ដើម្បី​គាំទ្រ​ចលនា​ប្រឆាំង​រដ្ឋាភិបាល និង​អ្នកប្រឆាំង​តវ៉ា​ខ្លះ​បាន​បិទផ្លូវ​នៅ​សង្កាត់​យ៉ាងតិច​ចំនួន​ពីរ​។​

​សារព័ត៌មាន​មូលដ្ឋាន​បាន​រាយការណ៍​ថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាង​តិច​៤០​នាក់​ត្រូវបាន​ចាប់ខ្លួន នៅ​ពេល​ពួក​អ្នក​ប្រឆាំង​តវ៉ា ភាគច្រើន​ជា​និស្សិត​បាន​ព្យាយាម​គេច​​ចេញពី​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ហុងកុង​។​

​គ្រាន់​តែ​មួយ​ប់​ថ្ងៃអាទិត្យ មនុស្ស​៣៨​នាក់​បាន​រងរបួស និង​អ្នករងរបួស​មួយចំនួនទៀត​កំពុង​សម្ងំ​ក្នុង​ទីតាំង​បាតុកម្ម​ក្នុង​បរិវេណ​សកល​វិទ្យាល័យ​៕ដោយ៖វាសនា

​អ្នក​ប្រឆាំង​តវ៉ា​ក្បាល​រឹង ត្រូវ​ប៉ូលិស​ចាប់​ចង​នៅ​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​កាលពី​ថ្ងៃ​១៨​វិច្ឆិកា​