ប៉ូលិស​ហុងកុង​ប្រើ​រថយន្ត​បាញ់​ទឹក​ក្នុងអំឡុង​ប៉ះទង្គិច​ជាមួយ​អ្នក​ប្រឆាំង​តវ៉ា​

382
ចែករម្លែក

​ប៉ូលិស​បាន​បញ្ជូន​រថ​យន្ត​២​បំពាក់​ដោយ​កាណុង​បាញ់​ទឹក​ក្នុងការ​តតាំង​ជាមួយ​បាតុករ​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​សីហា ។​រថយន្ត​បាន​បើក​យឺតៗ​តាម​វិថី​ឈៀន វ៉ាន​និង​បាន​​តម្រង់​កាណុង​បាញ់​ទឹក​ទៅរ​បាំង​ផ្លូវ​បង្កើតឡើង​ដោយ​បាតុករ​នៅ​ពេល​ប៉ូលិស​ព្យាយាម​សម្អាត​ផ្លូវ​នៅពេល​បាតុករ​ដកថយ​និង​ភាគច្រើន​បាន​បំបែកហ្វូង​នៅ​ម៉ោង​៧​កន្លះ​​យប់​។​

​វា​បាន​កើតឡើង​ក្រោយ​ពី​ប៉ូលិស​ប្រើ​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​បណ្តេញ​អ្នកប្រឆាំង​តវ៉ា ។​

​តែ​នៅពេល​បាតុកម្ម​ធំ​ត្រូវ​បំបែក អ្នក​តវ៉ា​ប្រឆាំង​ជា​ក្រុម​តូចៗ​បាន​ផ្តោត​លើ​ហាង​ទំនិញ​នៅ​ទីលាន​យី​ភៃ ក្នុង​វិថី​ឈៀន វ៉ាន ជាហេតុ​នាំ​អោយ​មាន​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​​និង​អ្នក​គាំទ្រ​រដ្ឋាភិបាល​។​

​ក្រោយ​ម៉ោង​៨​យប់ ប៉ូលិស​២​នាក់​បាន​ដក​កាំភ្លើង​តំរង់​ទៅ​ក្រុម​អ្នក​ប្រឆាំង​តវ៉ា ដែល​បាន​វាយ​ពួកគេ ជាហេតុ​នាំ​អោយ​មាន​ការ​ប្រឈម​មុខ​ហើយ​ប៉ូលិស​បាន​បន្ថែម​កម្លាំង​។​

​មុន​នេះ​ក្នុង​ថ្ងៃ​ដដែល ក្រុមបាតុករ​បាន​កាន់​កាប់​វិថី ឈៀន វ៉ាន ដោយ​ប្រើ​រន្ទា​ឬ​ស្សី ដុំរ​បាំង​ផ្លូវ​និង​ធុងសំរាម ធ្វើ​ជារ​បាំង​ផ្លូវ ។​

​កាលពី​ថ្ងៃ​សៅរ៍ ពួក​សកម្មជន​បាន​ចោល​គ្រាប់បែក​សាំង​និង​ដុំ​ថ្ម​ដាក់​ប៉ូលិស​នៅ​តំបន់​គ្វុន តុង ។​ស្ថានីយ រថភ្លើង​ក្រោម​ដី​ចំនួន​៤​ក៏​បាន​បិទ​ដោយសារ​តែ​ការប្រឆាំង​តវ៉ា​។​

​ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​បន្ទាប់​ពី​ពួក​បាតុករ​ចោល​គ្រាប់បែក​សាំង​និង​ដុំឥដ្ឋ​និង​ខ្លះ​ទៀត​បង្ហោះគោម​បំពាក់​កាម៉េរ៉ា​ស៊ើប​ការណ៍ នៅពេល​មួយចំនួន​ទៀត​បង្កើតរ​បាំង​ផ្លូវ ដោយ​ប្រើ​រន្ទា​ឬ​ស្សី​។​

​ការប្រឆាំង​តវ៉ា ដែល​ចាប់ផ្តើម​ឡើង​ដោយសារ​ការប្រឆាំង​នឹង​ច្បាប់​បត្យាប័ន ឥឡូវ​វិវត្ត​ទៅ​ជា​ការទាមទា​រលទ្ធិ​ប្រជាធិបតេយ្យ​ធំ​ឡើង ដោយ​បាន​ធ្វើអោយ​កក្រើក​និង​ជាប់គាំង​ហុងកុង​អស់​៣​ខែ​មក​ហើយ​។​ការទាមទារ​របស់​បាតុករ​រួមមាន ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​លើ​អ្វី​ដែល​ពួកគេ​ពណ៌នា​ថា​ជា​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស ការដកចេញ​ច្បាប់​បត្យាប័ន​ទាំងស្រុង​និង​សិទ្ធិ​បោះឆ្នោត​សកល​៕​ដោយ​៖​វាសនា​

#