ប៉ូលិស​ហុងកុង​ប្រើ​ឧបករណ៍​បញ្ចេញ​សម្លេង​ប្រឆាំង​បាតុកម្ម​ជា​លើកដំបូង​

767
ចែករម្លែក

​ប៉ូលិស​ហុងកុង​បាន​ប្រើ​ឧបករណ៍​បញ្ចេញ​សម្លេង​ប្រឆាំង​បាតុកម្ម​ដ៏​ចម្រូងចម្រាស​ជា​លើកដំបូង​បន្ទាប់​ពី​ខ្លួន​បាន​ទិញ​វា​កាលពី​១០​ឆ្នាំមុន ដោយ​ច្រាន​ចោល​ការអះអាង​របស់​ពួក​​សកម្មជន​ដែល​ថា សព្វាវុធ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​

​គេ​អាច​ឮ​សម្លេង​«​វូ វូ​» ចេញពី​រថ​ពាស​ដែល​ប៉ូលិស​កាលពី​ថ្ងៃអាទិត្យ នៅពេល​អ្នកនាំពាក្យ​ប៉ូលិស​បាន​អះអាងថា កងកម្លាំង​ប៉ូលិស​បាន​ប្រើ​ឧបករណ៍​បញ្ចេញ​សូរ​ចម្ងាយ​ឆ្ងាយ​(LRAD)​ដែល​ត្រូវបាន​បំពាក់​លើ​រថពាសដែក ដើម្បី​ចេញ​ការព្រមាន​ទៅ​កាន់​ពួក​កុបករ​។​

​លោក​ថា ឧបករណ៍​នេះ​អាច​បញ្ជូន​សារសំខាន់ៗ​បាន​ឆ្ងាយ​ក្នុង​បរិយាកាស​អ៊ូអរ និង​ថា​វា​មិនមែន​ជា​សព្វាវុធ​ទេ តែ​ជា​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​។​វា​មិនមែន​ជា​សម្លេង​នាំ​អោយ​វិល​​មុខ ក្អួតចង្អោរ​ឬ​ធ្វើ​អោយ​វង្វេង​ទេ​។​ពាក្យ​ចចាមអារ៉ាម​នេះ​មិន​ពិត​»​។​

​តែ​បើ​តាម​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ញូវយ៉ក​របស់​អាម៉េរិក ឧបករណ៍​LRAD​នេះ​មិន​ជា​អាវុធ​ទេ តែ​អ្នកប្រឆាំង​តវ៉ា​មាន​អារម្មណ៍​ឈឺ​ពេល​ទទួល​សម្លេង​របស់​វា​។​

​នៅ​ថ្ងៃ​អង្គារ​ទី​១៩​វិច្ឆិកា មេ​ប៉ូលិស​ហុងកុង​ថ្មី បាន​អំពាវនាវ​សុំ​ការគាំទ្រ​ពី​សាធារណជន​ដើម្បី​បញ្ចប់​ចលាចល ដែល​បាន​ញាំញី​ទីក្រុង​នេះ​អស់​ជាង​៥​ខែ​មកនេះ នៅ​ពេល​កម្លាំង​របស់​​លោក​នៅ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ពួក​អ្នក​ប្រឆាំង​តវ៉ា​នៅ​សកល​វិទ្យាល័យ​មួយ​ដល់​ថ្ងៃទី​៣​នៅ​ថ្ងៃ​អង្គារ​។​

​អ្នក​តវ៉ា​ប្រឆាំង​ប្រមាណ​២០០​នាក់​នៅក្នុង​សកល​វិទ្យាល័យ​បច្ចេកវិទ្យា​ហុងកុង​នៅឡើយ ខណៈ​មួយចំនួន​បាន​ព្យាយាម​គេ​ខ្លួន ឬ​ត្រូវ​ចាប់ខ្លួន​ដោយ​ប៉ូលិស​។​

​ពួក​និស្សិត​ដែល​បាន​ក្រាញ​នៅក្នុង​នោះ​អស់​ពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ បានធ្វើការ​គេចខ្លួន​ដ៏​ក្លាហាន​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​ពួកគេ​បាន​ប្រើ​ខ្សែ​សម្រូត​ទម្លាក់​ខ្លួន​ពី​ស្ពាន​​អាកាស​មក​ដី មុនពេល​ត្រូវ​ម៉ូតូឌុប​នាំ​ចេញ​ទៅ​។​

​ក្នុងពេល​ជាមួយគ្នា ចិន​បាន​អះអាងថា មាន​តែ​ខ្លួន​មួយ​គត់​ដែល​មាន​សិទ្ធិ​អំណាច​សំរេច​អំពី​បញ្ហា​រដ្ឋធម្មនុញ្ញ​នៅ​ហុងកុង នៅ​ពេល​ខ្លួន​រិះគន់​ការសំរេច​មួយ​របស់​តុលាការ​ជាន់​​ខ្ពស់​ហុងកុង​កាល​ពី​មួយ​ថ្ងៃមុន​នេះ​ដើម្បី​បដិសេធ​បំរាម​ពាក់​ម៉ាស​មុខ​ដោយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​នៅ​ហុងកុង​។​

​សេចក្តីប្រកាស​នេះ​មុខ​ជា​នឹង​បញ្ឆេះ​កំហឹង​ខ្លាំង​ឡើង​ក្នុងចំណោម​អ្នកប្រឆាំង​តវ៉ា​នៅ​ហុងកុង ដែល​គិត​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់តែ​ជ្រៀតជ្រែក​កិច្ចការ​នៃ​ទឹកដី​របស់​ខ្លួន​​ឬ​ធ្វើអោយ​សេរីភាព​នៃ​ទឹកដី​នេះ​កាន់តែ​សឹក​រិល​។​

​បំរាម​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ហុងកុង​ប្រកាស​ប្រើ​កាលពី​ខែតុលា តែ​តុលាការ​ជាន់ខ្ពស់​ហុងកុង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​វិច្ឆិកា បាន​សំរេច​ថា បំរាម​របស់​រដ្ឋាភិបាល​អំពី​ម៉ា​សមុខ អ​ធម្ម​​នុ​ញ្ញ​។ តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​និយាយថា ផ្នែក​យុត្តិធម៌​នៃ​តំបន់​រដ្ឋបាល​ពិសេស​នេះ ធ្វើ​ហួស​ដែន​អំណាច​របស់​ខ្លួន​។​អ្នកនាំពាក្យ​សភា​ចិន បាន​និយាយថា​មាន​តែ​សភា​​ប្រជាជន​ចិន​មាន​សិទ្ធិ​សំរេច​ថា​តើ​ច្បាប់​ណា​មួយ​វា​ស្រប​នឹង​ច្បាប់​គោល ដែលជា​កូន​រដ្ឋធម្មនុញ្ញ​របស់​ហុងកុង​៕​ដោយ​៖​វាសនា​