ប៉ូលិស​ហុងកុង​សម្រុកចូល​សកល​វិទ្យាល័យ​ដែល​កាន់កាប់​ដោយ​ក្រុមអ្នកតវ៉ា​

311
ចែករម្លែក

​ប៉ូលិស​បាន​សម្រុកចូល​បរិវេណ​នៃ​សាកលវិទ្យាល័យ​ក្រុង​ហុងកុង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ក្រោយ​ពី​វា​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុមអ្នកតវ៉ា​អស់​ប្រមាណ​១​សប្តាហ៍​បន្ទាប់​ពី​ការ​ឡោម​​ព័ទ្ធ​ដោយ​ប៉ូលិស​ពេញ​មួយ​យប់​ដោយ​មាន​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ការបាញ់ទឹក​។​

​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​បាន​ស្ថិតនៅ​ខាងក្នុង​សកល​វិទ្យាល័យ​ពហុបច្ចេកទេស​ហុងកុង​នេះ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​។ ប៉ូលិស​បាន​ឡោមព័ទ្ធ​តំបន់​នោះ​កាលពី​យប់​ថ្ងៃ​​អាទិត្យ ហើយ​បាន​ចាប់ផ្តើម​សម្រុកចូល​បន្ទាប់ពី​បាន​ដាក់ចេញ​ឱសានវាទ​សម្រាប់​មនុស្ស​ទាំងឡាយ​ឱ្យ​ចាក​ចេញពី​តំបន់​នោះ​។ ហ្វូង​អ្នក​តវ៉ា​ពាក់អាវ​ភ្លៀង​និង​កាន់ឆត្រ​ដើម្បី​​ការពារ​ខ្លួន​។​

​ប៉ូលិស​បាន​វាយ​បំបែក​ច្រក​ផ្លូវ​ចូល​មួយ​នៅ​មុន​ពេល​ព្រឹក​ព្រលឹម​ខណៈ​ដែល​អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ខាងក្នុង​និង​ខាងក្រៅ​សកល​វិទ្យាល័យ​។ ការផ្ទុះ​ឆេះ​ដ៏​ខ្លាំ​ត្រូវបាន​គេ​មើលឃើញ​​នៅពេល​ក្រុមអ្នកតវ៉ា បាន​ឆ្លើយតប​ជាមួយនឹង​គ្រាប់បែក​ដប​សាំង​។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន​។​

​នៅ​មុន​ពេល​ថ្ងៃ​រះ ក្រុមអ្នកតវ៉ា​នៅតែ​កាន់កាប់​ភាគច្រើន​នៃ​បរិវេណ​នេះ​។ នៅ​តំបន់​ខាងក្រៅ​មួយ​កន្លែង​ក្រុមបាតុករ​ខ្លះ​បាន​បំផ្ទុះ​គ្រាប់បែក​ដប​សាំង​ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ស្ថិត​​នៅ​ស្ងៀម​នៅនឹងកន្លែង​ដោយមាន​ពាក់​ម៉ាស​ការពារ​។

​មាន​ភាពស្ងប់ស្ងាត់​បន្តិច​នៅ​តំបន់​នោះ នៅពេល​ដែល​ប្រធាន​សកល​វិទ្យាល័យ​នេះ​បាន​និយាយ​នៅក្នុង​សារ​វីដេអូ​ថា ប៉ូលិស​បាន​យល់ព្រម​ផ្អាក​ការប្រើប្រាស់​កម្លាំង​របស់​ពួកគេ​។​

​ប្រធាន​សាកលវិទ្យាល័យ​នេះ​បាន​និយាយថា ប៉ូលិស​នឹង​អនុញ្ញាត​ឱ្យ​ក្រុមអ្នកតវ៉ា​ចាកចេញ​ហើយ​លោក​នឹង​អមដំណើរ​ពួកគេ​ទៅ​កាន់​ស្ថានីយ​ប៉ូលីស​ដើម្បី​ធានា​ថា​ករណី​របស់​​ពួកគេ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​ត្រឹមត្រូវ​៕​ដោយ​៖​សុខា​/sn

ប៉ូលិស កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ សម្រុកចូល​បរិវេណ​នៃ​សាកលវិទ្យាល័យ​ក្រុង​ហុងកុង​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុមអ្នកតវ៉ា​ខណៈ​ដែល​អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ខាងក្នុង​និង​ខាងក្រៅ​សកល​វិទ្យាល័យ​