ប៉ូលិស​ហុងកុង​សំរុកចូល​បង្ក្រាប​បាតុករ​នៅ​ផ្លូវ​រថភ្លើង​ក្រោម​ដី នៅពេល​ការប្រឆាំង​តវ៉ា​កញ្ជ្រោល​ឡើង​

580
ចែករម្លែក

​អ្នក​តវ៉ា​ប្រឆាំង​នៅ​ហុងកុង​បាន​ចោល​គ្រាប់បែក​សាំង​ដាក់​ស្នាក់ការ​រដ្ឋាភិបាល និង​បាន​ដុត​ភ្លើង​អោយ​ឆេះ​នៅ​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ប៉ូលិស​បាន​​សំរុកចូល​ផ្លូវ​រថភ្លើង​ក្រោម​ដី​និង​វាយ​អ្នកដំណើរ​ដោយ​ប្រើ​ដំបង​និង​ម្សៅ​ម្ទេស ក្នុង​ឈុត​ឆាក​មួយ​ដែល​មុខ​ជា​នឹង​បញ្ឆេះ​ភាព​តានតឹង​បន្ថែម​។​

​ប៉ូលិស​បាន​បដិសេធ​ការដើរ​ដង្ហែ​មួយ​ដើម្បី​កត់សំគាល់​ខួប​ទី​៥​នៃ​ការសំរេចចិត្ត​មួយ​ដោយ​ចិន​ប្រឆាំងនឹង​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ហុងកុង តែ​ពួក​អ្នកប្រឆាំង​​តវ៉ា បាន​នាំគ្នា​ចូល​ដងផ្លូវ​ដោយ​មិន​ស្តាប់​បំរាម​។​ពួកគេ​បង្ក​រឿង​និង​រារាំង​ប៉ូលិស​ម្តង​ហើយ​ម្តងទៀត តែ​ជា​ទូទៅ​បាន​ដកថយ​នៅពេល​ប៉ូលិស​សំរុកចូល ដោយ​ជៀសវាង​បានការ​​ប៉ះទង្គិច​។​

​ទោះជា​យ៉ាងណា រហូតដល់​យប់​ជ្រៅ វីដេអូ​មកពី​ទូរទស្សន៍​TVB​បានបង្ហាញ​ប៉ូលិស​នៅ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​Prince Edward គ្រវីដំបង​ដាក់​អ្នកដំណើរ ដែល​បាន​ថយ​ទៅ​ជាប់​​ជញ្ជាំង​ទូរ​រថភ្លើង​។​វីដេអូ​ក៏​បាន​បង្ហាញ​ការបាញ់​ម្សៅ​ម្ទេស​តាម​មាត់ទ្វារ​ដាក់​មនុស្ស​មួយក្រុម​ដែល​កំពុង​អង្គុយ​លើ​ឥដ្ឋ​។​

​គេ​មិនដឹងថា​តើ​អ្នកដំណើរ​ទាំងនោះ​តាម​ពិត​ជា​បាតុករ​ឬ​យ៉ាងណា តែ​ប៉ូលិស​បាន​និយាយថា​ខ្លួន​ចូល​ក្នុង​ស្ថានីយ​រថភ្លើង​នេះ​ដើម្បី​ចាប់ខ្លួន​ជនល្មើស​ក្រោយ​ពួក​ប្រឆាំង​តវ៉ា​វាយ​​អ្នក​ដទៃ​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ខាងក្នុង​។​

​សូមបញ្ជាក់​ថា ការតវ៉ា​ប្រឆាំង​បាន​ផ្ទុះឡើង​នៅ​ហុងកុង​ចាប់តាំងពី​ដើម​ខែ​មិថុនា ដោយសារតែ​ពង្រាង​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​មួយ តែ​វា​បាន​ប្រែក្លាយ​ជា​ចលនា​ទាមទារ​​លទ្ធិប្រជាធិបតេយ្យ​ធំ​ឡើង​សំរាប់​ទឹកដី​ពាក់កណ្តាល​ស្វ័យ​ត​ដែល​មាន​ប្រជាជន​៧,៤​លាន​នាក់​នេះ​។​ពួកគេ​កំពុង​ទាមទារ​អោយ​ដក​ចេញ​ច្បាប់​នេះ​ទាំងស្រុង ការបោះឆ្នោត​តាម​​បែប​ប្រជាធិបតេយ្យ និង​ការស៊ើបអង្កេត​លើ​ការប្រើ​កម្លាំង​របស់​ប៉ូលិស​៕​ដោយ​៖​វាសនា​

ភាគច្រើន​ជា​យុវជន ពាក់​ខ្មៅ បាតុករ​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រើ​វិធី​ការពារ​និង​ត​តប​ដោយ​ហិង្សា​ដាក់​ប៉ូលិស ដូច​ការប្រឆាំង​តវ៉ា​ចុងក្រោយៗ​នៅ​ហុងកុង​