ប៉ូលិស​ហូ​ឡង់​ ចាប់ខ្លួន​អ្នក​វាយប្រហារ​រថភ្លើង​ បន្ទាប់ពី​មាន​ការ​តាម​ចាប់​

472
ចែករម្លែក
  • 14
    Shares

​ប៉ូលិស​ហូ​ឡង់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​មីនា ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ដើមកំណើត​តួ​ក​គី​ម្នាក់​ ពី​បទ​វាយប្រហារ​ភេរវកម្ម​ទៅលើ​រថភ្លើង​មួយ​នៅ​ទីក្រុង​Utrecht ប្រទេស​ហូ​ឡង់​ ដោយ​​បណ្តាលឱ្យ​ស្លាប់​៣​នាក់​និង​រងរបួស​៥​នាក់​។​

​កាលពី​ពេលមុន​នេះ ប៉ូលិស​បាន​ស្វែងរក​តាម​ចាប់ខ្លួន បុរស​ឈ្មោះ Gokmen Tanis​អាយុ​៣៧​ឆ្នាំ ដែល​រូប​បុរស​នេះត្រូវបាន​ចេញ​ផ្សាយ​ហើយ​ប៉ូលិស​ព្រមាន​សាធារណជន​​កុំ​ទៅជិត​បុរស​នេះ​។

​ប៉ូលិស បាន​ឡោមព័ទ្ធ​អគារ​មួយ​បន្ទាប់​ពី​ការវាយប្រហារ​នៅ​ទីក្រុង​នេះ ហើយ​បុរស​នេះត្រូវបាន​ចាប់ខ្លួន ។​

​ក្រុម​អាជ្ញាធរ​ហូ​ឡង់ បាន​និយាយថា ពួកគេ​បាន​កំពុង​ធ្វើ​ការស៊ើបអង្កេត​នៅឡើយ​ទៅលើ​មូលហេតុ​ដែល​ទំនង​ជា​អំពើ​ភេរវកម្ម​ចំពោះ​ការវាយប្រហារ​នេះ ប៉ុន្តែ ពួកគេ​​មិន​អាច​ច្រានចោល​មូលហេតុ​ផ្សេងៗ​ទៀត ដោយ​រួមទាំង​ជម្លោះ​ក្នុង​គ្រួសារ​។​

​នាយករដ្ឋមន្ត្រី​ហូ​ង​ឡង់ លោក Mark Rutte បាន​និយាយថា វា​ជា​ការវាយប្រហារ​ភេរវកម្ម​ដែល​មិន​អាច​បដិសេធ​នោះទេ ដោយ​ប្តេជ្ញា​ថា ហូឡង់​នឹង​មិន​មាន​ការអត់​​ឱន​នោះទេ​។​

​កងកម្លាំង​សន្តិសុខ បាន​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​តាម​អាកាសយានដ្ឋាន​និង​វិហារ​អ៊ីស្លាម​បន្ទាប់​ពី​ការបាញ់ប្រហារ​នេះ​។

​ការបាញ់ប្រហារ​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃបុណ្ណោះ បន្ទាប់ពី​មនុស្ស​៥០​នាក់ ត្រូវបាន​សម្លាប់​នៅក្នុង​ការបាញ់ប្រហារ​ដោយ​បុរស​ជ្រុលនិយម​ម្នាក់​នៅ​វិហារ​អ៊ីស្លាម​នៅ​ប្រទេស​​នូវែ​លសេ​ឡង់​៕​ដោយ​៖​សុខា​/sn/Ha

ប៉ូលិសដើរពីមុខរថភ្លើងមួយជាទីដែលជនប្រដាប់អាវុធបានសម្លាប់
មនុស្ស៣នាក់និងរបួស៥នាក់