ប៉ូលិស​ហូ​ឡង់​ចាប់ខ្លួន​មនុស្ស​៧​នាក់ ទប់ស្កាត់​ទាន់​ការវាយប្រហារ​ភេរវកម្ម​ធំ​មួយ​

2835
ចែករម្លែក

ប៉ូលិសហូឡង់រឹបអូសយកបានកាំភ្លើងនិងគ្រឿងផ្ទុះ ព្រមទាំងចាប់ខ្លួនមនុស្ស៧នាក់ ដែលត្រូវបានសង្ស័យថាមានគំរោងផែនការវាយប្រហារភេរវកម្មមួយលើព្រឹត្តិការណ៍សាធារណៈដែលមានមនុស្សកុះករមួយ។

ប៉ូលិសប្រដាប់ដោយអាវុធពេញខ្លួន បានធ្វើការឆែកឆេររថយន្តនិងផ្ទះនៅក្នុងទីក្រុងអានហេមនិង វីអ៊ឺត ដោយបានបញ្ជូនទៅជាមួយក្រុមប្រើគ្រាប់បែកផ្សែងនិងហ្គាសដើម្បីបង្រ្កាបជនសង្ស័យដែលតដៃ។

ប៉ូលិសនៅមិនទាន់បញ្ជាក់គោលដៅវាយប្រហារ ដែលការិយាល័យរដ្ឋអាជ្ញាបាននិយាយថា អាចមានការប្រើកាំភ្លើងAKនិងការបំផ្ទុះគ្រាប់ក្នុងរថយន្តដោយសារតែពួកជនសង្ស័យបានស្វះស្វែងរកអោយបានកាំភ្លើងAKនិងវត្ថុធាតុផលិតគ្រាប់បែក។

រដ្ឋអាជ្ញានិងពួកអ្នកស៊ើបអង្កេតជឿថា ការវាយប្រហារភេរវកម្មមួយអាចត្រូវទប់ស្កាត់ទាន់ពេល ដោយសារតែការចាប់ខ្លួនខាងលើ ក្រោយប្រតិបត្តិការប៉ូលិសអស់ពេលមួយខែ។

ពួកអ្នកស៊ើបអង្កេតបានតាមដានមនុស្សមួយក្រុម ដោយផ្តោតលើបុរសដើមកំណើតអ៊ីរ៉ាក់អាយុ៣៤ឆ្នាំម្នាក់ដែលធ្លាប់ត្រូវបានចោទប្រកាន់នៅឆ្នាំ២០១៧ចំពោះការប៉ុនប៉ងចូលទៅកាន់ទឹកដីគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាម។ជនដែលត្រូវចាប់ខ្លួនមានអាយុពី២១ដល់៣៤ឆ្នាំ។

ជនសង្ស័យដែលមានកាំភ្លើងក្នុងពេលត្រូវចាប់ខ្លួន នឹងត្រូវនាំឡើងតុលាការនៅថ្ងៃសុក្រទី២៨កញ្ញា។បើតាមពួកអ្នកស៊ើបអង្កេត មនុស្សមួយក្រុមនេះ បានស្វះស្វែងរកកាំភ្លើងវែងAK-47 គ្រាប់បែក ខ្សែក្រវាត់ភ្ជាប់គ្រឿងផ្ទុះ និងវត្ថុធាតុផលិតគ្រាប់បែក៕ដោយ៖វាសនា

ប៉ូលិសហូឡង់ ឆែកឆេររថយន្ត ក្នុងផ្នែកនៃការស៊ើបអង្កេតនៅក្រុងអានហេម