ប៉ូលិស​អន្តរជាតិ​ចេញ​ដីកា​តាម​ចាប់ខ្លួន​រាជ​នី​គ្រឿងញៀន​វៀតណាម​

957
ចែករម្លែក

​ដីកាចាប់ខ្លួន​ជា​អន្ដរជាតិ​មួយ​ត្រូវ​បានចេញ​សម្រាប់​ចាប់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់ ដែល​គេ​និយាយថា​ជា​មេក្លោង​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​។ នេះ​បើ​យោងតាម​វេ​ប​សាយ​សារព័ត៌មាន vnexpress.net ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​១៨​កក្កដា​នេះ​។​

​ប៉ូលិស​វៀតណាម​និយាយថា ស្ត្រី​ឈ្មោះ វូ ហ័ង អូ​ញ (Vu Hoang Oanh) អាយុ ៦១ ឆ្នាំ គឺជា​មេក្លោង​ក្រុម​ជួញដូរ​ថ្នាំញៀន​ដ៏​ធំ​មួយ ដែល​ដឹកជញ្ជូន​គ្រឿងញៀន​ពី​កម្ពុជា​ទៅកាន់​ទីក្រុង​ហូជីមិញ​។​

​នៅពេលដែល​ក្រុម​ជួញដូរ​គ្រឿងញៀន​នេះ​ត្រូវបាន​បង្ក្រាប​កាលពី​ខែឧសភា ប៉ូលិស​រួមជាមួយ​កងកម្លាំង​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រោម​ចំណុះ​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​ឃាត់ខ្លួន​មនុស្ស ៧ នាក់​និង​រឹបអូស​ថ្នាំ​ហេ​រ៉ូ​អ៊ី​ន ៣៩ កញ្ចប់ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ៣០ គីឡូក្រាម និង ថ្នាំ​អិ​ក​ស្តា​ស៊ី ១០០.០០០​ស គ្រាប់​។​

​វូ ហ័ង អូ​ញ គ្រានោះ​បានគេច​ខ្លួន​ទៅ​ក្រៅប្រទេស​រួចទៅហើយ​។​

​មន្ត្រីប៉ូលិស​បាន​និយាយថា ស្ត្រី​ឈ្មោះ​អូ​ញ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​មនុស្ស​ល្បីឈ្មោះ​នៅក្នុង​ក្រុមសង្គមងងឹត​នៅ​កម្ពុជា ដែល​ស្ត្រី​នេះ​បាន​សហការ​ជាមួយ​ដើម្បី​ដឹកជញ្ជូន​គ្រឿងញៀន​ដ៏​ច្រើន​ទៅ​ទីក្រុង​ហូជីមិញ​តាមរយៈ​ច្រកព្រំដែន​នៅ​ខេត្ត​ឡុង​អាន​ក្នុង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ មុនពេល​ថ្នាំញៀន​ត្រូវបាន​ចែកចាយ​ទៅ​តំបន់​ផ្សេងៗ​ទៀត​។​

​ស្ត្រី​ម្នាក់នេះ​ក៏ត្រូវ​បាន​គេ​រកឃើញ​ផងដែរ​ថា​បាន​ជួល​ទីតាំង​ក្នុង​កាស៊ីណូ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ចម្ងាយ​តែ ១ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ជាមួយ​វៀតណាម ហើយ​បានរៀបចំ​សកម្មភាព​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ទីនោះ​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​អន្តរជាតិ​ចេញ​ដីកាចាប់ខ្លួន​ស្ត្រី​ឈ្មោះ វូ ហ័ង អូ​ញ ដែលជា​មេក្លោង​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅ​វៀតណាម