ប៉ូលិសបាននិយាយនៅថ្ងៃសុក្រទី២២ ខែវិច្ឆិកាថា ប៉ូលិសអន្តរជាតិបានធ្វើប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយដ៏ធំមួយប្រឆាំងការជួញដូរគ្រឿងញៀន ដោយបានទប់ស្កាត់គ្រឿងញៀនEcstasy រាប់លានគ្រាប់ មិនអោយត្រូវបានលួចនាំចូលប្រទេសអូស្ត្រាលី ខណៈដែលរដ្ឋមន្ត្រីមា្នក់បាននិយាយថាគ្រឿងញៀនទាំងនេះបម្រុងនឹងត្រូវនាំចូលដើម្បីលក់ចែកចាយទៅឱ្យក្រុមយុវជននៅថ្ងៃឈប់សម្រាក។
ក្រុមមន្ត្រីបាននិយាយថាប្រតិបត្តិការហូឡង់-អូស្ត្រាលីនេះ បានចាប់បានគ្រឿងញៀនMDMA ជាសារធាតុផ្សំនៅក្នុងគ្រឿងញៀន Ecstasy សរុបតម្លៃ២០០លានដុល្លារនៅប្រទេសហូឡង់ និងនៅប្រទេសបែលហ្ស៊ិកហើយបាននាំឱ្យមានការចោទប្រកាន់ប្រឆាំងមនុស្ស ១១ នាក់ដោយរួមទាំងស្ត្រីអូស្ត្រាលីម្នាក់ផងដែរ។
បូលិសអូស្ត្រាលីបាននិយាយថា បន្ទាប់ពីធ្វើការស៊ើបអង្កេតអស់ពេលមួយខែមកនោះ គ្រឿងញៀនMDMAជិត៧០០គីឡូក្រាមត្រូវបានស្ទាក់ចាប់បានកាលពីខែសីហានៅកំពង់ផែរ៉ត់ធឺដាំ នៅប្រទេសហូឡង់។
ប៉ូលិសបាននិយាយថា បន្ទាប់មកប៉ូលិសហូឡង់ បានចូលឆ្មក់ឆែកឆេរទីតាំងចំនួន១៥កន្លែងនៅប្រទេសហូឡង់និងនៅប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី៥ខែវិច្ឆិកា ដោយបានរកឃើញកន្លែងលួចផលិតគ្រឿងញៀនMDMA ចំនួន២កន្លែង និងរកឃើញសារធាតុផ្សំគ្រឿងញៀនចំនួន៥០តោន៕ដោយ៖សុខា/sn
ប៉ូលិសអូស្ត្រាលី នៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩បង្ហាញសារធាតុផ្សំគ្រឿងញៀនជាច្រើនដែលចាប់បាន