ប៉ូលិស​អូស្ត្រាលី​និង​ក្រុម​ជួយសង្គ្រោះ​៦​ប្រទេស​ទៀត​ចូលរួម​ប្រតិបត្តិការ​តាម​ស្វែងរក​ក្មេង​បាល់ទាត់​ថៃ​

1000
ចែករម្លែក

នាយប៉ូលិសសហព័ន្ធអូស្រ្តាលីបានទៅដល់ថៃកាលពីចុងសប្តាហ៍ដើម្បីជួយស្វែងរកក្មេងប្រុសនៃក្រុមបាល់ទាត់យុវជនមួយដែលបានជាប់ក្នុងល្អាងភ្នំមួយនៅភាគខាងជើងថៃអស់ពេលជាងមួយសប្តាហ៍មកហើយ។

សមាជិក៦នាក់នៃក្រុមឆ្លើយតបពិសេសដែលមានជំនាញខាងស្វែងរកនិងជួយសង្រ្គោះរួមទាំងមុជទឹកក្នុងល្អាងភ្នំ បានទៅដល់ល្អាងថាំលួង ឃុន ណាមណាង ណុនកាលពីថ្ងៃអាទិត្យទី០១កក្កដា។

ខាមេរ៉ុន ណូប នៅក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្រ្តាលី បាននិយាយថា”យើងមកទីនេះដើម្បីគាំទ្រប្រតិបត្តិការរបស់រដ្ឋាភិបាលថៃ។ប៉ូលិសទាំងនេះមានជំនាញមុជទឹកក្នុងល្អាង”។

ក្រុមអូស្រ្តាលីនេះចូលរួមជាមួយអ្នកឡើងភ្នំចិន៥នាក់ដែលបានមកដល់ថៃកាលពីមួយថ្ងៃពីរថ្ងៃមុន បន្ថែមលើទាហានអាមមេរិក៣២នាក់ អ្នកមុជទឹកអង់គ្លេស៣នាក់ និងអ្នកជំនាញខាងល្អាងភ្នំអង់គ្លេសម្នាក់ ព្រមទាំងក្រុមជួយសង្រ្គោះទៅពីជប៉ុន មីយ៉ាន់ម៉ានិងឡាវ។

ខណៈពេលវេលាស្វែងរកឃើញក្មេងរងគ្រោះ១២នាក់និងគ្រូរបស់គេម្នាក់នៅមានជីវិតកាន់តែខើច ប្រតិបត្តិការមុជទឹកតាមរកកាន់តែបង្កើនល្បឿននិងការស្វែងច្រកចូលល្អាងថ្មីដោយថ្មើរជើងនិងតាមឧទ្ធម្ភាគចក្រ រួមទាំងដ្រូនក៏ត្រូវបានធ្វើព្រមគ្នា។

ការស្វែងរកឈានចូលដល់ថ្ងៃទី៩ តែពួកអ្នកជួយសង្រ្គោះនៅតែមិនដឹងថាតើក្រុមបាត់ខ្លួននេះនៅត្រង់កន្លែងណាអោយច្បាស់ ក្នុងរូងភ្នំប្រវែង១០គីឡូម៉ែត្រ។

កាលពីថ្ងៃសៅរ៍ទី២៣មិថុនា ក្រុមបាល់ទាត់យុវជននេះបានចូលលេងក្នុងល្អាងក្រោយការហ្វឹកហាត់បាល់។ពួកគេមិនបានវិលទីផ្ទះវិញទេ ដោយស្បែកជើង សាក់កាដូនិងកង់ត្រូវបានគេប្រទះឃើញនៅមាត់រូង។ទឹកជំនន់ភ្លាមៗបង្កឡើងដោយភ្លៀងទំនងជាបានបិទផ្លូវមិនអោយពួកគេចេញពីរូង។

ការធ្លាក់ភ្លៀងជាប់មួយសប្តាហ៍បានរារាំងការងារជួយសង្រ្គោះដោយសារទឹកគិតតែហូរចូលល្អាងទោះជាអាជ្ញាធរប្រឹងបូមបាចចេញក្តី៕ដោយ៖វាសនា

ប៉ូលិសអូស្រ្តាលីបានទៅដល់ល្អាងថាំលួងកាលពីថ្ងៃអាទិត្យដើម្បីចូលរួមប្រតិបត្តិការតាមរកក្រុមក្មេងបាត់ខ្លួន