ប៉ូលិស​អេ​ស្ប៉ា​ញ​រារាំង​ការវាយប្រហារ​ទី​២​បន្ទាប់ពី​មនុស្ស​១៣​នាក់​ត្រូវបាន​សម្លាប់​នៅ​ទីក្រុង​បា​សេ​ឡូ​ណា

810
ចែករម្លែក

​ប៉ូលិស​អេ​ស្ប៉ា​ញ បាន​និយាយថា ពួកគេ​បានសម្លាប់​មនុស្ស​៥​នាក់ នៅ​ទីក្រុង​ខាំ​ប្រ៊ី​ល (Cambrils) កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៨​សីហា​នេះ​
​ដើម្បី​រារាំង​ការវាយប្រហារ​ដោយ​បើករថយន្ត​បុក​មនុស្ស​ជា​លើក​ទី​២ បន្ទាប់ពី កាលពី​ពេលមុន មានការ​វាយប្រហារ​មួយ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ។​

​ប៉ូលិស​បាន​និយាយថា ក្រុម​អ្នក​វាយប្រហារ​នោះ មាន​គ្រឿងផ្ទុះ​នៅជាប់​ខ្លួន ។​

​មនុស្ស​ចំនួន​១៣​នាក់ បាន​ស្លាប់ និង មនុស្ស​រាប់សិប​នា​ន់ បាន​រងរបួស នៅពេលដែល រថយន្ត​មួយ​បាន​បើក​បំ​បុក​ចូល​ហ្វូងមនុស្ស​នៅ​តំបន់ ឡាស រ៉ាំ​ប្លា​ស់ (Las Ramblas) នៅ​ទីក្រុង​បា​សេ​ឡូ​ណា កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ អ្នកបើករថយន្ត​នោះ បាន​រត់គេចខ្លួន ។​

​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ លោក ម៉ា​រី​យ៉ា​ណូ រ៉ា​ច​យ (Mariano Rajoy) បាន​និយាយថា ” វា​ជាការ​វាយប្រហារ​របស់​ក្រុម​ជី​ហាដ​”​។​

​នៅ​ទីក្រុង​ខាំ​ប្រ៊ី​ល កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ មនុស្ស​៧​នាក់ ដែល​រួមទាំង​មន្ត្រីប៉ូលិស​ម្នាក់ បាន​រងរបួស​នៅពេល​រថយន្ត​មួយ​បាន​បើក​បុក​ចូល​មនុស្ស​មួយក្រុម ។

​សារព័ត៌មាន​អេ​ស្ប៉ា​ញ បាន​រាយការណ៍​ថា រថយន្ត​របស់​ក្រុម​អ្នក​វាយប្រហារ​នៅ​ទីក្រុង​ខាំ​ប្រ៊ី​ល បាន​បើក​ក្រឡាប់ ហើយ​នៅពេលដែល​ក្រុម​បុរស​នៅក្នុង​រថយន្ត​នោះ បាន​ចេញពី​រថយន្ត​នោះ ពួកគេ​ត្រូវបាន​បាញ់​ជាច្រើន​គ្រាប់​ដោយ​ប៉ូលិស​នៅពេលនោះ​។ ប៉ូលិស​បាន​និយាយថា ឥឡូវនេះ​ស្ថានភាព​នៅ​ទីក្រុង​ខាំ​ប្រ៊ី​ល​ត្រូវ​បានដាក់​នៅក្រោម​ការគ្រប់គ្រង​៕ ដោយ៖ សុខា

​ប៉ូលិស ពិនិត្យមើល​រថយន្ត​ដែល​ប្រើ​ក្នុងការ​វាយប្រហារ​នៅ​ទីក្រុង​ខាំ​ប្រ៊ី​ល កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ