ប៉ូលិស​ឥណ្ឌូនេស៊ី​ចាប់​ជនជាតិ​រុស្ស៊ី​ម្នាក់ បម្រុង​រត់ពន្ធ​សត្វ​ស្វា​ត្រូវ​ថ្នាំ​សណ្តំ​មួយ​ក្បាល​

272
ចែករម្លែក
  • 6
    Shares

ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​២៣​មីនា​នេះ​ថា អ្នកទេសចរ​រុស្ស៊ី​ម្នាក់ ដែល​ព្យាយាម​រត់ពន្ធ​ស្វា​ត្រូវ​ថ្នាំ​សណ្តំ​មួយ​ក្បាល​ចេញពី​ឥណ្ឌូនេស៊ី​នៅក្នុង​វ៉ាលិស​របស់គាត់​ដើម្បី​នាំយកទៅ​រុស្ស៊ី​ទុក​ធ្វើជា​សត្វ​ចិញ្ចឹម​នោះ ត្រូវបាន​ចាប់ខ្លួន​នៅ​កោះ​បាលី​។​

​លោក​អង់​ឌ្រេ ហ្សេ​សកូវ (Andrei Zhestkov) ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​ដេ​ន​ប៉ា​សា (Denpasar) កាលពី​ថ្ងៃ​សុក្រ​ទី​២២​មីនា ខណៈ​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​សន្តិសុខ មុនពេល​ជើងហោះហើរ​ដែល​គ្រោងទុក​ត្រឡប់​ទៅ​រុស្ស៊ី​វិញ​។​

​ក្រុមមន្ត្រី​ដែល​សង្ស័យ​បាន​ឃាត់ខ្លួន​បុរស​នេះ ហើយ​បើក​វ៉ាលិស​របស់គាត់​មើល​ក៏​ឃើញ​ស្វា​ឈ្មោល​អាយុ ២ ឆ្នាំ​មួយ​ក្បាល​កំពុង​ដេក​នៅក្នុង​ហិប​ផ្តៅ​មួយ​។​

​មន្ត្រី​របស់​ទីភ្នាក់ងារ​អភិរក្ស​សត្វព្រៃ​នៃ​កោះ​បាលី លោក ម៉ា​បា​វ៉ា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​សៅរ៍​ថា “​យើង​ជឿថា​ស្វា​ត្រូវបាន​បញ្ច្រកថ្នាំ​អា​ឡែ​ស៊ី ដែល​ធ្វើឱ្យ​វា​ដេកលក់​។ យើង​បាន​រកឃើញ​ថ្នាំ​នេះ​នៅក្នុង​វ៉ាលិស​”​។​

​លោក​បាន​បន្ថែមថា “(​ហ្សេ​សកូវ​) ហាក់​កំពុង​ត្រៀមខ្លួន ដូចជា​គាត់​កំពុង​ដឹក​ទារក​អ៊ីចឹង​”​។​

​លោក​ម៉ា​បា​វ៉ា​បាន​និយាយថា បុរស​រុស្ស៊ី​អាយុ ២៧ ឆ្នាំ​រូបនេះ​ក៏បាន​ដាក់​ម្សៅ​ទឹកដោះគោ​កូនក្មេង​និង​ភួយ​សម្រាប់​ស្វា​ផងដែរ​។​

​ប៉ូលិស​ក៏បាន​រកឃើញ​តុកកែ​រស់​ពីរ​ក្បាល​និង​បង្គួ​យ​រស់​ប្រាំ​ក្បាល​នៅក្នុង​វ៉ាលិស​ផងដែរ​។​

​លោក​ហ្សេ​សកូវ​បាន​ប្រាប់​អាជ្ញាធរ​ថា​ប្រភេទ​សត្វ​អភិរក្ស​ទាំងអស់នេះ​ត្រូវបាន​ផ្តល់​ជា​កាដូ​ដោយ​មិត្តភក្តិ​របស់គាត់​ដែលជា​អ្នកទេសចរ​រុស្ស៊ី​ម្នាក់ទៀត ដែល​បាន​ទិញ​វា​សរុប​ក្នុងតម្លៃ ៣.០០០ ដុល្លារ​ពី​ផ្សារ​តាម​ដងផ្លូវ​នៅ​ខេត្ត​ជ្វា​។​

​គាត់​អះអាងថា មិត្តភក្តិ​របស់គាត់ ដែល​បាន​ចាក​ចេញពី​ឥណ្ឌូនេស៊ី​ហើយ​នោះ បាន​ប្រាប់​គាត់​ថា គាត់​អាច​យក​សត្វ​ស្វា​នេះ​ទៅ​ស្រុក​បាន​សម្រាប់​ធ្វើជា​សត្វ​ចិញ្ចឹម​។

​លោក​ម៉ា​បា​វ៉ា​និយាយថា បុរស​រុស្ស៊ី​រូបនេះ​អាច​ប្រឈម​ជាប់គុក​៥​ឆ្នាំ និង​ពិន័យ ៧.០០០ ដុល្លារ​សម្រាប់​ការជួញដូរ​សត្វព្រៃ​៕ ដោយ៖ កញ្ញាដាលីស

លោក​អង់​ឌ្រេ ហ្សេ​សកូវ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​ស្វា​មួយ​ក្បាល បង្គួ​យ​ប្រាំ​ក្បាល​និង​តុកកែ​២​ក្បាល
លោក​អង់​ឌ្រេ ហ្សេ​សកូវ ត្រូវបាន​ចាប់ខ្លួន​ជាមួយ​ស្វា​មួយ​ក្បាល បង្គួ​យ​ប្រាំ​ក្បាល​និង​តុកកែ​២​ក្បាល