ប៉ូលិស​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​រាប់រយ​នាក់​ដែល​ជាប់ទាក់ទង​នឹង​ភ្លើង​ឆេះ​ព្រៃ​

170
ចែករម្លែក

​ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែកញ្ញា​នេះ​ថា​ពួកគេ​បាន​ចាប់ខ្លួន​ចំនួន​មនុស្ស​២៣០ នាក់​ពី​បទ​សង្ស័យ​ថា​បាន​ដុត​ព្រៃ​ដែល​កំពុង​ឆេះ​រាលដាល​បង្ក​​ផ្សែង​អ័ព្ទ​ដែល​ធ្វើ​ប៉ះពាល់​សុខភាព​នៅ​ទូទាំង​តំបន់​ដ៏​ធំ​នៃ​អាស៊ីអាគ្នេយ៍​។​

​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ លោក​Dedi Prasetyo​បាន​និយាយថា ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​គឺ​មាន​បុរស​៣​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​ខណៈ​ព្យាយាម​ដុត​​ព្រៃ​ដើម្បី​ឈូសឆាយ​ដី​ដើម្បី​ដាំ​ដំណាំ​នៅ​ឧទ្យាន​ជាតិ​Tesso Nilo ដែល​ជា​កន្លែង​មាន​សត្វ​ដំរីព្រៃ​ដែល​ជិត​ផុត​ពូជ ជិត​១៤០ ក្បាល​។​

​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​អាច​ត្រូវបាន​ផ្តន្ទាទោស​ក្រោម​ច្បាប់​ការពារ​បរិស្ថាន​ដែល​ប្រឈម​ការកាត់ទោស​ឱ្យ​ជាប់គុក​១០ ឆ្នាំ​ពី​បទ​ដុត​ព្រៃ​។​

​ភ្លើង​ឆេះ​ព្រៃ​ឥណ្ឌូនេស៊ី​គឺជា​បញ្ហា​ដែល​កើតឡើង​រាល់​ឆ្នាំ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ទំនាក់ទំនង​នៃ​បណ្តា​ប្រទេសជិតខាង​។

​ផ្សែង​អ័ព្ទ​ពុល​ចេញពី​អណ្តាតភ្លើង​ដុត​ព្រៃ​នេះ​បាន​គ្របដណ្តប់​លើ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី សិង្ហបូរី ម៉ាឡេស៊ី​និង​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។​ភាព​ងងឹត​មើល​មិនឃើញ​ដែល​​បណ្តាល​មកពី​ផ្សែង​បាន​បណ្តាលឱ្យ​ពន្យារពេល​នៃ​ជើងហោះហើរ​នៅតាម​ព្រលានយន្តហោះ​ជាច្រើន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​ហើយ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​បិទ​សាលា​​រៀន​ជាច្រើន​នៅ​តំបន់​ផ្នែក​ខ្លះ​នៃ​ប្រទេស​ទាំង​២​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុម​អ្នក​បង្កើត​ពពក​ភ្លៀង រៀបចំ​សារធាតុ​ដែល​បង្កើត​ពពក​ទឹកភ្លៀង​នៅ​ម៉ាឡេស៊ី ដើម្បី​បំបាត់​ផ្សែង​អ័ព្ទ​បែបនេះ​