ប៉ូលិស​ឥណ្ឌូនេស៊ី​ប្រើ​ពស់​ដើម្ប​បំភ័យ​បុរស​សង្ស័យ​ជា​ចោរ​ក្នុងពេល​សួរចម្លើយ​(វីដេអូ)

472
ចែករម្លែក
  • 47
    Shares

​ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​សុំ​ទោស​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​កុម្ភៈ​ចំពោះ​ការប្រើ​ពស់​មួយ​ដើម្បី​បំភ័យ​បុរស​សង្ស័យ​ជា​ចោរ​ម្នាក់ បន្ទាប់ពី​រូប​ភាព​នៃ​ការសួរចម្លើយ​ដោយ​ប្រើ​ពស់​នេះ​បាន​លេចឡើង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​ក្រុមន្ត្រី​នៅក្នុង​វីដេអូ​នេះ បាន​សើច​នៅពេល អ្នក​សួរ​ចម្លើយ​ម្នាក់ បាន​យក​ពស់​នេះ​ដាក់​រុំ​ក​និង​ខ្លួន​របស់​បុរស​ដែល​ជាប់​ខ្នោះដៃ​នេះ ដោយ​ធ្វើឱ្យ​គាត់​ស្រែក​ដោយ​ការភ័យខ្លាច នៅ​តំបន់​ប៉ា​ពួរ ប្រទេស​ឥណ្ឌូនេស៊ី​។​

​ជនសង្ស័យ​នេះ ត្រូវបាន​គេ​ជឿ​ថា​បាន​លួច​ទូរស័ព្ទដៃ​។​

​មេ​ប៉ូលិស​ក្នុង​តំបន់​បាន​និយាយថា វា​មិន​មាន​លក្ខណៈ​វិជ្ជាជីវៈ​ទេ ប៉ុន្តែ​បាន​និយាយ​ការពារ​ការអនុវត្ត​នេះ​ដោយ​និយាយ​ថា​ពស់​នេះ​គឺជា​ពស់​សាំង គ្មាន​ពិស​ទេ​។​

​លោក Tonny Ananda Swadaya មេ​ប៉ូលិស​នេះ បាន​និយាយថា​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ” យើង​បាន​ចាត់វិធានការ​តឹងតែង​ប្រឆាំងនឹង​បុគ្គល​ជា​មន្ត្រី​សួរចម្លើយ​នោះ​” តែ​ថា​មន្ត្រី​ទាំងនោះ​មិន​បាន​វាយ​ធ្វើបាប​បុរស​នោះទេ​។​

​លោក​បាន​និយាយថា​ពួកគេ​បាន​ធ្វើ​ដោយ​គំនិត​ផ្ទាល់​របស់​ពួកគេ​ដើម្បី​ទទួលបាន​ការសារភាព​ពី​ជនសង្ស័យ​នោះ​។​

​មេធាវី​ការពារ​សិទ្ធិមនុស្ស លោក Veronica Koman​បាន​និយាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​អំពី​វីដេអូ​នៃ​ព្រឹត្តិការណ៍​នេះ ដោយ​អះអាង​ថា ថ្មីៗ​នេះ​ប៉ូលិស​បាន​ដាក់​សកម្មជន​គាំទ្រ​ឯករាជ្យ​តំបន់​ប៉ា​ពួរ ម្នាក់ នៅក្នុង​បន្ទាប់​គុក​ជាមួយ​ពស់​មួយ​។​សំឡេង​មួយ​នៅក្នុង​ខ្សែ​វីដេអូ​នោះ​ស្រែក​គំរាមកំហែង​ដាក់​ពស់​នោះ​នៅក្នុង​មាត់​និង​នៅក្នុង​ខោ​របស់គាត់​។​

​របាយការណ៍​នៃ​ការរំលោភ​សិទិ្ធមនុស្ស​ពី​តំបន់​ប៉ា​ពួរ គឺ​កើតមាន​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ជា​កន្លែង​ដែល​ក្រុម​បំបែក​ខ្លួន​បាន​ស្វែងរក​ឯករាជ្យ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ជា​យូរ​មក​ហើយ​។​

​តំបន់​សម្បូរ​ធនធាន​នេះ មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ប៉ាពួ​អាស៊ី​នូវែល​ហ្គី​ណេ​និង​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ឆ្នាំ​១៩៦៩ ៕ដោយ៖សុខា/sn

នៅក្នុង​វីដេអូ​នេះ អ្នក​សួរ​ចម្លើយ​ម្នាក់ បាន​យក​ពស់​នេះ​ដាក់​រុំ​ក​និង​ខ្លួន​របស់​បុរស​ដែល​ជាប់​ខ្នោះដៃ​នេះ ដោយ​ធ្វើឱ្យ​គាត់​ស្រែក​ដោយ​ការភ័យខ្លាច