ប៉ូលិស​ឥណ្ឌូនេស៊ី​ស្វែងរក​ចាប់​ពួក​អ្នក​ទោស​មក​វិញ​បន្ទាប់​ពី​ពន្ធនាគារ​មួយ​ត្រូវបាន​ដុត​

231
ចែករម្លែក

​ប៉ូលិស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​អង្គារ​ទី​២០​ខែស៊ី​ហា​នេះ​បាន​តាមរក​ចាប់​ពួក​អ្នកទោស​ជាង​២៥០​នាក់​មក​វិញ ដែល​បាន​រត់គេចខ្លួន​ចេញពី​គុក​មួយ​នៅ​ខេត្ត​ប៉ាពួ​(Papua) ដែល​ត្រូវ​​បាន​ដុត​ឆេះ​មួយ​ថ្ងៃមុន​នេះ អំឡុង​ពេល​មាន​ចលាចល​ស៊ីវិល​នៅ​ទីក្រុង​នានា​នៅ​ទូទាំង​តំបន់​ភាគ​ខាងកើត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ​។​

​គុក​នៅ​ទីក្រុង​កំពង់ផែ​Sorong នេះ​បាន​ក្លាយជា​គោលដៅ​វាយប្រហារ​ក្នុងអំឡុង​មាន​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​អះអាង​ថា​មាន​ការរំលោភបំពាន​ប្រកាន់​ជាតិ​សាសន៍​​និង​ការធ្វើ​បាប​ជនជាតិ​ប៉ាពួ​ដែល​សិក្សា​រៀនសូត្រ​នៅ​ឯ​កន្លែង​ផ្សេង​ទៀតៗ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។​

​លោក Ade Kusmanto អ្នកនាំពាក្យ​នៃ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​កែប្រែ​នៅ​ក្រសួង​ច្បាប់​និង​សិទ្ធិ​មនុស្ស​បាន​និយាយថា​ក្រុមអ្នកតវ៉ា​បាន​វាយប្រហារ​គុក​នេះ នៅក្នុង​ចំណោម​​អគារ​ដទៃទៀត​។ បន្ទាប់ពី​បាន​ដុត​ការិយាល័យ​រដ្ឋាភិបាល​ក្នុង​តំបន់​មក ក្រុមអ្នកតវ៉ា បាន​ដើរ​ទៅកាន់​គុក​នោះ ហើយ​បាន​ចោល​ដុំថ្ម​លើ​គុក​នោះ ដោយ​បណ្តាល​ឱ្យ​ពួក​អ្នក​​ទោស​រត់ចេញ​។ លោក​បាន​បន្ថែម​ថា​មន្ត្រី​សន្តិសុខ​គុក​ម្នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​ចលាចល​នេះ​។​

​មន្ត្រី​នេះ​បាន​និយាយថា ក្នុងចំណោម​អ្នកទោស​ទាំងអស់​៥៤៧​នាក់​នៅក្នុង​គុក​នេះ អ្នកទោស​២៥៨​នាក់​បាន​រត់​គេច​រួច ប៉ុន្តែ អ្នកទោស​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​មកវិញ​។​

​ប្រជាជន​ប៉ាពួ​រាប់ពាន់​នាក់​បាន​ធ្វើកា​រត​វ៉ានៅ​តាម​ផ្លូវ​នានា​នៃ​ទីក្រុង​Sorong ទីក្រុង​Manokwari និង​ទីក្រុង​Jayapura កាលពី​ថ្ងៃ​ចន្ទ ដោយ​បិទផ្លូវ និង​បាន​ធ្វើឱ្យ​ខូច​​ខាត​អាកាសយានដ្ឋាន និង​ដុត​សាលាក្រុង​។​

​ការតវ៉ា​នេះ​ត្រូវ​បាន​បង្កឡើង​ដោយ​ការចាប់​ឃុំឃាំង​និស្សិត​ជនជាតិ​ប៉ាពួ​ច្រើន​នាក់​នៅ​ទីក្រុង​Surabaya នៅ​ខេត្ត​East Java បន្ទាប់​ពី​មាន​ការចោទប្រកាន់​ថា​ពួកគេ​មិន​បាន​​គោរព​ទង់ជាតិ​ឥណ្ឌូនេស៊ី​ក្នុងអំឡុងពេល​ប្រារព្ធ​ទិវា​ឯករាជ្យ​កាលពី​ថ្ងៃ​សៅរ៍​។​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​នៅ​មុនពេល​ចាប់ខ្លួន​និស្សិត​ចំនួន ៤៣ នាក់​។​

​អភិបាលខេត្ត​ប៉ាពួ លោក Lukas Enembe បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រជាជន​ប៉ាពួ​មានការ​ខឹងសម្បា​រ​ដោយសារតែ​”​ពាក្យ​ប្រកាន់​ជាតិ​សាសន៍​ជ្រុលនិយម​”​ដែល​ត្រូវបាន​​ប្រើ​ដោយ ប្រជាជន ប៉ូលិស និង​យោធា​នៅ​ខេត្ត​East Java ។​

​ចលនា​បំបែក​ខ្លួន​បាន​ធ្វើ​សកម្មភាព​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​នៅក្នុង​តំបន់​ប៉ាពួ​ដែល​សម្បូ​ដោយ​ធនធានធម្មជាតិ ដែល​ជា​កន្លែង​មានការ​តវ៉ា​ជា​ញឹកញាប់​ចំពោះ​​ការរំលោភ​សិទ្ធិ​ពី​សំណាក់​កងសន្តិសុខ​ឥណ្ឌូនេស៊ី​៕​ប្រែ​សម្រួល​៖​សុខា​/sn

ពួក​អ្នក​តវ៉ា ដុត​កង់ឡាន ក្នុងអំឡុងពេល​ធ្វើការ​តវ៉ា​នៅ​ផ្លូវ​មួយ​នៅ​ទីក្រុង​Manokwari ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ចន្ទ

#