ប៉ូលិស​៣​ពាន់​នាក់​កំពុង​តាម​ប្រមាញ់​មេចោរ​ប្លន់​ធនាគារ​ដែល​បើក​ឧទ្ធម្ភាគចក្រ​គេចខ្លួន​ពី​គុក​

3478
ចែករម្លែក

ឧក្រិដ្ឋជន​ក្រុមបងធំ​ម្នាក់​បាន​ប្រើ​ស្ទីល​ដូច​ក្នុង​ខ្សែភាពយន្ត​ដោយ​ធ្វើការ​គេចខ្លួន​ចេញពី​គុក​លើក​ទី​២ កាលពីថ្ងៃអាទិត្យទី០១កក្កដា តែ​ម្តងនេះ​កាន់តែ​ល្បី​ជាង​មុន​គឺ​ជិះ​ឧទ្ធម្ភាគចក្រ​គេចចេញ​​ពី​ពន្ធនាគារ​តែម្តង​។​មាន​ព័ត៌​មាន​​ថា​ពួក​ទុច្ចរិត​បាន​ចូលមក​ស៊ើប​ការ​ជិតៗ​គុក​ដោយ​ប្រើ​ដ្រូ​ន​អស់​ពេល​រាប់​ខែ មុន​ប្រើ​ជន​សមគំនិត​ក្លែង​ជា​ប៉ូលិស​សំរុកចូល​គុក​។​

​រ៉េ​ដូ​អ៊ី​ន ហ្វេ​ត​(Redoine Faid )​អាយុ​៤៦​ឆ្នាំ ដែល​ត្រូវបាន​គេ​រក​ចាប់ខ្លួន​បំផុត​នៅ​បារាំង​ចំពោះ​ការរត់​ចេញពី​គុក​នៅ​សង្កាត់​ខាងត្បូង​ក្រុងប៉ារីស​ដោយមាន​ជំនួយ​​ពី​អ្នកសមគំនិត​ក្នុង​ប្រតិបត្តិការ​មួយ​ដែល​ប្រើពេល​តែ​១០​នាទី​។​ពួកគេ​ប្រើ​គ្រាប់​ផ្សែង​និង​ប្រដាប់​កាត់​ដែក​ដើម្បី​រារាំង​ឆ្មាំ​គុក​ក្នុង​បន្ទប់ទទួលភ្ញៀវ​របស់​គុក កន្លែង​ដែល​Redoine Faid​កំពុង​ជួប​ជាមួយ​ភ្ញៀវ​ម្នាក់​។​

​ក្នុង​វីដេអូ​ថត​ក្នុង​ពន្ធនាគារ គេ​ឮ​អ្នកទោស​ស្រែក​ហ៊ោរ​ខណៈ​ឆ្នាំ​គុក​រត់​ហើយ​ឧទ្ធម្ភាគចក្រ​មួយ​ហោះ​ពីលើ​។​

​ឥឡូវ ការតាមប្រមាញ់​ដ៏​ធំ​មួយ​ដោយមាន​ការចូលរួម​ពី​ប៉ូលិស​ជិត​៣.០០០​នាក់​ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំងប្រទេស​បារាំង​។​រដ្ឋមន្ត្រី​យុត្តិធម៌​បារាំង​ដែល​បាន​ទៅដល់​ពន្ធ​​នាគារ​កាលពី​យប់​ថ្ងៃ​ចន្ទ បាន​និយាយថា​ដ្រូ​ន​ដូច​កុម្មង់​ដូ​ប្រើ​ត្រូវបាន​គេ​ប្រទះឃើញ​ជា​ញឹកញាប់​នៅ​ជុំវិញ​គុក​មុន​ការរត់​គេចខ្លួន​នេះ​។​

​វា​ជា​លើក​ទី​២​ដែល​Faid​បាន​រត់​ចេញពី​ពន្ធនាគារ ។​នៅ​ឆ្នាំ​២០១៣ គាត់​បាន​បំផ្ទុះ​ទ្វារ​គុក​រត់​ចេញពី​ពន្ធនាគារ​មួយ​នៅ​បារាំង​ខាងជើង ដោយ​ប្រើ​រំសេវ​ផ្ទុះ​។​តែ​បុរស​នេះ​ត្រូវ​​បាន​ចាប់ខ្លួន​មកវិញ​នៅ​៦​សប្តាហ៍​ក្រោយ​។​

​ឧទ្ធម្ភាគចក្រ​ចុះចត​ក្នុង​បរិវេណ​គុក​តែម្តង​។​តែ​ឆ្មាំ​គុក​មិន​ហ៊ាន​បាញ់​ទេ​ដោយ​ខ្លាច​វា​ធ្លា​ក់លើ​អាគារ​ពន្ធនាគារ ម្យ៉ាង​អ្នកបើក​ជា​ស៊ីវិល​ដែល​ត្រូវ​ពួក​សមគំនិត​ចាប់បង្ខំ​អោយ​​បើក​ចូល​គុក​និង​ដឹក​អ្នកទោស​គេចខ្លួន​។​ក្រោយ​ឧទ្ធម្ភាគចក្រ​ចុះ​បុរស​ឈុតខ្មៅ​ពីរ​នាក់​ប្រដាប់​ដោយ​កាំភ្លើង​បាន​គប់​គ្រាប់​បែកផ្សែង​ដើម្បី​បំបាំង​ផ្លូវ​ហើយ​សំរុកចូល​បន្ទប់​​ទទួលភ្ញៀវ​ប្រចាំ​ពន្ធនាគារ ។​ឆ្មាំ​គុក​ដែល​គ្មាន​អាវុធ​បាន​រត់​យករួចខ្លួន​និង​បានប្រកាស​អាសន្ន​។​

​ប្រភពព័ត៌មាន​បាន​និយាយថា​មាន​អ្នកសមគំនិត​៣​នាក់​។​ពួកគេ​កាន់​កាំភ្លើង​AK​និង​ពាក់​ប្រឡង់​ដៃ​ប៉ូលិស​និង​សំដៅ​ទៅកាន់​បន្ទប់ទទួលភ្ញៀវ​ហើយ​ទាមទារ​អោយ​ដោះ​​លែង​Faid​។​បន្ទាប់មក ឧទ្ធម្ភាគចក្រ​បាន​ចុះ​ក្នុង​បរ​វេណ​គុក​Garges-lès-Gonesse​និង​ដឹក​អ្នកទោស​លួច​រត់​ចេញទៅ​។​

​ពួក​ជន​សមគំនិត​ទំនងជា​បាន​ប្រើ​រថយន្ត​មួយ​ដែល​ក្រោយមក​ត្រូវបាន​គេ​ឃើញ​ចត​ចោល​នៅ​កន្លែង​ចត​នៃ​ផ្សារ​មួយ​។​

​ការរត់​គេ​ខ្លួន​នេះ​កើតឡើង​បន្ទាប់ពី​តុលាការ​ឧទ្ធរណ៍​មួយ​កាលពី​ខែមេសា​បាន​កាត់ទោស​Faid​អោយ​ជាប់គុក​២៥​ឆ្នាំ​ចំពោះ​ការធ្វើជា​មេក្លោង​នៃ​ការ​ប្លន់​ប្រដាប់អាវុធ​មួយ​​នៅ​ឆ្នាំ​២០១០​ដែល​បានសម្លាប់​ប៉ូលិស​ម្នាក់​។​បុរស​នេះ​ជាប់គុក​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១១​ចំពោះ​ការរំលោភ​លក្ខខណ្ឌ​នៅក្រៅ​ឃុំ​ចំពោះ​ទោស​ប្លន់​ធនាគារ​ពីរលើក​​និង​ការ​ប្លន់​លុយ​ចេញពី​រថយន្ត​ដឹក​លុយ​។​

​នៅក្នុង​ការរត់​ចេញពី​គុក​នៅ​ឆ្នាំ​២០១៣ Faid​បាន​ប្រើ​កាំភ្លើងខ្លី​ចាប់​ឆ្មាំ​គុក​៤​នាក់​ធ្វើជា​ចំណាប់ខ្មាំង​មួយរយៈ​ពេល​ខ្លី​មុន​គេចខ្លួន​តាម​រថយន្ត​ដែល​នៅ​រង់ចាំ​មួយ​។​បុរស​​នេះ​ត្រូវបាន​ចាប់ខ្លួនបាន​មកវិញ​នៅ​៦​សប្តាហ៍​ក្រោយមក​នៅ​សណ្ឋាគារ​មួយ​៕ដោយ:វាសនា

​រូបភាព​បង្ហាញ​សមាជិក​ក្រុម​ឧក្រិដ្ឋជន​បារាំង​ម្នាក់​គេចខ្លួន​ចេញពី​គុក​តាម​ឧទ្ធម្ភាគចក្រ​ក្រោយពី​មាន​ព័ត៌មាន​ពួក​ទុច្ចរិត​បាន​ចូលមក​ស៊ើប​ការ​ជិតៗ​គុក​ដោយ​ប្រើ​ដ្រូ​ន​​អស់​ពេល​រាប់​ខែ​ជាមុន​

​បារាំង​សង្ស័យ​Faid​អាច​ក្លែងខ្លួន​ជា​ជនជាតិ​ជ្វី​ហ្វ​អ័​រ​ថូ​ដុក​និង​ធ្វើដំណើរ​ទៅ​អ៊ីស្រាអែល ដោ​យ​កន្លងមក​បុរស​នេះ​បានបង្ហាញ​បំណង​ចង់ទៅ​រស់នៅ​ទីនោះ​និង​ចេះ​ភាសា​​ហេ​ប្រ៊ូ​វ​

​ប៉ូលិស​ពិនិត្យ​រថយន្ត​ចត​ចោល​ដែល​គេ​សង្ស័យថា​ប្រើ​ដោយ​ជន​សមគំនិត​ក្នុង​ការរត់​ចេញពី​គុក​នេះ​