ប៉ូលិស​៦​នាក់​ត្រូវគេ​បាញ់​របួស ខណៈ​ខ្មាន់កាំភ្លើង​ដើរ​បាញ់​សេរី​នៅ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ

207
ចែករម្លែក

​យ៉ាងហោចណាស់ មន្ត្រីប៉ូលិស​នៅ​ទីក្រុង​ហ្វីឡ​ឡា​ដែល​ហ្វៀ​ចំនួន ៦ នាក់​ត្រូវគេ​បាញ់​នៅ​តំបន់​ភាគ​ខាងជើង​ក្រុង​កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​១៤​សីហា​នៅក្នុង​អ្វី ដែល​ក្រុមមន្ត្រី​ហៅថា “​សមរភូមិ​កាំភ្លើង​ដ៏​សកម្ម​” ដោយ​ញ៉ាំងឱ្យមាន​ការឆ្លើយតប​យ៉ាងខ្លាំង​ពី​សំណាក់​ប៉ូលិស​។​

​ស្នងការ​ប៉ូលិស​លោក​រី​ឆាត រ៉ូ​សបាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​សន្និសីទ​ខ្លី​មួយ​ថា មន្ត្រី ៦ នាក់​បាន​រងរបួស​ដោ​យ​ការបាញ់​កាំភ្លើង “​នៅលើ​ផ្នែក​ផ្សេងៗ​នៃ​ដងខ្លួន​ពួកគេ​”​។ មន្ត្រី​ម្នាក់ទៀត​បាន​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រួមជាមួយ​អ្នក​ថ្មើរជើង​ម្នាក់​។ គ្មាន​នរណាម្នាក់​រងរ​បួស​ដល់​អាយុជីវិត​ទេ​។ បន្ទាប់ពី​រងរបួស​ម​ន្ត្រី​ទី ៦ នៅ​កន្លែងកើតហេតុ ប៉ូលិស​បាន​ព្យាយាម​ចរចា​ជាមួយ​ជន​បាញ់ប្រហារ​ម្នាក់ “​ដោយ​ទទូច​ឱ្យ​រូបគេ​ចុះចាញ់​និង​បញ្ចៀស​ការរង​របួស​ប​ន្ថែ​ម​ទៀត​”​។​

​មន្ត្រី ៣ នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មជ្ឍមណ្ឌល​វេជ្ជសាស្ត្រ​អា​ញ​ស្តា​ញ និង ៣ នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ថេ​ម​ផល​នៅក្បែរនោះ​។ លោក ជី​ម កេ​ណ្ណី​ឌី អភិបាលក្រុង​ហ្វី​ឡា​ដែល​ហ្វៀ និង​រដ្ឋអាជ្ញា​ក្រុង​លោក​ឡា​រី ក្រា​ស្ន័​រ បាន​ទៅដល់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​បុរស​រងរបួស​បានមក​ដល់​។​

​ទូរទស្សន៍ NBC10 បាន​រាយការណ៍​ថា យ៉ាងហោចណាស់​មាន​ជន​សង្ស័យ​ម្នាក់​កំពុងស្ថិត​នៅក្នុង​ការឃុំ​ឃាំង​របស់​ប៉ូលិស ហើយ​មន្ត្រី​កំពុង​បន្ត​ស្រាវជ្រាវ​រក​ខ្មាន់កាំភ្លើង​ទី ២​។ សារព័ត៌មាន Fox 29 បាន​រាយការណ៍​ថា “​ការបាញ់ប្រហារ​នៅតែ​បន្ត​នៅ​កន្លែងកើតហេតុ​” ហើយ​សារព័ត៌មាន​នេះ​បាន​ផ្សាយ​ថា មន្ត្រី​ប្រឆាំង​គ្រឿងញៀន​ពីរ​នាក់ “​កំពុង​ជាប់​នៅ​ខាង​ក្នុងផ្ទះ​ជាមួយ​ខ្មាន់កាំភ្លើង​ម្នាក់​”​។ មន្ត្រី​ម្នាក់​បាន​រត់គេចខ្លួន​រួច ប៉ុន្តែ​លោក​រ៉ូ​ស​និយាយថា ប៉ូលិស​បារម្ភ​ថា ស្ថានភាព​ចំណាប់ខ្មាំង​ប្រហែលជា​បានកើត​ឡើង​។​

​លោកស្នងការ​រ៉ូ​សបាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ខណៈដែល​មន្ត្រី​នៃ​កងកម្លាំង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បំពេញការងារ​តាម​ដីកាចាប់ខ្លួន ពួកគេ​បាន​បំភ័យ​ជនសង្ស័យ​ជាច្រើន​នាក់​ឱ្យរ​ត់ទៅ​ជាន់​ខាងលើ​និង​ខ្មាន់កាំភ្លើង​ម្នា​ក់នៅ​ជាន់​ក្រោម​បាន​បាញ់​ទៅលើ​ពួកគេ​ដោយ​ប្រើ​កាំភ្លើង AK-47​។​

​មន្ត្រីប៉ូលិស​ម្នាក់​បាន​ស្រែក​តាម​វិទ្យុទាក់ទង​នៅ​ម៉ោង ៤​និង​៣០ នាទី​ល្ងាច​ថា “​ក្រុមមន្ត្រី​សូម​អំពាវនាវ​ឱ្យមាន​អ្វីៗ​ទាំងអស់ ដែល​អ្នកមាន​។ ក្រុមប៉ូលិស​ពិសេស និង​អាវុធ​វែង​ផង​។ ខ្ញុំ​មាន​មន្ត្រី​ម្នាក់​ត្រូវគេ​បាញ់​ហើយ​”​។

​ប៉ូលិស​បាន​ឆ្លើយតប​ជាមួយ​កងកម្លាំង​យ៉ាងច្រើន​សម្បើម ដោយ​បិទ​ចរាចរណ៍​នៅ​តំបន់​ណៃ​ថោ​ន​ថយ​ហ្គា ក្បែរ​សាកលវិទ្យាល័យ​ថេ​ម​ផល​។ ការ​បង្ខាំង​ផ្លូវ​ត្រូវបាន​ដកចេញ​វិញ​នៅ​ម៉ោង​៧​និង​៤០​នាទី​យប់​៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស​ក្រុង​ហ្វី​ឡា​ដែល​ហ្វៀ ៦ នាក់​រងរបួស​ពី​ការបាញ់ប្រហារ​ដោយ​សេរី​កាលពី​ថ្ងៃ​ពុធ