ប៉ូលិស តាម​បង្ក្រាប​បទល្មើស តែ​ចុងក្រោយ បែរជា​ប៉ូលិស​បង្ក្រាប​ប៉ូលិស​វិញ​!

421
ចែករម្លែក
  • 1
    Share

​ភ្នំពេញ​៖ ប៉ូលិស ៥​នាក់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ផ្កាយ​មួយ បម្រើការ​នៅ​គណៈ ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ត្រូវបាន​ប៉ូលិស​កងកម្លាំង​តម្រួត​បទបញ្ជា ប្រដាប់​ដោយ​កាំភ្លើង អាកា​ស្វ័យ​បត់​គ្រប់​ដៃ បាន​ចាប់​ក្រៀក ចាប់​អូស​ញាត់​ឡាន ទាំង​កណ្តាលថ្ងៃត្រង់​។ ហេតុការណ៍ ប៉ូលិស​ចាប់​បង្ក្រាប​ប៉ូលិស​នេះ បានកើត​ឡើង នៅ​ដើម​មហាវិថី​ហាណូយ ជិត​ស្ពាន​អាកាស ផ្សារ​ដី​ហុយ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ការចាប់​ប៉ូលិស​ទាំង ៥​នាក់ នៅ​អង្គភាព​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានធ្វើ​ឡើង ខណៈដែល​ពួកគេ ជិះឡាន តាម​បង្ក្រាប​រថយន្ត​ដឹក​បារី​ក្លែងក្លាយ​មួយគ្រឿង​។ សកម្មភាព​ដេញ បង្ក្រាប​ឡាន​ដឹក​បារី​ក្លែងក្លាយ​នេះ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខា ធិ​ការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ អះអាងថា មានការ​ឯកភាព ពី​ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ លោក ងិន ពេជ្រ​។
​ ​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា បាន​លើកឡើងថា កម្លាំង​នគរបាល ដែល​ត្រូវបាន​ឃាត់ខ្លួន ទាំង​៥​នាក់ បាន​ជិះឡាន ដេញតាម​ឡាន​ដឹក​បារី​១​គ្រឿង រហូត​ទៅដល់​ឃ្លាំង​ស្តុក​ទំនិញ​ដ៏​ធំ​មួយ នៅលើ​មហាវិថី​ហាណូយ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយក៏​ត្រូវបាន​ប៉ូលិស កងកម្លាំង​តម្រួត​បទបញ្ជា ចាប់​ញាត់​ឡាន​តែម្តង​។
​ ​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា បាន​ប្រាប់​អ្នកកាសែត​ថា ក្រោយ​ការឃាត់ខ្លួន នាំ​ចេញពី​ឃ្លាំង​ស្តុក​ទំនិញ ដែល​សង្ស័យថា ជា​ទំនិញ​ខុសច្បាប់​នោះ ក្រុមប៉ូលិស​ទាំង ៥​នាក់ ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើការ​សម្របសម្រួល ហើយ​អនុញ្ញាត​ឲ្យ​ប៉ូលិស​ទាំងនោះ ត្រឡប់ទៅផ្ទះ​វិញ ដោយ​គ្មាន​ការឃុំខ្លួន​ឡើយ​។​

​ការចាប់​នាំខ្លួន​មន្ត្រីប៉ូលិស​ចំនួន​៥​នាក់ ដោយ​ប៉ូលិស​តម្រួត​បទបញ្ជា ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ដូច​ចាប់​ចោរប្លន់ កាលពី​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ នៅលើ​មហាវិថី​ហាណូយ ជិត​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ គឺ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ចំណែក បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​យក​វីដេអូ និង​រូបភាព​នៃ​ការចាប់​ក្រៀក​ប៉ូលិស​ផ្កាយ​មួយ រុញ​បញ្ចូល​ក្នុង​ឡាន​យកទៅ​បង្ហោះ​ចែកចាយ និង​ធ្វើការ​អត្ថាធិប្បាយ​ផ្សេងៗ​គ្នា​។ អ្នកខ្លះ​ថា សូម្បីតែ​ផ្កាយ​មួយ ក៏ត្រូវ​ចាប់ខ្លួន តើ​ម្ចាស់​ឃ្លាំង ឬក៏​រោងចក្រ​ផលិត​បារី គ្មាន​លើក​ស្លាក​យីហោ នោះ មិនដឹង​ជា​ផ្កាយ​ប៉ុន្មាន​ទេ​។​
​ ​
យ៉ាងណាក៏ដោយ ការចាប់ខ្លួន ញាត់​ចូល​ឡាន​លើ​មន្ដ្រីនគរបាល ៥​រូប ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ត្រី ផ្កាយ​១ អមដោយ​មន្ដ្រីនគរបាល ពាក់​ស័ក្ដិ​៣ និង​ស័ក្ដិ​៤ មកពី​គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) នៃ​ក្រសួងមហាផ្ទៃ ត្រូវបាន​ប៉ូលិស​តម្រួត​បទបញ្ជា ចាប់​ញាត់ ឡាន ដោយ​សំអាងថា ប៉ូលិស​ទាំង ៥​នាក់ ចុះទៅ​ឆែក​ទំនិញ​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​នេះ គ្មាន​បទបញ្ជា ពី​ថ្នាក់លើ គ្មាន​ការដឹកនាំ​ពី​ព្រះរាជអាជ្ញា និង​ពុំបាន​សុំ​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​។​

​យ៉ាងណាក៏ដោយ ការចាប់ខ្លួន​ប៉ូលិស​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ទាំង ៥​នាក់​នេះ ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា ជា​ទំនាស់​ផលប្រយោជន៍ រវាង​ប៉ូលិស​សេដ្ឋកិច្ច ដែល​កាង​ឃ្លាំង​ស្តុក​ទំនិញ​ដ៏​ធំ​របស់​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៅក្នុង​ខណ្ឌ​សែន​សុខ ជាមួយនឹង​ក្រុមប៉ូលិស​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​។ ឧកញ៉ា​នោះ ក៏មាន​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ឯក ផ្កាយ​បី ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​ថែមទៀត​។​
​ ​
ដូច្នេះហើយ បានជា​ក្រុមប៉ូលិស​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា មិនអាច​ចូល​ឆែក ត្រួតពិនិត្យ​ទំនិញ ពិសេស​បារី ដែល​សង្ស័យថា ជា​ផលិតផល ក្លែងក្លាយ​មួយ​ឡាន ទើប​ដឹក​ចូល​ឃ្លាំង​ដ៏​ធំ​នោះបានទេ​។​ ​
​ ​
មិន​ត្រឹមតែ​មិនអាច​ចូល​ឆែក​ឃ្លាំង​ស្តុក​ទំនិញ ឬក៏​រោងចក្រ​នោះបានទេ តែ​ប៉ូលិស​ប្រឆាំង​ផលិត ផល​ក្លែងក្លាយ ថែមទាំង​ត្រូវ​ចាប់​ក្រៀក ញាត់​ចូល​ឡាន​ថែម​ទៀតផង​។
​ ​
វិធានការ​ប៉ូលិស​បង្ក្រាប​ប៉ូលិស ដោយសារតែ​ឥទ្ធិពល​របស់​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ខ្លាំង ដែល​មិនដឹងថា មាន​ខ្នង​ធំ​យ៉ាងណា​នោះ ហាក់ដូចជា ការបន្ត​ឲ្យ​បទល្មើស នៅតែ​កើតមាន​។ រីឯ​ប៉ូលិស​បង្ក្រាប​បទល្មើស ក៏​ហាក់ដូចជា​បាក់ស្បាត តែ​ក៏​ជាការ​បង្កើន​ការប្រុងប្រយ័ត្ន​ជាង​មុន គឺ​មុននឹង​ចុះបង្ក្រាប​បទល្មើស​អ្វីមួយ ត្រូវ​ប្រមូល​ព័ត៌មាន​ឲ្យ​ជុំ ឲ្យ​ច្បាស់​ការណ៍​ថា មាន​បទ ល្មើស​មែន​អត់​? មាន​កិច្ចសហការ​ពី​តុលាការ និង​អាជ្ញាធរ​មូលដ្ឋាន ហើយ​ឬ​នៅ​? ហើយ សំខាន់​ជាងនេះទៅទៀត គឺ​ប៉ូលិស​ត្រូវ​ដឹងថា ម្ចាស់​ទំនិញ ម្ចាស់​ឃ្លាំងទំនិញ ឬក៏​ម្ចាស់​រោងចក្រ ជា​នរណា ហើយ​តើ​មាន​កងកម្លាំង អ្នកធំ ឧកញ៉ា​ណា ជា​អ្នក​នៅ​ពីក្រោយ​ផងដែរ​? ។​
​ ​
បើសិនជា​កងកម្លាំង​ប្រឆាំង​បទល្មើស ប្រមូលបាន​ជុំ​នូវ​រាល់​ព័ត៌មាន​ខាងលើ​ទាំង​នេះនោះ​ប្រតិបត្តិ ការបង្ក្រាប​បទល្មើស នឹង​អាច​ធ្វើបាន ហើយក៏​មិនត្រូវ​កងកម្លាំងប្រដាប់អាវុធ ចាប់​បង្ក្រាប នៅពេល​ខ្លួន កំពុង​ប្រតិបត្តិការ តាម​បង្ក្រាប​បទល្មើស​ដូច​ករណី​ប៉ូលិស ៥​រូប នៅ​អង្គភាព ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ខាងលើ​នេះឡើយ​៕ ដោយ​: ម៉េង​ឆៃ​