ប៉ូលិស ៖ ចំនួន​អ្នកស្លាប់​កើនឡើង ៨ នាក់ បន្ទាប់ពី​ព្យុះ​នៅ​ភ្នំ​អាល់​របស់​ស្វី​ស​

1100
ចែករម្លែក

​ប៉ូលិស​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១​ឧសភា​ថា មនុស្ស​ទី​៦​បាន​ស្លាប់ បន្ទាប់ពី​ក្រុម​អ្នកជិះ​ស្គី ១៤ នាក់​ជាប់​ក្នុង​ព្យុះ ក្រោយពី​សាកសព​អ្នក​ឡើង​ភ្នំ​២​នាក់ ត្រូវបាន​រកឃើញ​នៅ​កន្លែង​ផ្សេងទៀត​នៅ​ភ្នំ​អាល់​របស់​ស្វី​ស​។​

​ប៉ូលិស​នៅ​ទីក្រុង​វ៉ា​ឡា​អ៊ី​ស​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ “​មនុស្ស​ទី​៦​បាន​ស្លាប់​។ សាកសព​គឺ​ស្ត្រី​ប៊ុលហ្គារី​អាយុ ៥២ ឆ្នាំ​”​។​

​អាកាសធាតុ​អាក្រក់​នៅ​តំបន់​ភីង​ដេ​អា​រ៉ូ​ល​ឡា នៃ​ភ្នំ​អាល់​របស់​ស្វី​ស កាលពី​ថ្ងៃអាទិត្យ​បាន​វាយប្រហារ​ចំ​ក្រុម​អ្នកជិះ​ស្គី​ទាំង ១៤ នាក់​យ៉ាង​ភ្ញាក់ផ្អើល​។

​ក្រុម​អ្នកជិះ​ស្គី​នេះ​បាន​ចាក​ចេញពីផ្ទះ​សំណាក់​លើ​កំពូលភ្នំ​នៅ​ចំណុច​ឌិ​ច និង​មានបំណង​ធ្វើដំណើរ​ទៅ​តំបន់​វី​កណេ​ត​តេស ដើម្បី​គេង និង​ដើរ​កម្សាន្ត​តាមផ្លូវ​មួយ​ហៅថា The Serpentine​។

​ប៉ូលិស​និយាយថា អ្នកគ្រប់គ្រង​ផ្ទះសំណាក់​លើ​កំពូលភ្នំ​បាន​តេ​សុំ​ជំនួយ​បន្ទាន់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ដោយ​ញ៉ាំងឱ្យមាន​ប្រ​ត្តិ​ការសង្គ្រោះ​បន្ទាន់ ដែលមាន​ឧទ្ធម្ភាគចក្រ ៧ គ្រឿង​ចូលរួម​។

​ប៉ូលិស​និយាយថា បុរស​អ៊ីតាលី​អាយុ ៥៩ ឆ្នាំ ដែលជា​មគ្គុទេសក៍​រប​ស់​ក្រុម​អ្នកជិះ​ស្គី ឃើញ​ស្លាប់​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ព្យុះ​បោកបក់​។​

​ជនជាតិ​អ៊ីតាលី ៤ នាក់​ទៀត មាន​ប្តី​ប្រពន្ធ​អាយុ ៤៥ និង ៥៣ ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ចន្ទ​។​

​មនុស្ស​៣​នាក់​ទៀត មាន​បុរស​ស្វី​ស​អាយុ ៧២ ឆ្នាំ ស្ត្រី​បារាំង​អាយុ ៥៦ ឆ្នាំ និង ស្ត្រី​អ៊ីតាលី​អាយុ ៤៣ ឆ្នាំ កំពុងស្ថិត​ក្នុងស្ថានភាព​របួស​ធ្ងន់ធ្ងរ ក្នុងនោះ​មាន​ម្នាក់​ត្រូវបាន​ចាត់ទុកជា​ករណី​ជិត​ស្លាប់​។

​ក្រុម​អ្នកជិះ​ស្គី​ផ្សេងទៀត​គ្រាន់តែ​រង​នូវ​អា​ការៈខ្វះ​កម្តៅ​តិចតួច​ប៉ុណ្ណោះ​។​

​ប៉ូលិស​និយាយថា គ្រួសារ​ទាំងអស់​ត្រូវបាន​ជូនដំណឹង​អំពី​សោកនាដកម្ម​នេះ​អស់ហើយ​៕ ដោយ៖ កញ្ញាដាលីស

ភ្នំ​អាល់​របស់​ស្វី​ស