ប៉ូលីសម្រេចមិនបញ្ជូនជនល្មើសទៅធ្វើត្រាប់នៅកន្លែងកើតហេតុទេ ព្រោះប្រជាពលរដ្ឋជិតមួយពាន់នាក់រងចាំស្វាគមន៍

482
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួនណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុបានប្រាប់បណ្តាញផ្សព្វផ្សាយក្នុងស្រុកនាព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩នេះថា «នៅពេលនេះសមត្ថកិច្ចរបស់យើង សម្រេចដោយមិនបញ្ជូនជនសង្ស័យទៅធ្វើត្រាប់នៅកន្លែងកើតហេតុនោះឡើយ ដោយសារតែនៅទីនោះ មានប្រជាជនពី៥ ទៅ៦០០នាក់ នឹងបន្ដមកថែមទៀតរង់ចាំ ដូច្នេះពួកគាត់អាចផ្ទុះកំហឹងខ្លាំង ឈានដល់ការវាយសម្លាប់ជនសង្ស័យ នឹងអាចប៉ះពារជាមួយកងកម្លាំងសមត្ថកិច្ចយើងទៀតផង»។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងរង់ចាំមើលមុខជនដៃដល់ទាំងអស់ នៅក្នុងដៃខ្លះក៏មានកាន់ដំបង ហើយខ្លះក៏មានកាន់ដុំថ្មផងដែរ ដោយពួកគាត់អះអាងថា នឹងវាយជនដៃដល់ដើម្បីបញ្ចេញកំហឹងជូនក្រុមគ្រួសារ ក៏ដូចជាជនរងគ្រោះទាំងពីរនាក់បងប្អូន ដែលបានស្លាប់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានលោកសួរនាំផ្ទាល់ និងត្រៀមកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ចម្លើយសារភាពបឋមរបស់ឃាតកសម្លាប់ក្មេងទាំងពីរនាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចអះអាងថា ផ្ដើមចេញពីគ្រឿងញៀន និងស្រា ដែលជននេះបានសេពរហូត ប្រព្រឹត្តអំពើឃាតកម្មដ៏ព្រៃផ្សៃមួយនេះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មុនពេលកើតហេតុជនដៃដល់រូបនេះ អង្គុយផឹកស្រាស នៅផ្ទះបានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួន ជាស្ដ្រីមេម៉ាយកូន ៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម។ ដោយសារតែប្រពន្ធទៅយូរពេក ខ្លួនបានបន្ដផឹកស្រារហូតដល់មួយលីត្រកន្លះ រួចក៏ដើរទៅតាមប្រពន្ធស្រាប់តែឃើញ ក្មេងរងគ្រោះទាំងពីរនាក់ នៅក្នុងផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភ ហើយឈានទៅដល់ការសម្លាប់តែម្ដង។

សូមបញ្ជាក់ថា ជនដៃដល់ដែលសម្លាប់ក្មេង ២នាក់បងប្អូន ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់។

ជនដៃដល់ឈ្មោះ មាង វិចិត្រ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅរសៀលថ្ងៃម្សិលមិញ នៅស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង។

កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ កន្លះបានស្លាប់នៅកន្លែងកើតហេតុ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ដោយអំពើរំលោភសម្លាប់ កាលពីថ្ងៃទី២៩ខែឩសភាឆ្នាំ២០១៩ ស្ថិតក្នុងភូមិគគីឃុំបឹតត្រាំង ស្រុកព្រៃនប់ខត្តព្រះសីហនុ៕B/

#