ប៉េកាំង​គាំទ្រ​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ បន្ទាប់ពី “​សកម្មភាព​ខុសច្បាប់​” នៅ​ហុងកុង​

398
ចែករម្លែក

រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី​២​កក្កដា​បាន​ថ្កោលទោស​ការ​លុកលុយ​ចូល​ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​ហុងកុង​ហើយ​បាន​និយាយថា​ខ្លួន​គាំទ្រ​អាជ្ញាធរ​ក្រុង​ហុងកុង​ដើម្បី​ស៊ើបអង្កេត “​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​ជនល្មើស​ហិង្សា​”​។​

​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពាក់កណ្តាល​ស្វយ័ត​នេះ​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​ដោយ​ការធ្វើ​បាតុកម្ម​ធំ​ជាច្រើន​សប្ដាហ៍​ជុំវិញ​សេចក្តីព្រាងច្បាប់​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យធ្វើ​បត្យាប័ន​ទៅ​ចិនដីគោក​។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ​ដែលជា​ខួប​លើក​ទី​២២​នៃ​ការប្រគល់​ទីក្រុង​ហុងកុង​ឱ្យទៅ​ប្រទេស​ចិន​វិញ​នោះ កំហឹង​បាន​ផ្ទុះឡើង ខណៈ​ក្រុមយុវជន​ភាគច្រើន​ជា​បាតុករ​ក្បាលរឹង បាន​សម្រុក​ចូលក្នុងរ​ដ្ឋ​សភា កន្លែង​ដែល​ពួកគេ​ព្យួរ​ទង់ជាតិ​សម័យ​អាណានិគម​របស់​ហុងកុង និង​បាន​បន្សល់ទុក​ការ​គូរ​ក្រវេមក្រវាម​នូវ​ពាក្យពេចន៍​ប្រឆាំង​ទីក្រុង​ប៉េកាំង​។​

​ទីក្រុង​ហុងកុង​និង​ការិយាល័យ​កិច្ចការ​ផ្ទៃក្នុង​ម៉ា​កាវ​នៃ​ក្រុមប្រឹក្សារដ្ឋ​និង​គណៈរដ្ឋមន្ត្រី​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​តាមរយៈ​អ្នកនាំពាក្យ​មិន​បញ្ចេញ​ឈ្មោះ​យ៉ាង​ដូច្នេះ​ថា “​សកម្មភាព​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​នេះ​បាន​ជាន់ឈ្លី​នីតិរដ្ឋ​របស់​ហុងកុង បំផ្លាញ​សណ្ដាប់ធ្នាប់​របស់​ហុងកុង និង ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ហុងកុង​”​។​

​អ្នកនាំពាក្យ​រូបនោះ​បាន​និយាយថា “​វា​គឺជា​ជំទាស់​យ៉ាងច្បាស់​ក្រឡែត​ចំពោះ​នយោបាយ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​។ យើង​បង្ហាញ​ពី​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​រឿងនេះ​”​។​

​ក្រោម​លក្ខខណ្ឌ​នៃ​ការប្រគល់​ហុងកុង​នៅ​ឆ្នាំ ១៩៩៧ រវាង​មហាអំណាច​អាណានិគម​អង់គ្លេស​ទៅ​ចិន ទីក្រុង​ហុងកុង​គឺ​ត្រូវ​គ្រប់គ្រង​ក្រោម​ច្បាប់​របស់​ចិន ជាមួយ​សិទ្ធិ​ពិសេស​ជាច្រើន​រួមមាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​និង​ប្រព័ន្ធតុលាការ​ឯករាជ្យ​រហូត​ដល់​ឆ្នាំ ២០៤៧​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ប៉េកាំង​គាំទ្រ​យ៉ាងខ្លាំង​ដល់​រដ្ឋាភិបាល​ហុងកុង​និង​ប៉ូលិស​។​

​រដ្ឋាភិបាលកណ្តាល​ចិន “​ក៏​គាំទ្រ​ដល់ទី​ភ្នាក់ងារ​ពាក់ព័ន្ធ​នៃ​តំបន់​រដ្ឋបាល​ពិសេស​ក្រុង​ហុងកុង​ផងដែរ​ដើម្បី​ស៊ើបអង្កេត​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ​របស់​ជនល្មើស​ហិង្សា ដែល​អនុ​ឡោម​តាមច្បាប់ ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​សង្គម​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ការពារ​ភាពរុងរឿង​និង​ស្ថិរភាព​ហុងកុង​”៕ ដោយ៖ កញ្ញាដាលីស

បាតុករ​សម្រុកចូល​វិមាន​សភា​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ
#