ប៉េកាំង​បញ្ជូន​នាវាចម្បាំង​និង​យន្តហោះ​ទៅ​ព្រមាន​នាវា​ពិឃាដ​អាមេរិក​នៅក្បែរ​ប្រជុំ​កោះ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

1393

​ប្រទេស​ចិន​បាន​បញ្ជូន​នាវាចម្បាំង​បំពាក់​មី​ស៊ី​ល​បញ្ជា​នាំ​ផ្លូវ​មួយគ្រឿង យន្តហោះ​ចម្បាំង​ពីរ​គ្រឿង និង​ឧទ្ធម្ភាគចក្រ​មួយគ្រឿង ដើម្បី​ព្រមាន​នាវា​ពិឃាដ USS Chafee របស់​អាមេរិក​នៅក្បែរ​ប្រជុំ​កោះ​ដែលមាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ចោទប្រកាន់​អាមេរិក​ថា​បំផ្លាញ​អធិបតេយ្យភាព​និង​ផលប្រយោជន៍​សន្តិសុខ​នៅក្នុង​តំបន់​។ នេះ​បើតាម​ប្រភពព័ត៌មាន RT របស់​រុស្ស៊ី​ចេញផ្សាយ​ថ្ងៃ​ពុធ ទី​១១ តុលា​។​

នាវាចម្បាំង “Huangshan” បំពាក់​មី​ស៊ី​ល​បញ្ជា​នាំ​ផ្លូវ​ប្រភេទ 54A របស់​ចិន

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ថ្កោលទោស​ចំពោះ​បេសកកម្ម​របស់​នាវា​ពិឃាដ​បំពាក់​មី​ស៊ី​លប​ញ្ជា​នាំ​ផ្លូវ USS Chafee របស់​អាមេរិក ដែល​កាលពី​ថ្ងៃ​អង្គារ​ទី​១០​តុលា​បាន​បើកបរ​ក្នុង​ចម្ងាយ ៣០ គីឡូម៉ែត្រ​ពី​ប្រជុំ​កោះ​ផា​រ៉ា​សែ​ល​ដែលមាន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅក្នុង​ក្របខណ្ឌ​នៃ​ប្រតិបត្តិការ​ដើម្បី “​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” ។​

​ក្រសួងការពារជាតិ​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅពេល​ប្រឈមមុខ​នឹង​ការ​បង្កហេតុ​ម្តង​ហើយ​ម្តងទៀត​ដោយ​កងកម្លាំង​សហរដ្ឋអាមេរិក យោធា​ចិន​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ការរៀបចំ​សម្រាប់​ប្រយុទ្ធ​នៅ​សមុទ្រ​និង​លើ​អាកាស​ហើយនឹង​លើកកម្ពស់​ខឿន​ការពារជាតិ​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​និង​ផលប្រយោជន៍​សន្តិសុខ​” ។ នេះ​បើតាម​ប្រភព​សារព័ត៌មាន South China Morning Post ។​

​នាវាចម្បាំង​ឈ្មោះ “Huangshan” បំពាក់​មី​ស៊ី​ល​បញ្ជា​នាំ​ផ្លូវ​ប្រភេទ 54A មួយគ្រឿង យន្តហោះ​ចម្បាំង​ប្រភេទ J-11B ចំនួន​ពីរ​គ្រឿង និង​ឧទ្ធម្ភាគចក្រ Z-8 មួយគ្រឿង​ត្រូវបាន​បញ្ជូន​ដើម្បី​កំណត់​អត្តសញ្ញាណ​នាវា​អាមេរិក​និង​ធ្វើឱ្យ​នាវា​នោះ​ចាក​ចេញពី​ដែនទឹក​។​

​ក្រសួង​បាន​និយាយថា ឧបទ្ទវហេតុ​ជាមួយ​នាវា​ពិឃាដ USS Chafee នឹង​ប៉ះពាល់​ដល់​ការទុកចិត្ត​គ្នា​រវាង​កងទ័ព​របស់​ប្រទេស​ទាំងពីរ ដោយ​បន្ថែមថា​ប្រតិបត្តិការ​បន្ថែមទៀត​នៃ​ច​រឹត​បែបនេះ អាច​បង្កឱ្យមាន “​ឧបទ្ទវ​ហេតុដែល​មិន​ចង់បាន​” ។​

​ក្រសួងការបរទេស​ចិន​ក៏បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​គោរព “​អធិបតេយ្យភាព​និង​សន្តិសុខ​” របស់​ប្រទេស​ចិន និង​បញ្ឈប់ “​ទង្វើ​ដែលមាន​កំហុសឆ្គង​” នេះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

នាវា​ពិឃាដ​បំពាក់​មី​ស៊ី​លប​ញ្ជា​នាំ​ផ្លូវ USS Chafee របស់​អាមេរិក